ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ទម្លាក់គ្រាប់បែកនៅទីក្រុង Kharkiv សម្លាប់មនុស្សម្នាក់ និងរបួស៤២នាក់
គ្រាប់បែករបស់រុស្ស៊ី បានវាយប្រហារអគារអាផាតមិនមួយកន្លែងកាលពីថ្ងៃអាទិត្យនៅទីក្រុង Kharkiv ដែលជាទីក្រុងធំទីពីររបស់អ៊ុយក្រែន ដោយបង្កឲ្យមានអគ្គិភ័យ ព្រមទាំងសម្លាប់មនុស្សម្នាក់និងរបួស៤២នាក់។ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី១៦ខែកញ្ញា។

លោកប្រធានាធិបតី Volodymyr Zelenskiy បាននិយាយថា ការវាយប្រហារចុងក្រោយនេះ បានគូសបញ្ជាក់ពីតម្រូវការរបស់អ៊ុយក្រែនចំពោះការផ្គត់ផ្គង់សព្វាវុធពីដៃគូលោកខាងលិច ក៏ដូចជាខែលការពារដែនអាកាស ព្រមទាំងការអនុញ្ញាតឲ្យអ៊ុយក្រែនប្រើប្រាស់សព្វាវុធរយៈចម្ងាយឆ្ងាយវាយប្រហារលើគោលដៅចូលជ្រៅក្នុងប្រទេសរុស្ស៊ី ដើម្បីជួយសង្គ្រោះជីវិតមនុស្ស។
រដ្ឋអាជ្ញាក្នុងតំបន់ Kharkiv នៅភាគឦសានប្រទេសអ៊ុយក្រែន បានប្រកាសនៅលើបណ្ដាញទំនាក់ទំនង Telegram ថា សាកសពស្ត្រីអាយុ៩៤ឆ្នាំម្នាក់ត្រូវបានគេរកឃើញពីជាន់ទី៩នៃអគារ។
ចំណែកឯអភិបាលក្រុង Kharkiv លោក Ihor Terekhov បានរៀបរាប់ថា ភ្លើងដែលឆាបឆេះដោយគ្រាប់បែកត្រូវបានពន្លត់រួចហើយ។ លោកបានឲ្យដឹងថា ចំនួនអ្នករបួសមាន៤២នាក់ ក្នុងនោះមានកុមារ៣នាក់។ ដោយឡែកលោកអភិបាលតំបន់ Oleh Syniehubov បាននិយាយថាអាចនៅមានមនុស្សស្ថិតនៅក្រោមគំនរបាក់បែកនៅឡើយ។
ប្រធានាធិបតីអ៊ុយក្រែន បានបញ្ជាក់ថា គ្រាប់បែកកំណត់គោលដៅចំនួន៣គ្រាប់ផ្សេងទៀតបានវាយប្រហារភូមិមួយចំនួនក្នុងតំបន់ Kharkiv ដែលជាមជ្ឈមណ្ឌលពោរពេញដោយប្រជាជនរស់នៅ ហើយក៏ជាគោលដៅរងការវាយប្រហារជាញឹកញាប់ពីភាគីរុស្ស៊ីដែលនៅជិតព្រំដែន។
រុស្ស៊ីមិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយលើឧប្បត្តិហេតុទម្លាក់គ្រាប់បែកលើអគារស្នាក់នៅនោះទេ ប៉ុន្តែរុស្ស៊ីកន្លងមកតែងបដិសេធនូវចេតនាវាយប្រហារទៅលើជនស៊ីវិល ទោះបីជាខ្លួនបានសម្លាប់ប្រជាជនមិនដឹងអីអស់រាប់ពាន់នាក់ក៏ដោយ ចាប់តាំងពីការឈ្លានពានអ៊ុយក្រែនក្នុងឆ្នាំ២០២២។
លោក Zelenskiy បានអំពាវនាវឲ្យសម្ព័ន្ធមិត្តរបស់ខ្លួនសម្រេចចិត្តឲ្យបានយ៉ាងឆាប់រហ័ស ដើម្បីបើកដៃឲ្យអ៊ុយក្រែនអាចវាយប្រហាររយៈចម្ងាយឆ្ងាយក្នុងគោលបំណងបំផ្លាញមូលដ្ឋានយោធាអាកាសរបស់រុស្ស៊ី។ លោកបានបន្ថែមថា៖ «រាល់ការវាយប្រហាររបស់រុស្ស៊ីរបៀបនេះ រាល់ករណីនៃភេរវកម្មរបស់រុស្ស៊ី ដូចជាថ្ងៃនេះនៅទីក្រុង Kharkiv…នេះបង្ហាញថា (អ៊ុយក្រែន) ត្រូវតែមានសមត្ថភាពរយៈចម្ងាយឆ្ងាយ»។
លោក Zelenskiy បានប្រាប់ថា អ៊ុយក្រែនបានទុកក្ដីរំពឹងរង់ចាំការសម្រេចចិត្តដ៏សមស្របពីសហរដ្ឋអាមេរិក បារាំង អាល្លឺម៉ង់ និងអ៊ីតាលី ដែលការសម្រេចចិត្តរបស់ពួកគេអាចជួយសង្រ្គោះជីវិតបាន។
សូមបញ្ជាក់ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយកាលពីសប្តាហ៍មុនថា លោកខាងលិចនឹងផ្ទុះសង្គ្រាមដោយផ្ទាល់ជាមួយរុស្ស៊ី ប្រសិនបើអនុញ្ញាតឲ្យអ៊ុយក្រែនវាយប្រហារទឹកដីរុស្ស៊ីជាមួយនឹងមីស៊ីលរយៈចម្ងាយឆ្ងាយដែលផលិតដោយលោកខាងលិច៕
ដោយ៖ ឈាង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


