ព័ត៌មានអន្ដរជាតិ
មនុស្សជាង២០០នាក់បាត់បង់ជីវិតក្នុង១សប្តាហ៍ ក្នុងហេតុការណ៍អាកាសធាតុអាក្រក់នៅអាស៊ី
ភ្លៀងធ្លាក់ខ្លាំងបានសម្លាប់មនុស្សជាង ២០០នាក់នៅឥណ្ឌានិងចិន រួមទាំង ៣០ នាក់ផ្សេងទៀតបានស្លាប់នៅក្នុងប្រទេសប៉ាគីស្ថានកាលពីសប្តាហ៍មុន ខណៈក៏មានទឹកជំនន់ដ៏ធ្ងន់ធ្ងរនៅក្នុងប្រទេសកូរ៉េខាងជើងជិតព្រំដែនជាមួយប្រទេសចិនផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានAP កាលពីថ្ងៃទី០២ខែសីហានេះ។

រដូវខ្យល់មូសុង និងព្យុះទីហ្វុងនៅអាស៊ី ហើយការប្រែប្រួលអាកាសធាតុបានធ្វើឱ្យឥទ្ធិពលព្យុះដែលបោកបក់នៅក្នុងតំបន់អាស៊ីកាន់តែអាក្រក់ខ្លាំង ខណៈភ្លៀងធ្លាក់ខ្លាំង បានបង្កបំណាក់ដី និងទឹកជំនន់ បំផ្លាញដំណាំ បំផ្លាញផ្ទះសម្បែង និងឆក់យកជីវិតមនុស្សជាច្រើន។ រដ្ឋាភិបាលប្រទេសនីមួយៗបានព្យាយាមស្ដារនិងជួយសង្គ្រោះដោយចំណាយធនធាននិងមធ្យោបាយយ៉ាងច្រើន ទោះបីជាយ៉ាងណា ពេលខ្លះការជួយសង្គ្រោះវាមិនគ្រប់គ្រាន់ទេ ដោយសារតែផលវិបាកសោកនាដកម្មដែលកំពុងកើតឡើងមានកម្រិតធ្ងន់ធ្ងរ ។
ប្រទេសឥណ្ឌា៖ មនុស្ស១៩៤ នាក់ស្លាប់ និង ១៨៧ នាក់បាត់ខ្លួន
ភ្លៀងធ្លាក់ខ្លាំងបណ្ដាលឲ្យមានបំណាក់ដីក្នុងតំបន់ដាំតែ និងភូមិនានាក្នុងរដ្ឋ Kerala ភាគខាងត្បូងប្រទេសឥណ្ឌាកាលពីព្រឹកថ្ងៃអង្គារ ដោយបំផ្លាញស្ពាន និងផ្ទះសម្បែងប្រជាជនជាច្រើន។ ក្តីសង្ឃឹមនៃការស្វែងរកអ្នកនៅរស់រានមានជីវិតបានធ្លាក់ចុះ ខណៈដែលការស្វែងរកឈានចូលដល់ថ្ងៃទីបួន។
តំបន់នេះត្រូវបានគេស្គាល់ថាតំបន់ដាំតែដ៏ស្រស់ស្អាត ដោយមានកម្មករចំការរាប់រយនាក់រស់នៅក្នុងជម្រកបណ្ដោះអាសន្នក្បែរនោះ។ ប្រទេសឥណ្ឌាតែងតែមានទឹកជំនន់ធ្ងន់ធ្ងរក្នុងរដូវមូសុងដែលហូរនៅចន្លោះខែមិថុនាដល់ខែកញ្ញា ហើយនាំមកនូវទឹកភ្លៀងដ៏សំខាន់សម្រាប់ដំណាំ។

ប្រទេសចិន៖ ស្លាប់៤៨នាក់ និងបាត់ខ្លួន៣៥នាក់
ព្យុះទីហ្វុង Gaemi បានសម្លាប់មនុស្សជាង៣០នាក់នៅក្នុងប្រទេសហ្វីលីពីន និង១០នាក់នៅកោះតៃវ៉ាន់ ខណៈដែលវាបានបោកបក់កាត់ភាគខាងលិចប៉ាស៊ីហ្វិកកាលពីសប្តាហ៍មុន និងនៅតែបន្តមានឥទ្ធិពលនៅក្នុងប្រទេសចិននៅឡើយ។ ទឹកភ្លៀងដ៏ខ្លាំងបានជន់លិចផ្នែកខ្លះនៃខេត្ត Hunan អស់ជាច្រើនថ្ងៃ ហើយអាជ្ញាធរនៅក្នុងទីក្រុង Zixing ក្បែរនោះបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា មនុស្ស ៣០នាក់បានស្លាប់នៅក្នុងទឹកជំនន់និង៣៥នាក់ផ្សេងទៀតកំពុងបាត់ខ្លួន។
ក្រសួងធនធានទឹកបាននិយាយនៅសប្តាហ៍នេះថា ប្រទេសចិនបានកត់ត្រាទឹកជំនន់ធំៗចំនួន២៥នៅឆ្នាំនេះ ដែលជាចំនួនច្រើនបំផុតចាប់តាំងពីវាបានចាប់ផ្តើមរក្សាស្ថិតិក្នុងឆ្នាំ១៩៩៨។ ជាមួយគ្នានេះទិន្នន័យប្រវត្តិសាស្ត្របង្ហាញថា ប្រទេសចិនកំពុងមានថ្ងៃក្តៅខ្លាំង និងមានភ្លៀងធ្លាក់ញឹកញាប់ជាងមុន ហើយបើយោងតាមរបាយការណ៍ដែលបានចេញផ្សាយដោយរដ្ឋបាលឧតុនិយមចិនបានព្យាករណ៍ថានឹងមានការកើនឡើងបន្ថែមទៀត ក្នុងរយៈពេល៣០ឆ្នាំខាងមុខ។
រដ្ឋាភិបាលចិនបានដាក់ចេញនូវផែនការបង្ការគ្រោះមហន្តរាយ ដើម្បីព្យាយាមកាត់បន្ថយការខូចខាត តាមរយៈការព្យាយាមជម្លៀសមនុស្សមុនពេលព្យុះចូលមកដល់ ហើយបញ្ជូនជំនួយតាមឧទ្ធម្ភាគចក្រទៅកាន់តំបន់ដែលរងគ្រោះ។

ប្រទេសកូរ៉េខាងជើង៖ មានការខូចខាតធ្ងន់ធ្ងរ ប៉ុន្តែមិនមានព័ត៌មានអំពីការស្លាប់
ព្យុះត្រូពិចក៏បានបង្កឲ្យមានភ្លៀងធ្លាក់ខ្លាំងនៅភាគឦសានប្រទេសចិន នៅតាមព្រំដែនជាមួយកូរ៉េខាងជើង ដោយធ្លាក់ទៅលើទន្លេ Yalu ដែលបែងចែកប្រទេសទាំងពីរ។ នៅប្រទេសកូរ៉េខាងជើង ភ្លៀងបានជន់លិចផ្ទះចំនួន ៤១០០ខ្នង ដីស្រែចំនួន៣០០០ និងអគារសាធារណៈជាច្រើន ផ្លូវគោក និងផ្លូវដែក។ឧទ្ធម្ភាគចក្រយោធា និងកងទ័ពជើងទឹក និងទូករដ្ឋាភិបាលផ្សេងទៀតបានជម្លៀសអ្នកស្រុកដែលជាប់គាំង។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងមិនបានផ្តល់ព័ត៌មានស្តីពីការស្លាប់នោះទេ ទោះបីជាមេដឹកនាំប្រទេស គីម ជុងអ៊ុន បានបង្កប់ន័យថាមានអ្នកស្លាប់បាត់បង់ជីវិតនិងបានស្តីបន្ទោសមន្ត្រីសាធារណៈដែលធ្វេសប្រហែសក្នុងការការពារគ្រោះមហន្តរាយក៏ដោយ ។

ប្រទេសប៉ាគីស្ថាន៖ មនុស្សស្លាប់៣០នាក់
ទីក្រុង Lahore ដែលជាទីក្រុងធំបំផុតលំដាប់ទី២នៅប៉ាគីស្ថាន បានទទួលរងគ្រោះទឹកជំនន់ខ្លាំងជាងគេមិនធ្លាប់មានក្នុងរយៈពេលច្រើនជាង៤ទសវត្សរ៍កន្លងទៅ។ ភ្លៀងបានបន្តធ្លាក់និងខ្យល់បក់បោកខ្លាំងនៅភាគខាងជើងប្រទេស បង្កឲ្យមានទឹកជំនន់ ការដួលរលំអគារ និងហានិភ័យនៃការឆ្លក់អគ្គិសនីស្លាប់។ អាជ្ញាធរប៉ាគីស្ថាន បានព្រមានថា ជំនន់ទឹកភ្លៀងភ្លាមៗអាចកើតមាននៅក្នុងសប្ដាហ៍នេះបន្តទៀតនៅភាគខាងត្បូងប្រទេស បន្ទាប់ពីបានសម្លាប់មនុស្សចំនួន៦នាក់រួចមកហើយនៅទីនោះ ខណៈចំនួនអ្នកស្លាប់មកដល់ពេលនេះកើនដល់ ៣០ នាក់៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


