ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែនប្រើដ្រូនវាយប្រហារតំបន់ Tver របស់រុស្ស៊ី បង្កជាការផ្ទុះដ៏សម្បើម
អ៊ុយក្រែនបានប្រើដ្រូនវាយប្រហារទ្រង់ទ្រាយធំទៅលើប្រទេសរុស្ស៊ី ហើយបង្កឲ្យមានការផ្ទុះដ៏ធំសម្បើមមួយ និងការជម្លៀសប្រជាជនមួយចំនួនដែលនៅជិតទីតាំងឃ្លាំងអាវុធដ៏ធំរបស់រុស្ស៊ី ក្នុងតំបន់ Tver នៅថ្ងៃទី១៨ខែកញ្ញា។

វីដេអូ និងរូបភាពនៅលើបណ្ដាញសង្គម បានបង្ហាញពីអណ្តាតភ្លើងដ៏ធំមួយបានឆាបឆេះយ៉ាងខ្លាំងទៅលើមេឃទាំងយប់ និងការផ្ទុះដូចផ្គរលាន់ពាសពេញបឹងមួយកន្លែងក្នុងតំបន់ដែលស្ថិតនៅភាគពាយព្យនៃទីក្រុងមូស្គូ និងមិនឆ្ងាយប៉ុន្មានពីព្រំដែនជាមួយប្រទេសបេឡារុស។
លោក Igor Rudenya អភិបាលនៃតំបន់ Tver បាននិយាយនៅក្នុងសារលើបណ្តាញទំនាក់ទំនង Telegram របស់រដ្ឋបាលក្នុងតំបន់ថា ក្រុមអ្នកពន្លត់អគ្គិភ័យកំពុងព្យាយាមពន្លត់ភ្លើង តែលោកមិនបានបញ្ជាក់ថាអ្វីដែលកំពុងឆេះនោះទេ។
យ៉ាងណា បើយោងតាមរបាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA កាលពីឆ្នាំ២០១៨ ប្រទេសរុស្ស៊ីកំពុងសាងសង់ឃ្លាំងអាវុធសម្រាប់ផ្ទុកមីស៊ីល គ្រាប់រំសេវ និងគ្រឿងផ្ទុះនៅក្នុងទីក្រុង Toropets នៃតំបន់ Tver ដែលជាទីក្រុងដែលមានអាយុកាល១០០០ឆ្នាំ ហើយមានប្រជាជនត្រឹមតែជាង ១១ ០០០នាក់ប៉ុណ្ណោះ។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី បានប្រាប់ថា នោះជាឃ្លាំងស្តុកអាវុធដ៏សំខាន់មួយ តែមិនមែនជាប្រភេទអាវុធនុយក្លេអ៊ែរទេ។
មកទល់នឹងពេលនេះ រុស្ស៊ីមិនបានបង្ហាញពីរបាយការណ៍ស្លាប់និងរងរបួសឡើយ។
លោក George William Herbert មកពីវិទ្យាស្ថាន Middlebury Institute of International Studies ក្នុងរដ្ឋកាលីហ្វ័រញ៉ា បានឲ្យដឹងថា ទំហំនៃការផ្ទុះដ៏ធំនេះ ដែលបង្ហាញនៅក្នុងវីដេអូបណ្ដាញសង្គម គឺដូចគ្នាទៅនឹងការបំផ្ទុះគ្រាប់បែកខ្នាតធំទម្ងន់ចាប់ពី២០០ទៅ២៤០តោន។
ពេលសួរនាំថាតើការផ្ទុះនេះចេញពីឃ្លាំងស្តុកអាវុធដែរឬក៏អត់ ក្រសួងការពារជាតិរុស្ស៊ីមិនបានឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយឡើយ។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី បានដកស្រង់របាយការណ៍ពីក្រសួងការពារជាតិរុស្ស៊ីថា អង្គភាពការពារដែនអាកាសរបស់ខ្លួន បានបំផ្លាញដ្រូនចំនួន៥៤គ្រឿង ដែលអ៊ុយក្រែនបានបាញ់បង្ហោះពេញមួយយប់វាយប្រហារតំបន់ភាគខាងលិចចំនួន៥របស់រុស្ស៊ី។ អភិបាលតំបន់ទាំងនោះបានរាយការណ៍ថាគ្មានការខូចខាតពីការវាយប្រហារនោះឡើយ។
ប៉ុន្តែរបាយការណ៍របស់ក្រសួងការពារជាតិមិនបានលើកឡើងពីហេតុការណ៍នៅតំបន់ Tver នោះទេ។
អ៊ុយក្រែន ធ្លាប់បាននិយាយថា ការវាយប្រហាររបស់ខ្លួនលើរុស្ស៊ីគឺមានគោលបំណងលើផ្នែកយោធា ថាមពល និងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ដែលជាប្រភពស្នូលនៃការបង្កសង្គ្រាមរបស់ក្រុងមូស្គូ។
មន្ត្រីរុស្ស៊ីកម្របង្ហាញអំពីទំហំពេញលេញនៃការខូចខាត ដែលរងការវាយប្រហារពីភាគីអ៊ុយក្រែន។
អ៊ុយក្រែនបានពង្រឹងសមត្ថភាពផលិតដ្រូនក្នុងស្រុករបស់ខ្លួនក្នុងរយៈពេល២ឆ្នាំកន្លងមកនេះ សម្រាប់ការវាយប្រហារលើទឹកដីរុស្ស៊ី។ ការវាយប្រហារដោយដ្រូនដ៏ធំបំផុតមិនធ្លាប់មានរបស់អ៊ុយក្រែន បានធ្វើឡើងនៅរដ្ឋធានីមូស្គូរបស់រុស្ស៊ីកាលពីខែកញ្ញា ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់ បំផ្លាញផ្ទះសម្បែង និងរំខានដល់ការហោះហើរនៅអាកាសយានដ្ឋានរបស់ក្រុងមូស្គូ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


