សហជីពពាណិជ្ជកម្មធំៗរបស់ប្រទេសមីយ៉ាន់ម៉ាបានអំពាវនាវដល់សមាជិកទាំងអស់ឲ្យបិទទ្វារសេដ្ឋកិច្ចចាប់ពីថ្ងៃចន្ទ ទី៨ ខែមីនានេះដើម្បី ចូលរួមយុទ្ធនាការណ៍ប្រឆាំងនឹងរដ្ឋប្រហារកាលពីខែមុន ដើម្បីបង្កើនសម្ពាធលើយោធាមីយ៉ាន់ម៉ាដែលបានប្រើអាវុធបាញ់ និងបានកាន់កាប់មន្ទីរពេទ្យនៅក្នុងទីក្រុងសំខាន់ យ៉ាំងហ្គោន មួយថ្ងៃបន្ទាប់ពីការតវ៉ាដ៏ធំមហិមា។
សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា សាក្សីបានរាយការណ៍ពីសំឡេងនៃការផ្ទះអាវុធ ឬគ្រាប់បែបនៅតាមខណ្ឌជាច្រើនក្នុងរដ្ឋធានីពាណិជ្ជកម្ម បន្ទាប់ពីឈានចូលយប់ជ្រៅ ខណៈទាហានបានឈានចូលកាន់កាប់មន្ទីរពេទ្យ និងសាកលវិទ្យាល័យនានា។ តែគេមិនដឹងថា មានមនុស្សស្លាប់ ឬរបួសទេ។
សមាគមជួយគាំទ្រសម្រាប់អ្នកទោសនយោបាយ ដែលជាអង្គការមិនរកប្រាក់ចំណេញបាននិយាយថា កម្លាំងប្រដាប់អាវុធកំពុងបំភ័យអ្នកស្រុកដោយចេតនានៅក្នុងទីយ៉ាំងហ្គោន។
ការបង្ហាញកម្លាំងពង្រាយបានកើតមានឡើង បន្ទាប់ពីការតវ៉ាទូទាំងប្រទេសទ្រង់ទ្រាយធំបានកើតមាន ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី១ ខែកុម្ភៈ ហើយសម្ព័ន្ធភាពនៃសហជីពចំនួន៩បាននិយាយថា ពួកគេមានផែនការបន្តបិទទ្វារសេដ្ឋកិច្ចទាំងស្រុង។
ពួកគេបាននិយាយក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយថា ៖« បើបន្តសកម្មភាពសេដ្ឋកិច្ច និងពាណិជ្ជកម្មធម្មតានោះ នឹងមានតែប្រយោជន៍ដល់យោធាប៉ុណ្ណោះ ខណៈពួកគេបានបង្ខាំងថាមពលនៃប្រជាជនមីយ៉ាន់ម៉ា។ ដល់ពេលត្រូវធ្វើសកម្មភាពដើម្បីការពារប្រជាធិបតេយ្យហើយឥឡូវនេះ»។
មន្ត្រីម្នាក់ពីគណបក្សរបស់លោកស្រី អ៊ុង សានស៊ូជី បានស្លាប់កណ្តាលយប់នៅក្នុងការឃុំខ្លួនរបស់ប៉ូលិស។ មន្ត្រីរបស់គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD)លោក Khin Maung Latt អាយុ៥៨ឆ្នាំជាសមាជិកសភាមូស្លីមម្នាក់ក្នុងចំណោមពីរនាក់ត្រូវបានជាប់ឆ្នោតកាលពីឆ្នាំ២០២០បានស្លាប់នៅយប់ថ្ងៃសៅរ៍ ឈានចូលថ្ងៃអាទិត្យកន្លងទៅនេះ។
លោក Ba Myo Thein សមាជិកសភាជាន់ខ្ពស់ដែលត្រូវបានរំលាយ បន្ទាប់ពីរដ្ឋប្រហារបាននិយាយថា របាយការណ៍បញ្ជាក់ពីការស្នាមជាំក្បាល និងរាងកាយរបស់លោក Khin Maung Latt គឺបង្ហាញពីការសង្ស័យនៃការធ្វើទារុណ្ឌកម្ម។
សពលោក Khin Maung Latt
លោកថា ៖«វាទំនងជា គាត់ត្រូវបានចាប់ខ្លួននៅពេលយប់ ហើយបានធ្វើទារុណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ។ ទង្វើនេះពិតជាមិនអាចទទួលយកបានឡើយ»។
សាក្សីម្នាក់បាននិយាយថា លោក Khin Maung Latt ត្រូវបានគេចាប់ចេញពីផ្ទះរបស់គាត់ប្រហែលជាម៉ោង១០យប់ ហើយត្រូវបានប្រើហិង្សាលើរាងកាយ។
ប៉ូលិសនៅ Pabedan ក្នុងទីក្រុងយ៉ាំងហ្គោនដែលជាកន្លែងលោក Khin Maung Latt ត្រូវបានចាប់ខ្លួនបដិសេធបញ្ជាក់ជុំវិញករណីនេះ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ irrawaddy