Connect with us

ព័ត៌មានអន្ដរជាតិ

បណ្តាប្រទេស អាស៊ី កំពុងញាប់ដៃញាប់ជើងរកប្រភពវ៉ាក់សាំង គ្រាដែលឥណ្ឌាផ្អាកផ្គត់ផ្គង់ឲ្យ COVAX

បានផុស

នៅ

បណ្តាប្រទេសនៅអាស៊ីជាច្រើនកាលពីថ្ងៃអង្គារកំពុងញាប់ដៃញាប់ជើងស្វែងរកប្រភពវ៉ាក់សាំងការពារជំងឺកូវីដ ១៩ បន្ថែម បន្ទាប់ពីឥណ្ឌារឹតត្បិតការនាំចេញវ៉ាក់សាំងទើបបណ្ដាលឲ្យគម្រោង COVAX ដែលគាំទ្រដោយអង្គការសុខភាពពិភពលោក (WHO) ខ្វះការផ្គត់ផ្គង់ ។

កូរ៉េខាងត្បូង ឥណ្ឌូនេស៊ី និងហ្វីលីពីន គឺស្ថិតក្នុងចំណោមប្រទេសដែលរងផលប៉ះពាល់ដោយការពន្យារពេលនៃការដឹកជញ្ជូនវ៉ាក់សាំង ខណៈដែលពួកគេគឺទទួលបានតិចជាងការសន្យាក្រោមកម្មវិធី COVAX ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រទេសឥណ្ឌាដែលជាអ្នកផលិតវ៉ាក់សាំងធំជាងគេលើពិភពលោកបានផ្អាកជាបណ្ដោះអាសន្នលើការនាំចេញវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ដែលត្រូវបានផលិតដោយវិទ្យាស្ថាន Serum ឥណ្ឌា (SII) ខណៈដែលក្រុមមន្រ្តីផ្តោតលើការឆ្លើយតបតម្រូវការក្នុងស្រុកដែលករណីឆ្លងកំពុងកើនឡើង ។

SII បានសន្យាថានឹងបញ្ជូនវ៉ាក់សាំងចំនួន ៩០ លានដូសទៅកាន់គម្រោង COVAX នៅខែមីនា និងមេសា ហើយខណៈពេលនេះវាមិនទាន់ច្បាស់នោះទេថាតើចំនួនប៉ុន្មាននឹងត្រូវបានបង្វែរសម្រាប់ការប្រើប្រាស់ក្នុងប្រទេសឥណ្ឌា ខណៈ SII ក៏បានព្រមានជាមុនផងដែរថា ការពន្យាពេលនៃការដឹកជញ្ជូនគឺជៀសមិនរួចនោះទេ ។

ទន្ទឹមនោះប្រទេសកូរ៉េខាងត្បូងបានបញ្ជាក់ថា ខ្លួននឹងទទួលបានវ៉ាក់សាំងតែ ៤៣២,០០០ ដូសប៉ុណ្ណោះក្នុងចំណោមវ៉ាក់សាំងចំនួន ៦៩០,០០០ ដូសតាមការសន្យា ហើយពួកគេកំពុងពិភាក្សាជាមួយក្រុមហ៊ុន AstraZeneca ដើម្បីពន្លឿនការដឹកជញ្ជូនវ៉ាក់សាំងដែលបានទិញតាមរយៈកិច្ចព្រមព្រៀងដាច់ដោយឡែកមួយផ្សេង ។

បន្ថែមពីនេះប្រទេសហ្វីលីពីន និងវៀតណាមបានស្នើឲ្យវិស័យឯកជនជួយលើការនាំចូលវ៉ាក់សាំង បន្ទាប់ពីការផ្គត់ផ្គង់វ៉ាក់សាំងពីគម្រោង COVAX ចូលមកប្រទេសវៀតណាមបានធ្លាក់ចុះ ៤០ ភាគរយពោលចំនួន ៨១១,២០០ ដូស ។ ចំណែកនៅប្រទេសឥណ្ឌូនេស៊ី វ៉ាក់សាំងចំនួន ១០.៣ លានដូសពីគម្រោង COVAX ទំនងជាត្រូវពន្យារពេលរហូតដល់ខែឧសភា ។

ទាំងហ្វីលីពីន និងឥណ្ឌូនេស៊ីបច្ចុប្បន្នកំពុងពឹងផ្អែកយ៉ាងខ្លាំងលើវ៉ាក់សាំងពីក្រុមហ៊ុនចិន Sinovac ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ របស់ខ្លួន ហើយហ្វីលីពីន និងវៀតណាមក៏ជាប្រទេសបានអនុម័តប្រើប្រាស់វ៉ាក់សាំង Sputnik V របស់រុស្ស៊ីរួមជាមួយប្រទេសជាង ៥០ ផ្សេងទៀតផងដែរ ។

ស្របពេលជាមួយគ្នានេះប្រទេសឥណ្ឌាមិនបានផ្តល់ព័ត៌មានលម្អិតស្តីពីរយៈពេលផ្អាកនៃការនាំចេញវ៉ាក់សាំងនោះទេ ប៉ុន្តែអង្គការ UNICEF ដែលជាដៃគូចែកចាយរបស់គម្រោង COVAX បាននិយាយកាលពីចុងសប្តាហ៍ថា ការចែកចាយអាចនឹងបន្តឡើងវិញនៅខែឧសភា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ CNA

ចុចអាន ៖ WHO ជំរុញប្រទេសអ្នកមានបរិច្ចាគវ៉ាក់សាំង ១០ លានដូសជាបន្ទាន់ដល់ប្រទេសក្រីក្រ

ចុចអាន ៖ WHO ថា ជំងឺកូវីដ ១៩ បំប្លែងខ្លួនថ្មីកំពុងជំនួសវីរុសប្រភេទដើម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម