ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីថៃនឹងទៅព្រំដែនជាប់ប៉ោយប៉ែត ពិនិត្យមើលសកម្មភាពឆបោកតាមអនឡាញ
នាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត្រា នឹងធ្វើដំណើរទស្សនកិច្ចមកកាន់ខេត្តជាប់ព្រំដែនកម្ពុជានៅថ្ងៃទី២៨ខែកុម្ភៈ ដើម្បីត្រួតពិនិត្យមើលស្ថានភាពទូទៅនៃស្ថានភាពឆបោកតាមអ៊ិនធឺណិត ដែលកំពុងតែចោទជាបញ្ហាយ៉ាងខ្លាំងនៅតាមខេត្តព្រំដែនជុំវិញប្រទេសជាពិសេសព្រំដែនជាមួយមីយ៉ាន់ម៉ា។

លោកស្រី ផែថងថាន បានបញ្ជាក់ថា ចំពោះរឿងនេះរដ្ឋាភិបាលនឹងអនុវត្តយ៉ាងម៉ឺងម៉ាត់ទាំងនៅថៃ ចិន មីយ៉ាន់ម៉ានិងកម្ពុជា ហើយ លោកស្រីនឹងចុះទៅច្រកព្រំដែនខ្លងលឹកជិតផ្សាររោងក្លឿ ស្រុកអារញ្ញ ខេត្តស្រះកែវ ជាប់ព្រំដែនក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យរបស់ប្រទេសកម្ពុជា នៅថ្ងៃទី២៨ខែកុម្ភៈ ដើម្បីតាមដាន និងត្រួតពិនិត្យមើលបញ្ហានេះដោយខ្លួនឯងផ្ទាល់ និងដើម្បីពន្លឿនការដោះស្រាយនិងលុបបំបាត់ឱ្យអស់ពីប្រទេសថៃឱ្យបានឆាប់បំផុត។
លោកស្រី ផែថងថាន បានទទួលស្គាល់ថា បទល្មើសឆបោកតាមអ៊ីនធឺណិតបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋយ៉ាងខ្លាំង ខណៈអាជ្ញាធរថៃបានបង្ក្រាបយ៉ាងចាស់ដៃនៅតាមព្រំដែនជាប់មីយ៉ាន់ម៉ា និងបន្តមកកាន់ព្រំដែនជាប់កម្ពុជា។
សារព័ត៌មានថៃ Khaosod បានផ្សាយថា លោកស្រី នាយករដ្ឋមន្ត្រីថៃ បានដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រីអំពីការបង្ក្រាបក្រុមឧក្រិដ្ឋជនឆបោកតាមអនឡាញ និងបានចាត់ទុកថាបទល្មើសនេះបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋយ៉ាងខ្លាំង។
លោកស្រីនាយករដ្ឋមន្ត្រី ក្នុងពេលថ្មីៗក៏ធ្លាប់បានអះអាងថា លោកស្រីស្ទើរតែចាញ់បោកក្រុមឆបោកតាមអនឡាញ ដែលប្រើប្រាស់បច្ចេកវិទ្យា AI យកត្រាប់សម្លេងរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ដោយអះអាងថា ប្រទេសរបស់លោកស្រីមិនទាន់បានបង់មូលនិធិសប្បុរសធម៌ ហើយតម្រូវឲ្យលោកស្រីវេរមូលនិធិនោះទៅកាន់ទីក្រុងហុងកុង។
តាមការចុះផ្សាយរបស់សារព័ត៌មានថៃ លោកស្រីនាយករដ្ឋមន្ត្រី បានអះអាងថា បច្ចុប្បន្ននេះថៃបានបើកប្រតិបត្តិការបង្ក្រាបនៅខេត្តទាំង១៤ ដែលជាប់ព្រំដែន ហើយបានទទួលកិច្ចសហការយ៉ាងល្អពីប្រទេសចិននិងមីយ៉ាន់ម៉ា ធ្វើឱ្យអាចចាប់ខ្លួនបានមួយចំនួនធំ។ អ្នកដែលត្រូវបានចាប់ខ្លួន ក្រសួងការពារជាតិថៃបានសម្របសម្រួលជាមួយប្រទេសគោលដៅឱ្យមកទទួលយកពួកគេជាក្រុម២ត្រឡប់ទៅស្រុកវិញ ដើម្បីជៀសវាងកុំឱ្យមានបញ្ហាកើតឡើង។
លោកស្រីថា ប្រទេសថៃ ចិន និងមីយ៉ាន់ម៉ា បានបង្កើតគណៈកម្មការត្រីភាគីមួយដើម្បីពិភាក្សានិងដោះស្រាយបញ្ហាជាក់ស្តែងលើករណីនេះ ដោយបញ្ជាឱ្យចាត់វិធានការយ៉ាងតឹងរ៉ឹងចំពោះមន្ត្រីដែលពាក់ព័ន្ធនឹងអំពើពុករលួយ ដោយរុញឲ្យប្រើវិធានការច្បាប់ ហើយក្រសួងឌីជីថលថៃត្រូវធ្វើការជាមួយគណៈកម្មាធិការផ្សព្វផ្សាយ និងទូរគមនាគមន៍ អាជីវកម្មទូរទស្សន៍ និងក្រុមហ៊ុនទូរគមនាគមន៍ដើម្បីធ្វើការរុះបង្គោលអង់តែនអ៊ីនធឺណិតនៅជិតព្រំដែន កាត់បន្ថយកម្ពស់និងកម្លាំងសេវា ហើយបង្វែរសេវាឆ្ពោះទៅកាន់ព្រំដែនថៃវិញ ព្រមទាំងកាត់ផ្តាច់ប្រអប់ស៊ីមអ៊ីនធឺណិតផងដែរ។
លោកស្រីថា ចំពោះក្រុមឧក្រិដ្ឋជនឆបោកអនឡាញនេះត្រូវតែបង្ក្រាបឱ្យអស់ ប្រសិនបើបង្ក្រាបមិនអស់មិនឈប់នោះទេ៕
ដោយ រ៉ាន់ រើយ

-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


