Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងត្បូង​រកវិធី​ផលិត​អាវុធនុយក្លេអ៊ែរវិញ ក្រោយ​បោះបង់​​​៤៩ឆ្នាំ​

បានផុស

នៅ

ដោយសារ​ការ​គំរាម​កំហែង​កាន់តែ​ខ្លាំង​ពី​​សំណាក់​បងប្អូនសត្រូវ​កូរ៉េខាងជើង សាធារណៈរដ្ឋ​កូរ៉េខាង​ត្បូង បាន​ធ្វើ​ជាម្ចាស់​ផ្ទះ​ក្នុងការ​ជជែកដេញ​ដោល​លើ​ប្រធាន​បទ​មួយ ដែល​អាច​អនុញ្ញាត​ឲ្យខ្លួន​មាន​​​​​លទ្ធភាព​​ផលិត​អាវុធ​នុយក្លេអ៊ែរ​ដើម្បី​ការពារ​ខ្លួន​ពីការគំរាម​កំហែង​​ ​ក្រោយ​ការ​បោះបង់មហិច្ឆតា​​នេះ​កាល​កន្លះសតវត្សរ៍​មុន​។

​កិច្ច​ប្រជុំ​ក្រុម​ប្រទេស​សម្ព័ន្ធ​​​មិត្ត​​​នៅ​កូរ៉េខាងត្បូង​។ EPA
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​Wendy Teo ភ្នាក់ងារ​ឆ្លើយ​ឆ្លង​របស់​សារព័ត៌មាន​​​ The Straits Times ប្រចាំ​កូរ៉េ​ខាងត្បូង​ បាន​រាយការណ៍​ថា​​​ ការ​ជួប​​ប្រជុំ​ជជែកដេញដោលជាថ្មីអំពីនុយក្លេអ៊ែរនៅក្នុងប្រទេសកូរ៉េខាងត្បូង ក្រោយ​​​មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបង្ហាញកន្លែងចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមនៅក្នុងទីតាំងដែលមិនត្រូវបានបង្ហាញជាលើកដំបូងនៅថ្ងៃទី១៣ខែកញ្ញា។

ក្នុង​សង្គ្រាម​​អ៊ុយក្រែន​ ដែលរុស្ស៊ី​​មើល​ឃើញ​ខ្លួន​ឯង​​មានភាព​​ឯកោ​ខ្លាំង​ក្នុងវិស័យ​ការទូត​ បាន​ជំរុញ​ឲ្យ​រុស្ស៊ី​​​បង្កើន​ទំនាក់​ទំនង​កាន់តែស៊ីជម្រៅ​​​ជាងមុន​ជាមួយ​ប្រទេស​​​ជាសម្ព័ន្ធ​​ប្រពៃណី​របស់ខ្លួន​ក្នុង​នោះ​មាន​ប្រទេសកូរ៉េ​ខាងជើង និង​ប្រទេសអ៊ីរ៉ង់​ជាដើម។ លើស​ពី​នេះ រុស្ស៊ី​ថែម​ទាំង​​​ចែក​រំលែក​​នូវ​​បច្ចេកវិទ្យា​​​​សម្រាប់ធ្វើ​ទំនើប​កម្ម​អាវុធ​ជាមួយកូរ៉េខាងជើង​ តាម​រយៈដំណើរ​ទស្សនកិច្ច​របស់​ប្រមុខ​រដ្ឋទាំង​ពីរ​កាល​ពីខែកញ្ញា​ឆ្នាំ​មុន។

​មេដឹកនាំ​កូរ៉េ​ខាងជើ លោក​​ គីម ជុងអ៊ុន កាល​ពី​សប្តាហ៍​មុន ​បានបង្ហាញ​ការ​​ប្តេជ្ញាចិត្ត​​ថា​​ខ្លួន​នឹង​បង្កើន​អាវុធ​នុយក្លេអ៊ែរ​របស់​របប​លោក​ឲ្យ​កាន់​តែ​ខ្លាំង។

កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីជាច្រើនគ្រាប់ចូលទៅក្នុងសមុទ្ររវាងឧបទ្វីបកូរ៉េ និងជប៉ុន កាលពីថ្ងៃទី១២ខែកញ្ញា ហើយប៉ុន្មានម៉ោងបន្ទាប់ពី​កូរ៉េខាងជើង​បានបង្ហោះ​ប៉េងប៉ោង​ផ្ទុក​សំរាមជា​ថ្មី​ចូលទៅក្នុងប្រទេសកូរ៉េខាងត្បូង។

ការបង្ហាញអាវុធនុយក្លេអ៊ែរដ៏ច្រើនសន្ធឹកសន្ធាប់ទាំងនេះ ពី​សំណាក់​កូរ៉េខាងជើង បានធ្វើឱ្យ​មាន​ការជជែកដេញដោលគ្នាយ៉ាង​ផុសផុលនៅក្នុងប្រទេសកូរ៉េខាងត្បូង ថាតើប្រទេសកូរ៉េ​ខាងត្បូង​គួរតែមានអាវុធនុយក្លេអ៊ែរផ្ទាល់ខ្លួន ដើម្បីពង្រឹងការការពាររបស់ខ្លួន​ដែរ​ឬ​ទេ​​។

កូរ៉េ​ខាងត្បូង​​ពឹងផ្អែកលើសម្ព័ន្ធមិត្តរបស់ខ្លួនគឺសហរដ្ឋអាមេរិកសម្រាប់ការការពារ​ខ្លួន​ប្រឆាំងនឹងការគំរាមកំហែងនុយក្លេអ៊ែររបស់កូរ៉េខាងជើង  ប៉ុន្តែ​​​កូរ៉េខាងត្បូង​​​ដែល​មាន​​អាវុធ​យោធា​ទំនើប​ៗ​ជាច្រើន​ក៏​​មិនទាន់​មាន​អាវុធ​នុយក្លេអ៊ែរ​​ដ៏​មាន​ឥទ្ធិពលបំផុត​​​ក្នុងលោក​នេះ​ដែរ​​។ កូរ៉េខាងត្បូង​ជា​ប្រទេស​មានសេដ្ឋកិច្ច​រីកចម្រើ​ន​បំផុត​មួយ​នៅ​អាស៊ី​បូព៌ា​។

តាមការ​ចុះ​ផ្សាយ​របស់​ The Straits Times អ្នកវិភាគមួយចំនួនកំពុងចោទសួរថាតើកូរ៉េខាងត្បូងអាចមានលទ្ធភាពបន្តពឹងផ្អែកលើសហរដ្ឋអាមេរិកសម្រាប់ការការពារដែរឬទេ ប្រឈមមុខនឹងការគំរាមកំហែងកាន់តែខ្លាំងឡើង និងខណៈដែលការរំពឹងទុក​អំពី​ការ​វិល​ត្រឡប់​របស់អតីតប្រធានាធិបតីអាមេរិកលោក​ ដូណាល់ ត្រាំ ទៅ​កាន់​​​កៅអី​សេតវិមានវិញ ក៏ខ្ពស់​​ដូចគ្នា​សម្រាប់​ការបោះឆ្នោត​ប្រធានាធិបតីថ្ងៃទី៥ខែវិច្ឆិកា។

លោក ដូណាល់ ត្រាំ តែង​តែ​​បង្កើត​នូវ​​​ការ​សម្រេចចិត្តដែល​មិននឹក​​ស្មានដល់​សម្រាប់វិស័យ​ការពារជាតិ​ជាមួយប្រទេសជាសម្ព័ន្ធ​មិត្ត​​ ដូចជា​ករណី​​ជាមួយសម្ព័ន្ធ​មិត្ត​ណាតូ​នៅអឹរ៉ុប​ជាដើម ដែល​ធ្វើ​ឲ្យ​ប្រទេស​ក្នុង​តំបន់​ណាតូស្ទើរ​តែបែកបាក់​គ្នា​ដោយសារ​ការ​​កាត់បន្ថយ​ការ​ចំណាយ​របស់សហរដ្ឋអាមេរិក​នៅអង្គការ​ណាតូ ហើយ តម្រូវ​ឲ្យសមាជិក​​ណាតូ​បង្កើន​ការចំណាយ។ នៅ​កូរ៉េខាងត្បូង​ ជប៉ុន និង​ហ្វីលីពីន​ ក៏ស្ទើរ​តែដូចគ្នា ដែល​លោក​ត្រាំ​ទាមទារ​​ឲ្យ​មាន​ការ​បែងចែក​ការចំណាយ​លើ​ទាហាន​ឈរជើង​របស់ខ្លួន។

នាយករងក្រសួង​សន្តិសុខជាតិកូរ៉េខាងត្បូង លោក Kim Tae-hyo បាននិយាយក្នុងវេទិកាមួយកាលពីថ្ងៃទី៣ខែកញ្ញាថា ការ​ជាប់​ឆ្នោត​ឡើង​​វិញរបស់លោក ត្រាំ​ អាច «ធ្វើឱ្យឆ័ត្រនុយក្លេអ៊ែររបស់អាមេរិកចុះខ្សោយ»។

