Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីស្រាអែល គំរាម​ប្រើ​ការ​សងសឹកដ៏​ខ្លាំងក្លា​​មិនធ្លាប់​មាន បើ​អ៊ីរ៉ង់​ហ៊ាន​វាយ​បក

បានផុស

នៅ

មេ​​ដឹក​នាំ​យោធា​អ៊ីស្រាអែល កាល​ពី​ថ្ងៃ​អង្គារ​បាន​ព្រមាន​ដល់​ប្រទេស​អ៊ីរ៉ង់​ឲ្យ​បញ្ឈប់​ការ​​វាយ​បក​​​ផ្សេង​ទៀត​​ទៅ​លើ​អ៊ីស្រាអែល បើ​មិន​ដូច្នោះ​ទេ​​​នឹង​មាន​ការ​សងសឹក​យ៉ាង​ចាស់ដៃ​វិញ​ជាក់​ជា​មិនខាន។

លោក Herzi Halevi (រូបភាព៖ IDF)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ព្រមា​ន​​របស់​លោក Herzi Halevi ធ្វើ​ឡើង​​ក្រោយ​អ៊ីស្រាអែល​បាន​វាយ​​ប្រហារ​​តាម​ដែន​អាកាស​លើ​ទីក្រុង​តេហេរ៉ង់ កាល​ពី​​​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន ដែល​ជា​ការ​សងសឹក​​​ចំពោះ​ការ​​បាញ់​មីស៊ីល​ប្រមាណ​ជា​២០០​គ្រាប់​របស់​អ៊ីរ៉ង់​ចូល​ដី​អ៊ីស្រាអែល​កាល​ពី​ថ្ងៃ​​ទី​១​ខែ​តុលា។

​ប្រមុខ​យោធា​អ៊ីស្រាអែល បាន​​និយាយ​ថា៖ «បើអ៊ីរ៉ង់សាង​កំហុស​ដោយ​ការបាញ់​មីស៊ីល​​ផ្សេង​​ទៀត​លើ​អ៊ីស្រាអែល យើងនឹងដឹងម្តងទៀតពីរបៀបដើម្បីទៅដល់ប្រទេសអ៊ីរ៉ង់ ជាមួយនឹងសមត្ថភាពដែលយើងមិនធ្លាប់​បានប្រើប្រាស់នៅពេលនេះ ហើយ​​វាយ​ប្រហារ​ឲ្យ​ចាស់ដៃ​ខ្លាំង​តែ​ម្ដង​»។

លោក Halevi បាន​​បន្ត​ថា៖ «យើង​ធ្វើ​នេះ​សម្រាប់​មូលហេតុ​សាមញ្ញ​ជា​ទី​បំផុត នោះ​គឺ​យើង​ត្រូវ​បង្ខំ​ឲ្យ​​ត្រូវ​តែ​ធ្វើ​វា​ម្ដង​ទៀត» ដោយ​បន្ថែម​ថា អ៊ីស្រាអែល​នឹង​​វាយ​ប្រហារ​លើ​ទីតាំង​ផ្សេងៗ​ទៀត ដោយ​មិនមែន​​ត្រឹម​តែ​ទីតាំង​យោធា ឬ​មីស៊ីល​​ដូច​ការ​វាយ​បក​​​​សប្ដាហ៍​​មុន​នោះ​​ទេ។​

សូម​បញ្ជាក់​ថា ក្រៅ​តែ​ពី​​អ៊ីស្រាអែល សហរដ្ឋ​អាមេរិក​ក៏​បាន​ធ្វើ​ការ​ព្រមាន​ចំៗ​ដាក់​អ៊ីរ៉ង់​ផង​ដែរ​ថា ទីក្រុង​តេហេរ៉ង់​នឹង​ជួប​វិបត្តិ​ដ៏​ធ្ងន់​ធ្ងរ ប្រសិន​បើ​ខ្លួន​ហ៊ាន​អនុវត្ត​សកម្មភាព​ឈ្លានពាន​បន្ថែម​ទៀត​ប្រឆាំង​នឹង​អ៊ីស្រាអែល ឬ​បុគ្គលិក​អាមេរិក​នៅ​​តំបន់​មជ្ឈិមបូព៌ា៕

ដោយ៖ ឈាង

ចុចអាន៖ អាមេរិក ព្រមាន​អ៊ីរ៉ង់​ថា​នឹង​ជួប​ទុក្ខ​ធ្ងន់ បើ​ហ៊ាន​វាយ​បក​ទៅ​អ៊ីស្រាអែល​វិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម