ព័ត៌មានអន្ដរជាតិ
កិច្ចចរចាបទឈប់បាញ់ហ្គាហ្សា គ្មានបានផ្លែផ្កាអ្វីសោះ ទោះអាមេរិកខំប្រឹងជំរុញខ្លាំងក៏ដោយ
កិច្ចចរចាបទឈប់បាញ់ និងដោះដូរចំណាប់ខ្មាំងដែលបានធ្វើឡើងកាលពីថ្ងៃអាទិត្យនៅទីក្រុងគែរ ពុំបានទទួលលទ្ធផលគាប់ប្រសើរអ្វីនោះទេ ដោយទាំងក្រុមហាម៉ាស និងអ៊ីស្រាអែលមិនយល់ព្រមចំពោះចំណាត់ការ ដែលបង្ហាញដោយបណ្ដាប្រទេសជាអ្នកសម្របសម្រួល។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters ដែលដកស្រង់ចេញពីប្រភពសន្តិសុខ២រូបរបស់ប្រទេសអេហ្ស៊ីប។

ភាពបរាជ័យនៃកិច្ចចរចាលើកនេះ បានបង្កើតជាការងឿងឆ្ងល់អំពីឱកាសនៃភាពជោគជ័យនៅក្នុងកិច្ចខំប្រឹងប្រែងរបស់សហរដ្ឋអាមេរិក ដើម្បីបញ្ចប់សង្រ្គាមរយៈពេលជាង១០ខែនៅតំបន់ហ្គាហ្សាស្ទ្រីប។
ស្របពេលកំពុងធ្វើកិច្ចចរចានេះដែរ ក្រុមហាម៉ាសបានបាញ់គ្រាប់រ៉ុកកែតរយៈចម្ងាយឆ្ងាយពីតំបន់ Khan Younis ភាគខាងត្បូងហ្គាហ្សា ចូលទៅចំទីក្រុង Rishon Lezion ប្រទេសអ៊ីស្រាអែល។ យ៉ាងណា មិនមានរបាយការណ៍ណាមួយអំពីការរងរបួសនៅក្នុងការវាយប្រហារនេះទេ។
កិច្ចចរចាជាច្រើនខែបានបរាជ័យក្នុងការបង្កើតកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំងជាង១០០នាក់ ដែលនៅសេសសល់នៅហ្គាហ្សា និងកិច្ចព្រមព្រៀងដើម្បីបញ្ចប់សង្គ្រាមដែលបង្កឡើងដោយការវាយប្រហារទ្រង់ទ្រាយធំរបស់ក្រុមសកម្មប្រយុទ្ធហាម៉ាសកាលពីថ្ងៃទី៧ខែតុលាឆ្នាំមុន ទៅលើភាគខាងត្បូងអ៊ីស្រាអែល។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Halifax ប្រទេសកាណាដា ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក Jake Sullivan បាននិយាយថា រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននៅតែធ្វើការយ៉ាងញាប់ដៃញាប់ជើងនៅទីក្រុងគែរ ជាមួយប្រទេសជាអ្នកសម្របសម្រួលដូចជា អេហ្ស៊ីប និងកាតា ព្រមទាំងអ៊ីស្រាអែល ដើម្បីទទួលបានបទឈប់បាញ់ និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង។
ចំណុចសំខាន់នៅក្នុងកិច្ចចរចាដែលកំពុងបន្តសម្របសម្រួលដោយសហរដ្ឋអាមេរិក អេហ្ស៊ីប និងកាតា គឺផ្ដោតលើវត្តមានរបស់អ៊ីស្រាអែលនៅក្នុងច្រករបៀង Philadelphia ដែលមានប្រវែង ១៤,៥គីឡូម៉ែត្រតាមបណ្តោយព្រំដែនភាគខាងត្បូងរបស់ហ្គាហ្សាជាមួយអេហ្ស៊ីប។
ប្រភពពីអេហ្ស៊ីបបាននិយាយថា អ្នកសម្របសម្រួលបានដាក់ចេញនូវជម្រើសមួយចំនួនចំពោះវត្តមានរបស់កងកម្លាំងអ៊ីស្រាអែលនៅលើច្រករបៀង Philadelphi និងច្រករបៀង Netzarim ដែលនៅកាត់ចំកណ្តាលតំបន់ហ្គាហ្សាស្ទ្រីប ប៉ុន្តែមិនមានភាគីណាមួយយល់ស្របនោះឡើយ។
ប្រភពបានបន្ថែមថា អ៊ីស្រាអែលបានកំណត់លក្ខខណ្ឌលើអ្នកទោសហាម៉ាសជាច្រើននាក់ ដោយអ៊ីស្រាអែលបានទាមទារឲ្យពួកគេចាកចេញពីហ្គាហ្សា ក្រោយពេលត្រូវបានដោះលែង។
ក្រុមហាម៉ាស បាននិយាយថា អ៊ីស្រាអែលពុំមានការប្តេជ្ញាចិត្តក្នុងការដកកងទ័ពចេញពីច្រករបៀងទេ ហើយបានដាក់ចេញនូវលក្ខខណ្ឌថ្មីផ្សេងទៀត រួមទាំងការត្រួតពិនិត្យជនជាតិប៉ាឡេស្ទីនរកមើលអាវុធ នៅពេលពួកគេត្រឡប់ទៅតំបន់ភាគខាងជើងវិញ បន្ទាប់បទឈប់បាញ់ចាប់ផ្តើមអនុវត្ត។
លោក Osama Hamdan មន្ត្រីក្រុមហាម៉ាស បានប្រាប់ទូរទស្សន៍ក្នុងស្រុក Al-Aqsa កាលពីថ្ងៃអាទិត្យថា៖ «យើងនឹងមិនទទួលយកការពិភាក្សាអំពីការកែតម្រូវនានាដែលយើងបានយល់ព្រមកាលថ្ងៃទី២ខែកក្កដា ឬលក្ខខណ្ឌថ្មីនោះទេ»៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


