ព័ត៌មានអន្ដរជាតិ
ទីបំផុត ត្រាំនិងពូទីនឆ្លងឆ្លើយតាមទូរស័ព្ទ៩០នាទីលើកដំបូងបំបែកភាពទល់ច្រកក្នុងសង្គ្រាម
ទីបំផុត ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ និងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន បាននិយាយគ្នាតាមទូរស័ព្ទដោយចំណាយពេលអស់៩០នាទីថ្ងៃពុធ (ពេលថ្ងៃម៉ោងនៅសហរដ្ឋអាមេរិក ត្រូវនឹងវេលាយប់ម៉ោងនៅកម្ពុជា) ដោយភាគីទាំងពីរបានពិភាក្សាលើបញ្ហាជាច្រើន ប៉ុន្តែប្រធានបទសំខាន់គឺ ការបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន។

ការហៅរកគ្នារបស់ប្រមុខមហាអំណាចទាំងពីរ បានកើតឡើងស្របពេលមេដឹកនាំអឺរ៉ុបនិងថ្នាក់ដឹកនាំកំពូលៗពីបណ្តាប្រទេសផ្សេងៗទៀត នឹងជួបប្រជុំគ្នាក្នុងសន្និសីទសន្តិសុខនៅទីក្រុងមុយនិកប្រទេសអាល្លឺម៉ង់ចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ខាងមុខនេះ។
ការហៅទូរស័ព្ទរបស់មុខរដ្ឋដ៏មានអំណាចទាំងពីរ កើតឡើងភ្លាមៗ មុនប្រធានាធិបតី អ៊ុយក្រែន លោក វ៉ុលឌីមៀរ ហ្សេលេនស្គី គ្រោងជួបជជែកទ្វេភាគីជាមួយអនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance ដែលនឹងចូលរួមសន្និសីទសន្តិសុខនេះ។
ការសន្ទនារបស់លោក ដូណាល់ ត្រាំ និង លោក ពូទីន កើតឡើងនៅមុនជំនួបរបស់ប្រធានាធិបតីអ៊ុយក្រែនជាមួយអនុប្រធានាធិបតីអាមេរិក អាចជាការសង្កត់ភាគីអ៊ុយក្រែនឲ្យសុខចិត្តទទួលយកនូវលក្ខខណ្ឌណាមួយដែល លោកដូណាល់ បានព្រមព្រៀងជាគោលការណ៍ជាមួយលោកពូទីនរួចហើយ។
ក្រោយជំនួប៩០នាទី នៅលើបណ្តាញសង្គម Truth Social លោក ដូណាល់ ត្រាំ បង្ហោះសារ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម៖
សាររបស់ លោក ដូណាល់ ត្រាំ៖ «ខ្ញុំទើបតែបានទូរស័ព្ទរយៈពេលដ៏វែង និងប្រកបដោយផលិតភាពខ្ពស់ជាមួយប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន នៃប្រទេសរុស្ស៊ី។ យើងបានពិភាក្សាអំពីអ៊ុយក្រែន មជ្ឈិមបូព៌ា ថាមពល បញ្ញាសិប្បនិមិត្ត អំណាចនៃប្រាក់ដុល្លារ និងប្រធានបទផ្សេងៗជាច្រើនទៀត។ យើងទាំងពីរបានឆ្លុះបញ្ចាំងឱ្យឃើញពីប្រវត្តិសាស្រ្តដ៏អស្ចារ្យនៃប្រជាជាតិរបស់យើង និងការពិតដែលថាយើងបានប្រយុទ្ធរួមគ្នាដោយជោគជ័យនៅក្នុងសង្គ្រាមលោកលើកទី២ ដោយចងចាំថាប្រទេសរុស្ស៊ីបានបាត់បង់មនុស្សរាប់សិបលាននាក់ ហើយយើងក៏បាត់បង់មនុស្សជាច្រើនផងដែរ! យើងម្នាក់ៗបាននិយាយអំពីភាពខ្លាំងនៃប្រជាជាតិរបស់យើងរៀងៗខ្លួន និងអត្ថប្រយោជន៍ដ៏អស្ចារ្យដែលយើងនឹងមាននៅថ្ងៃណាមួយក្នុងការធ្វើការជាមួយគ្នា។ ប៉ុន្តែជាដំបូង ដូចដែលយើងទាំងពីរបានព្រមព្រៀងគ្នា យើងចង់បញ្ឈប់ការស្លាប់រាប់លាននាក់ដែលកើតឡើងនៅក្នុងសង្គ្រាមជាមួយរុស្ស៊ី-អ៊ុយក្រែន។ លោកប្រធានាធិបតី ពូទីន ថែមទាំងបានប្រើបាវចនាយុទ្ធនាការដ៏ខ្លាំងរបស់ខ្ញុំគឺ«ប្រកបដោយហេតុផល (COMMON SENCE)»។ យើងទាំងពីរជឿជាក់យ៉ាងមុតមាំលើវា។ យើងបានយល់ព្រមធ្វើការជាមួយគ្នាយ៉ាងជិតស្និទ្ធ រួមទាំងការទៅទស្សនកិច្ចប្រជាជាតិគ្នាទៅវិញទៅមក។ យើងក៏បានយល់ព្រមឱ្យមានក្រុមចរចារៀងៗខ្លួនចាប់ផ្តើមការចរចាភ្លាមៗ ហើយយើងនឹងចាប់ផ្តើមដោយការហៅទូរស័ព្ទទៅប្រធានាធិបតី Zelenskyy នៃប្រទេសអ៊ុយក្រែន ដើម្បីជូនដំណឹងដល់គាត់អំពីការសន្ទនា ដែលខ្ញុំនឹងធ្វើនៅពេលនេះ។ ខ្ញុំបានសុំឱ្យលោក Marco Rubio រដ្ឋមន្ត្រីការបរទេស, លោក John Ratcliffe នាយក CIA, លោក Michael Waltz ទីប្រឹក្សាសន្តិសុខជាតិ និង លោក Steve Witkoff ឯកអគ្គរដ្ឋទូត និងបេសកជនពិសេស ដឹកនាំការចរចាដែលខ្ញុំដឹងច្បាស់ថានឹងទទួលបានជោគជ័យ។ មនុស្សរាប់លាននាក់បានស្លាប់នៅក្នុងសង្រ្គាមដែលនឹងមិនកើតឡើងប្រសិនបើខ្ញុំជាប្រធានាធិបតី ប៉ុន្តែវាបានកើតឡើងទៅហើយ ដូច្នេះវាត្រូវតែបញ្ចប់។ មិនគួរណាបាត់បង់ជីវិតទៀតទេ! ខ្ញុំចង់អរគុណលោកប្រធានាធិបតីពូទីនសម្រាប់ពេលវេលា និងការខិតខំប្រឹងប្រែងដោយការគោរពចំពោះការហៅទូរស័ព្ទនេះ និងចំពោះការដោះលែងកាលពីម្សិលមិញ អំពីលោក Marc Fogel ដែលជាបុរសដ៏អស្ចារ្យដែលខ្ញុំបានស្វាគមន៍ដោយផ្ទាល់កាលពីយប់មិញនៅឯសេតវិមាន។ ខ្ញុំជឿថាកិច្ចខិតខំប្រឹងប្រែងនេះនឹងនាំទៅដល់ការសន្និដ្ឋានប្រកបដោយជោគជ័យ សង្ឃឹមថាឆាប់ៗនេះ!»។
មានសេចក្តីរាយការណ៍របស់ CNS News ដែលថា ប្រធានាធិបតី ដូណាល់ ត្រាំ នឹងជួបផ្ទាល់ជាមួយប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀរ ពូទីន នៅឯប្រទេស អារ៉ាប៊ី សាអូឌីត ក្នុងពេលឆាប់ៗ ដែលពេលវេលាជាក់លាក់ មិនត្រូវបានបង្ហាញឡើយ៕


-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៣ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


