Connect with us

ព័ត៌មានអន្ដរជាតិ

មេដឹកនាំ​ហុងគ្រី៖ រុស្ស៊ី​មិន​ទាំង​អាច​វាយ​ឈ្នះ​អ៊ុយក្រែន​ផង ម្ដេច​អាច​គំរាមកំហែង​ណាតូ​ទៅ​រួច

បានផុស

នៅ

«រុស្ស៊ី​គឺ​ខ្សោយណាស់​ក្នុង​ការ​បង្ក​ជា​ការ​គំរាមកំហែង​ដល់​អង្គការ​ណាតូ។ ពួក​គេ​មិន​អាច​សូម្បី​តែ​យក​ឈ្នះ​អ៊ុយក្រែនផង​ ដូច្នេះ​ពួក​គេ​ពិត​ជា​មិន​អាច​វាយ​ប្រហារ​ណាតូ​បាន​ទេ»។ នេះ​ជា​ប្រសាសន៍​របស់​លោក Viktor Orban នាយករដ្ឋមន្ត្រី​ហុងគ្រី នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ​ទូរទស្សន៍​ LCI របស់​បារាំង កាល​ពី​ថ្ងៃ​ទី​៩​ខែ​មិថុនា​ឆ្នាំ​២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
​លោក Viktor Orban (រូបថត៖ Reuters)

លោក Orban ដែលត្រូវបានគេស្គាល់សម្រាប់ជំហរគាំទ្ររុស្ស៊ីរបស់គាត់ និងការរិះគន់ជាញឹកញាប់អំពីការចូលរួមរបស់បស្ចិមប្រទេសនៅក្នុងសង្គ្រាមអ៊ុយក្រែន បានសង្កត់ធ្ងន់ថា ដំណោះស្រាយពិតប្រាកដមិនស្ថិតនៅលើសមរភូមិទេ ប៉ុន្តែនៅលើតុចរចា។ លោកបានមានប្រសាសន៍ថា «យើងត្រូវការបទឈប់បាញ់ជាមុនសិន បន្ទាប់មកការចរចាសន្តិភាព»។ លោកបានបន្ថែមថា មានតែសហរដ្ឋអាមេរិកទេដែលមានអំណាចនយោបាយក្នុងការចរចាសន្តិភាពជាមួយរុស្ស៊ី។ លោក​បាន​បន្ត​ថា​ «​ទាំង​អឺរ៉ុប និង​អ៊ុយក្រែន​នឹង​មិន​អាច​ចរចា​ជាមួយ​រុស្ស៊ី​បាន​ទេ»។

លោកក៏បានបញ្ជាក់ផងដែរថា អ៊ុយក្រែនមិនទាន់ត្រៀមខ្លួនសម្រាប់សមាជិកភាពសហភាពអឺរ៉ុប ឬណាតូ​នៅ​ឡើយ​ទេ ដោយអះអាងថា ការទទួលយកទីក្រុងកៀវ ចូលទៅក្នុងសម្ព័ន្ធភាពនឹងក្លាយ​ជា​កំហុស ហើយនឹងបង្កើនហានិភ័យនៃជម្លោះដោយផ្ទាល់ជាមួយទីក្រុងមូស្គូ។ លោក Orban បានរៀបរាប់​ថា «សម្រាប់ពួកយើង​ហុងគ្រី និងសម្រាប់សហភាពអឺរ៉ុបទាំងមូល វាមិនមែនជាផលប្រយោជន៍របស់យើងក្នុងការបង្កើត​ឲ្យ​មានការគំរាមកំហែងនៃសង្រ្គាម និងជម្លោះដោយផ្ទាល់ជាមួយរុស្ស៊ីនោះទេ»។

ការលើកឡើងរបស់លោក ធ្វើឡើងចំពេលមានការព្រមានកាន់តែខ្លាំងឡើងពីមេដឹកនាំ និងមន្ត្រីយោធាលោកខាងលិច ដែល​ថា រុស្ស៊ីអាចបង្កការគំរាមកំហែងធ្ងន់ធ្ងរដល់អង្គការណាតូក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ។ ថ្មីៗនេះ អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បានអំពាវនាវ​ឲ្យ​អឺរ៉ុប​​មានការត្រៀមលក្ខណៈការពារខ្លួន ហើយប្រធានចារកម្មអាល្លឺម៉ង់ លោក Bruno Kahl បានព្រមានថា រុស្ស៊ីអាចសាកល្បង​មើល​​ការរួបរួម និងកម្លាំងរបស់ណាតូ ជាមួយនឹងសកម្មភាពលាក់កំបាំង ឬការវាយប្រហារ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ជា​ដើម។

ទោះបីជាបែបនេះក៏ដោយ លោក Orban រក្សាជំហររបស់គាត់ថា សន្តិភាពគួរតែត្រូវបានផ្តល់អាទិភាពលើការ​ពង្រឹង​យោធាបន្ថែមទៀត។ ហុងគ្រីបានប្រកាន់ជំហរទន់ភ្លន់ជាងមុនលើរុស្ស៊ី ចាប់តាំងពីការចាប់ផ្តើមនៃសង្រ្គាមនៅអ៊ុយក្រែន ហើយជារឿយៗបានប្រឆាំង ឬពន្យារពេលការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុបប្រឆាំងនឹងទីក្រុងមូស្គូ។ រដ្ឋាភិបាលរបស់​លោក Orban ក៏បានប្រឆាំងនឹងការចូលជាសមាជិក​ណាតូ និង EU របស់អ៊ុយក្រែន​​ផងដែរ។

សូម​ជម្រាប​ថា កាលពីថ្ងៃទី​១៤​ខែមីនា ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី ធ្លាប់​បានប្រាប់អ្នក​កាសែត​ថា មានតែប្រទេសមួយប៉ុណ្ណោះដែលរារាំងវឌ្ឍនភាពលើការសម្រេចចិត្តជាសមាជិកសហភាពអឺរ៉ុបរបស់អ៊ុយក្រែន នោះ​គឺ ប្រទេស​ហុងគ្រី៕

​លោក Viktor Orban និង​មេ​ដឹក​នាំ​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន (រូបថត៖ Reuters)

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម