Connect with us

ព័ត៌មានអន្ដរជាតិ

បារាំង កើតចលាចលនិងអំពើលួចប្លន់ ក្រោយប្រកាសលទ្ធផលឆ្នោត

បានផុស

នៅ

គ្រាន់តែចេញលទ្ធផលឆ្នោតបឋមភ្លាម ប្រទេសបារាំងស្រាប់តែផ្ទុះអំពើកុបកម្មនិងកើតមានការលួចប្លន់ ពេលដែលអ្នកគាំទ្រឆ្វេងនិយម ចេញតាមដងផ្លូវដើម្បីអបអរជ័យជម្នះរបស់សម្ព័ន្ធ New Popular Front ដែលផ្តួលគណបក្សស្តាំនិយមជ្រុល National Rally និងគណបក្សនិយមកណ្តាលរបស់លោកប្រធានាធិបតី Emmanuel Macron។

តាមសេចក្តីរាយការណ៍របស់ AFP នៅថ្ងៃចន្ទទី៨ខែកក្កដា, ប៉ូលិសបង្ក្រាបកុបកម្មជាង ៣០ ០០០នាក់ ត្រូវបានដាក់ពង្រាយទូទាំងប្រទេស ក្នុងនោះក៏រួមមានទាំង ៥ ០០០នាក់ដែលដាក់យាមកាមនៅទីក្រុងប៉ារីសផងដែរ ដើម្បីទប់ទល់នឹងភាពចលាចល។

បណ្តាញសារព័ត៌មានក្នុងស្រុករាយការណ៍ថា គ្រាន់តែលទ្ធផលបឋមប្រកាសភ្លាម ស្រាប់តែក្រុមអ្នកគាំទ្រ New Popular Front ចេញមកជួបជុំគ្នាលើទីលានសាធារណរដ្ឋក្នុងទីក្រុងប៉ារីស ដោយមានបាញ់កាំជ្រួច និងស្រែកពាក្យស្លោក ហើយក្រោយមកចលាចល ក៏បានរីករាលដាលទៅដល់ទីក្រុងផ្សេងៗទៀតដូចជា Nantes, Lyon, Marseille និង Rennes ជាដើម។

ភោជនីយដ្ឋាន ធនាគារ និងកន្លែងផ្សេងទៀតក្នុងទីក្រុងប៉ារីស បានក្លាយជាគោលដៅរបស់ក្រុមឆ្លៀតឱកាស ហើយមានសេចក្តីរាយការណ៍អំពីការលួចប្លន់ និងដុតអគារផ្សេងៗថែមទៀតផង។

ទោះបីជាយ៉ាងណាក៏ដោយ ប៉ូលិស​ត្រូវប្រើឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក ដើម្បី​បំបែកហ្វូងមនុស្ស​ ប៉ុន្តែក៏មានសេចក្តីរាយការណ៍ថា មន្ត្រីម្នាក់ត្រូវរបួសដោយសារតែគ្រាប់បែកសាំងផងដែរ។

សូមបញ្ជាក់ជាថ្មី កាលពីខែមុន ប្រធានាធិបតីបារាំងលោក Emmanuel Macron បានអំពាវនាវឲ្យរៀបចំការបោះឆ្នោតសភាជាបន្ទាន់ បន្ទាប់ពីគណបក្ស National Rally ធ្វើបានល្អបំផុតក្នុងការបោះឆ្នោតសភាសហភាពអឺរ៉ុប ដោយផ្តួលគណបក្ស Renaissance របស់គាត់ ជាមួយនឹងសំឡេងគាំទ្រលើសទ្វេដង។

ត្បិតតែនាំមុខក្នុងការបោះឆ្នោតជុំទី១ ដោយទទួលបានសំឡេងគាំទ្រ៣៣% ក៏ពិតមែន ប៉ុន្តែគណបក្ស National Rally ត្រូវរងបរាជ័យក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ដោយធ្លាក់ទៅដល់លេខ៣ ជាមួយនឹងអាសនៈចំនួន១៤៣ ក្នុងចំណោមអាសនៈសភាទាំង៥៧៧៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ បើឡើងកាន់តំណែង លោកស្រី Le Pen នឹងធ្វើរឿង២យ៉ាង, អ៊ុយក្រែនច្បាស់មិនសប្បាយចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម