Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងជើង គំរាមប្រកាសសង្គ្រាមជាមួយ កូរ៉េខាងត្បូង

បានផុស

នៅ

តាមការចុះផ្សាយរបស់ RT នៅថ្ងៃសៅរ៍ទី១៩ខែតុលាឆ្នាំ២០២៤, គ្រាន់តែរកឃើញបំណែកដ្រូនរបស់កូរ៉េខាងត្បូងដែលប្រើសម្រាប់ការទម្លាក់ខិត្តប័ណ្ណលើទឹកដីកូរ៉េខាងជើងភ្លាម ស្រាប់តែទីក្រុងព្យុងយ៉ាង បានគំរាមប្រកាសសង្គ្រាមតែម្តង ធ្វើឲ្យគេបារម្ភថា ស្ថានការណ៍នៅក្នុងឧបទ្វីបនេះនឹងឡើងកម្តៅខ្លាំងជាក់ជាមិនខាន។

ជុំវិញបញ្ហានេះ កាសែត KCNA ដែលគេចាត់ទុកជាអ្នកនាំពាក្យរបស់រដ្ឋាភិបាលលោក គីម ជុងអ៊ុន បានព្រមានថា «ប្រសិនបើការរំលោភបំពានលើទឹកដី ដែនអាកាស និងដែនទឹករបស់កូរ៉េខាងជើង ដោយមធ្យោបាយយោធារបស់កូរ៉េខាងត្បូង នៅតែបន្តនោះ វានឹងត្រូវចាត់ទុកថាជាការរករឿងខាងយោធាយ៉ាងធ្ងន់ធ្ងរប្រឆាំងនឹងអធិបតេយ្យភាពរបស់កូរ៉េខាងជើងហើយ ហើយយើងនឹងបើកការវាយប្រហារសងសឹកភ្លាមៗ ឬប្រកាសសង្គ្រាមតែម្តង»។

យ៉ាងណាក្តី ទីក្រុងសេអ៊ូល ​មិនទាន់​បញ្ជាក់ឡើយ​ថា​តើ​ដ្រូន​របស់​ខ្លួន ពិតជា​បាន​ឆ្លងដែន មែន​ឬក៏​អត់។

រឿងនេះធ្វើឲ្យគេនឹកឃើញដល់កាលពីសប្តាហ៍មុន ដែលកូរ៉េខាងជើង ក៏បានព្រមានខ្លាំងៗនិងផ្តាំផ្ញើទៅកូរ៉េខាងត្បូងដែរថា កងទ័ពនៅខ្សែត្រៀមជួរមុខនឹងមិនអត់ធ្មត់ទៀតឡើយ ហើយបើសិនដ្រូននិងខិត្តប័ណ្ណនៅតែបន្តហោះចូលទីក្រុងព្យុងយ៉ាង នោះគ្រាប់កាំភ្លើងធំនឹងហោះទៅវិញហើយ។

តាមការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងជើង, ភាពតានតឹងផ្នែកយោធាយ៉ាងធ្ងន់ធ្ងរ កំពុងកើតមាននៅលើឧបទ្វីបកូរ៉េ ដោយសារតែដ្រូនរបស់កូរ៉េខាងត្បូង ហើយបើកូរ៉េខាងជើង វាយប្រហារចាស់ដៃមែន ទឹកដីកូរ៉េខាងត្បូងទាំងមូល នឹងរលាយក្លាយទៅជាផេះមិនខាន។

សូមបញ្ជាក់ជាថ្មី ទំនាក់ទំនងរវាងកូរ៉េទាំងពីរនៅតែតានតឹងចាប់តាំងពីកិច្ចខិតខំផ្នែកការទូតដឹកនាំដោយសហរដ្ឋអាមេរិកស្តីពីការបញ្ចប់កម្មវិធីនុយក្លេអ៊ែររបស់កូរ៉េខាងជើង បានដួលរលំនៅឆ្នាំ២០១៩ ហើយចាប់តាំងពីពេលនោះមក កូរ៉េខាងជើងរឹតតែពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន ហើយតែងគំរាមបាញ់នុយក្លេអ៊ែរវាយប្រហារកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ កូរ៉េខាងជើង ផ្តាំទៅកូរ៉េខាងត្បូងថា បើដ្រូននៅតែហោះមកទៀត គ្រាប់កាំភ្លើងធំនឹងហោះទៅវិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម