ព័ត៌មានអន្ដរជាតិ
គ្រាន់តែគិតចង់ចាប់ខ្លួនលោក Netanyahu សោះ, អាមេរិក ស្រាប់តែអនុម័តសំណើច្បាប់ដាក់ទណ្ឌកម្ម ICC
តាមសេចក្តីរាយការណ៍របស់ BBC កាលពីថ្ងៃអង្គារទី៤ខែមិថុនា, សភាតំណាងរាស្រ្តអាមេរិក បានបោះឆ្នោតលើសេចក្តីព្រាងច្បាប់ ដាក់ទោសតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) គ្រាន់តែតុលាការនេះ គិតចង់ចោទប្រកាន់មេដឹកនាំអ៊ីស្រាអែលពីឧក្រិដ្ឋកម្មសង្រ្គាម នៅក្នុងតំបន់ហ្គាហ្សា ប៉ុណ្ណោះ។

រដ្ឋអាជ្ញា ICC លោក Karim Khan ចង់ចេញសាលដីកា ចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu និងរដ្ឋមន្ត្រីការពារជាតិ Yoav Gallant ព្រមទាំងមេដឹកនាំកំពូល៣រូប នៃក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស ប៉ុន្តែតុលាការនេះ មិនទាន់បានអនុម័តអ្វីនៅឡើយទេ។
ជុំវិញបញ្ហានេះ ប្រធានសភាតំណាងរាស្រ្តអាមេរិកលោក Mike Johnson ខាងគណបក្សសាធារណរដ្ឋ បាននិយាយថា “គំនិត ICC ចង់ចេញដីកាចាប់ខ្លួននាយករដ្ឋមន្ត្រីអ៊ីស្រាអែល និងរដ្ឋមន្ត្រីការពារជាតិ ទាំងដែលពួកគេកំពុងប្រយុទ្ធដើម្បីអត្ថិភាពប្រទេសរបស់ខ្លួន ប្រឆាំងនឹងអំពើអាក្រក់របស់ក្រុមហាម៉ាសតំណាងរបស់អ៊ីរ៉ង់នោះ គឺយើងមិនយល់ស្របឡើយ។ ដូចដែលខ្ញុំធ្លាប់និយាយកាលពីពីរសប្តាហ៍មុនអ៊ីចឹង, ICC ត្រូវតែទទួលទោសចំពោះសកម្មភាពនេះ”។

សំណើច្បាប់ខាងលើ ត្រូវបានអនុម័តដោយសំឡេងគាំទ្រ២៤៧ ទល់នឹង១៥៥សំឡេង ដោយក្នុងនោះសមាជិកគណបក្សសាធារណរដ្ឋទាំងអស់សុទ្ធតែបោះឆ្នោតគាំទ្រ ខណៈខាងប្រជាធិបតេយ្យគាំទ្រចំនួន៤២សំឡេង។ អ្នកប្រជាធិបតេយ្យផ្សេងទៀត មិនបោះឆ្នោតគាំទ្រឡើយ ព្រោះតែនេះជាសំណើច្បាប់ដែលលើកឡើងដោយគណបក្សសាធារណរដ្ឋ។
ត្បិតសេចក្តីព្រាងនេះ ត្រូវបានអនុម័តនៅក្នុងសភាតំណាងរាស្រ្តក៏ពិតមែន ប៉ុន្តែវាមិនត្រូវបានគេរំពឹងថានឹងក្លាយជាច្បាប់ពេញលេញនោះទេ ព្រោះអ្នកប្រជាធិបតេយ្យនៅព្រឹទ្ធសភាទំនងជាជំទាស់ ហើយលោកប្រធានាធិបតី ចូ បៃដិន ក៏ប្រហែលជាមិនចុះហត្ថលេខាឲ្យដែរ។

បើតាមសំណើច្បាប់នេះ សហរដ្ឋអាមេរិក នឹងដាក់ទណ្ឌកម្មលើការធ្វើដំណើរនិងហិរញ្ញវត្ថុប្រឆាំងមន្ត្រី ICC ដោយហាមមិនឲ្យចូលសហរដ្ឋអាមេរិក, ដកហូតទិដ្ឋាការដែលកាន់កាប់ដោយមន្ត្រី ICC និងដាក់កម្រិតពួកគេមិនឲ្យធ្វើប្រតិបត្តិការអចលនទ្រព្យនៅក្នុងសហរដ្ឋអាមេរិក។
ទោះបីជាយ៉ាងណាក៏ដោយ អ្នកប្រជាធិបតេយ្យមួយចំនួនបានព្រមានថា ទណ្ឌកម្មបែបនេះ អាចប៉ះពាល់ដល់សម្ព័ន្ធមិត្តរបស់ទីក្រុងវ៉ាស៊ីនតោនខ្លះ ដែលផ្តល់សច្ចាប័នលើលក្ខន្តិកៈទីក្រុងរ៉ូម និងទទួលយកយុត្តាធិការរបស់ ICC ខុសពីសហរដ្ឋអាមេរិក។

សូមបញ្ជាក់ថា ប្រសិនបើ ICC ចេញដីកាចាប់ខ្លួនលោក Netanyahu មែននោះ ក៏នាយករដ្ឋមន្ត្រីអ៊ីស្រាអែលរូបនេះ ទំនងជាមិនត្រូវបាននាំទៅទីក្រុងឡាអេ ដើម្បីប្រឈមមុខនឹងការកាត់ក្តីដែរ ព្រោះថា អ៊ីស្រាអែលក៏ដូចជាសហរដ្ឋអាមេរិក រុស្ស៊ី និងចិន គឺមិនមែនជាភាគីនៃលក្ខន្តិកៈទីក្រុងរ៉ូមឡើយ ហើយមិនទទួលស្គាល់យុត្តាធិការរបស់តុលាការនេះទេ។
យ៉ាងណាក្តី ដីកាអាចដាក់លោក Netanyahu ឲ្យប្រឈមនឹងការចាប់ខ្លួន ប្រសិនបើគាត់ធ្វើដំណើរទៅកាន់ប្រទេសណាមួយក្នុងចំណោមរដ្ឋជាសមាជិកទាំង១២៤ ដែលទទួលស្គាល់តុលាការនេះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ គ្រាន់ ICC បង្ហើបចង់ចាប់ខ្លួនលោក Netanyahu, អាមេរិក គំរាមដាក់ទណ្ឌកម្មភ្លែត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