ការស្ទង់មតិរបស់ Reuters ធ្វើឡើងបន្ទាប់ពីការជជែកដេញដោលប្រធានាធិបតីកាលពីថ្ងៃទី១០ខែកញ្ញា បានបង្ហាញថា អនុប្រធានាធិបតីអាមេរិក កាម៉ាឡា ហារីស (Kamala Harris) ដែលជាបេក្ខជនគណបក្សប្រជាធិបតេយ្យ បាន​នាំ​មុខ​​៥ភាគរយលើលោក​ ដូណាល់ ត្រាំ​ ជាមួយនឹង​លទ្ធផល​៤៧ភាគរយ​ទល់​នឹង​៤២ភាគរយ។

លោក ដូណាល់ ត្រាំ ពេលជជែក​ដេញដោល​ជាមួយ លោកស្រី កាម៉ាឡា ហារីស។

នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក កូរ៉េខាងត្បូង រួមជាមួយជប៉ុន និងអូស្ត្រាលី ស្ថិតនៅក្រោមការការពារនៃឆ័ត្រនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិក ដែលជាការរារាំងបន្ថែម ដែលសហរដ្ឋអាមេរិកប្តេជ្ញាការពារសម្ព័ន្ធមិត្តដោយប្រើសមត្ថភាពយោធាពេញលេញរបស់ខ្លួន រួមទាំងអាវុធនុយក្លេអ៊ែរ។

ប្រទេសកូរ៉េខាងត្បូងបានបោះបង់កម្មវិធីអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែររបស់ខ្លួននៅឆ្នាំ១៩៧៥ នៅពេលដែលខ្លួនបានចូលរួមក្នុងសន្ធិសញ្ញាមិនរីកសាយភាយនុយក្លេអ៊ែរ (NPT) ដែលហាមឃាត់ការអភិវឌ្ឍន៍អាវុធនុយក្លេអ៊ែរ។

វិទ្យាស្ថានសម្រាប់យុទ្ធសាស្ត្រសន្តិសុខជាតិ (INSS) ដែលគ្រប់គ្រងដោយរដ្ឋរបស់កូរ៉េខាងត្បូង ដែលជាប់ពាក់ព័ន្ធជាមួយភ្នាក់ងារ​ស៊ើបការណ៍សម្ងាត់ជាតិរបស់ប្រទេសនេះ បានចេញផ្សាយរបាយការណ៍មួយកាលពីខែមិថុនា បន្ទាប់ពីកិច្ចប្រជុំកំពូលរវាងលោក គីម របស់ប្រទេសកូរ៉េខាងជើង និងប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ដោយបានផ្តល់អនុសាសន៍ថា ទីក្រុងសេអ៊ូល ពិចារណាសាងសង់សមត្ថភាពនុយក្លេអ៊ែរផ្ទាល់ខ្លួន។

លោក ពូទីន ពេលប្រជុំ​ជាមួយ​មន្ត្រី​សន្តិសុខជាតិ។

ក្នុង​សន្និសីទ​សារព័ត៌មានសម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​​បរទេស​កាលពី​ថ្ងៃ​ទី​១០កញ្ញា នាយក INSS នៃ​ប្រទេស​កូរ៉េខាងជើង​សិក្សា ​លោក​ បណ្ឌិត Byun Sang-jung បាន​សម្តែង​ការ​ជឿជាក់​ថា​ដល់​ពេល​ហើយ​សម្រាប់​កូរ៉េ​ខាង​ត្បូង​ដើម្បី​មាន​​នុយក្លេអ៊ែរ៕

ដោយ រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់សុខាភិបាល៖ ផឹកស្រាបណ្តាលឱ្យប៉ះពាល់ថ្លើម លំពែង រលាកក្រពះពោះវៀន និងកើតជំងឺមហារីក

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ បើកសិក្ខាសាលាផ្សព្វផ្សាយឯកសារសំខាន់ៗ៣ ផ្តល់ព័ត៌មានពីទីផ្សារ និងឱកាសការងារសម្រាប់យុវជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ការសិក្សា៖​ ចំនួនសត្វព្រៃធ្លាក់ចុះ ៧៣ ភាគរយក្នុងរយៈពេល​៥០ឆ្នាំចុងក្រោយ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ចំនួនអ្នកស្លាប់នៅលីបង់កើនឡើង ខណៈរដ្ឋ​អារ៉ាប់​​​កំពុង​​ប្រឹងប្រែង​​​ដើម្បី​​បទឈប់បាញ់​

ជីវិតកម្សាន្ដ២ ម៉ោង មុន

សាយ ៖ MGI ជាវេទិកាផ្លាស់ប្តូរចែករំលែកវប្បធម៌ ជៀ សវាងការប្រែក្លាយទៅជាវេទិកាជម្លោះ

Sokha Hotels

ព័ត៌មានពេញនិយម