Connect with us

ព័ត៌មានអន្ដរជាតិ

​អ្នកសារ​ព័ត៌មាន Reuters បោះបង់​អាជីព​ ដោយ​​​ឃើញ​​​​ភាពលម្អៀង​ទៅអ៊ីស្រាអែលស្រស់ៗពេក​

បានផុស

នៅ

អ្នកកាសែត​ថត​រូប​ជនជាតិកាណាដា អ្នកស្រី Valerie Zink ដែល​ធ្វើ​ជា​ភ្នាក់ងារ​ផ្តល់​ដំណឹង​និង​​​ផ្គត់ផ្គង់រូបភាព​​ឲ្យសារព័ត៌មាន​រ៉យទ័រ (Reuters) របស់​ចក្រភព​​អង់គ្លេសដ៏ល្បីល្បាញ បាន​​ប្រកាស​ឈប់​​​ធ្វើ​ការ​ឲ្យ​សារព័ត៌មាន​មួយនេះ​ដោយ​​ចោទ​​ប្រកាន់​ថា សារ​ព័ត៌មាន​​លំអៀង​ទៅ​រកអ៊ីស្រាអែល​​ដែល​បាន​​សម្លាប់​​អ្នក​​សារព័ត៌មាន​​​អស់​ចំនួន​២៤៦​នាក់​ក្នុង​ប្រតិបត្តិការ​​​​​​សឹក​នៅ​ក្នុងតំបន់ហ្គាហ្សា។

 រូបកាតភ្នាក់ងារ​របស់ Reuters។ FB/Valerie Zink
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយ​ការ​ប្រកាសនៅលើទំព័រ Facebook ផ្ទាល់ខ្លួន «Valerie Zink»​ ​អ្នកសារ​​​ព័ត៌មាន​​ថតរូបនេះ ​បាន​អះអាង​ថា​ខ្លួន​កំពុង​​លាលែងពីទីភ្នាក់ងារសារព័ត៌មាន Reuters បន្ទាប់ពី​បម្រើ​ការ​​អស់​រយៈ​ពេល​ប្រាំបីឆ្នាំក្នុងនាមជាអ្នកកាសែត ដោយនិយាយថានាងមិនអាចធ្វើការឱ្យ Reuters ដែលនាងបានចោទប្រកាន់ពីបទ «ផ្តល់ភាពយុត្តិកម្ម និងបើកដំណើរការ»​សម្លាប់អ្នកកាសែត​២៤៦​ជាប្រព័ន្ធរបស់អ៊ីស្រាអែលនៅហ្គាហ្សា។

នាង​និយាយថា៖ «ខ្ញុំជំពាក់សហសេវិករបស់ខ្ញុំនៅប៉ាឡេស្ទីនយ៉ាងហោចណាស់ចំនួន​នេះ​ និងច្រើនទៀត»​។

​អ្នកនាង ​Zink បាន​អះអាងថា​ រូប​ភាព​​​​របស់ខ្លួន​ដែលបាន​ថត​ផ្គត់ផ្គង់​ឲ្យ​ Reuter ត្រូវបានបោះពុម្ពផ្សាយ​យ៉ាងទូលំទូលាយ​ ដោយកាសែត New York Times, Al Jazeera និង​​​បណ្តា​ភ្នាក់ងារ​​សារព័ត៌មាន​នានានៅទូទាំងអាមេរិកខាងជើង អឺរ៉ុប និងអាស៊ី។

​​​​​​នាង​​បាន​លើក​ឡើង​ថា ការរាយការណ៍របស់ Reuters បានរួមចំណែកដល់លក្ខខណ្ឌដែលអ្នកកាសែតចំនួន ២៤៦​ នាក់ត្រូវបានសម្លាប់ចាប់តាំងពីអ៊ីស្រាអែលបានចាប់ផ្តើមការសម្លាប់រង្គាលរបស់ខ្លួននៅតំបន់ហ្គាហ្សាក្នុងខែតុលាឆ្នាំ ២០២៣​​។

​ភ្នាក់ងារ​រ៉យទ័រ​រូ​បនេះ បាន​លើក​ឡើង​ថា នៅពេលដែលអ៊ីស្រាអែលបានសម្លាប់លោក Anas Al-Sharif រួមជាមួយនឹង​ក្រុម​​ការងារ​ របស់​​សារព័ត៌មាន​ Al-Jazeera ទាំងមូលនៅទីក្រុងហ្គាហ្សា​ កាលពីថ្ងៃទី ១០ខែសីហា ​សារព័ត៌មាន Reuters បានជ្រើសរើសយក​ការ​ផ្សាយដោយ​គ្មានមូលដ្ឋានទាំងស្រុងរបស់អ៊ីស្រាអែលដែលថា លោក​ Al-Sharif គឺជាប្រតិបត្តិកររបស់ហាម៉ាស ដែលជាការកុហកជាច្រើនរាប់មិនអស់ដែលប្រព័ន្ធផ្សព្វផ្សាយដូចជា Reuters បាននិយាយដដែលៗ និងថ្លៃថ្នូរ​ក្នុងតួនាទី​​​នោះ​​។

​អ្នក​នាង Valerie Zink បាន​អះអាង​បន្ត​ថា​ ឆន្ទៈរបស់ Reuters ក្នុងការបន្តការឃោសនារបស់អ៊ីស្រាអែល មិនបានជួយសង្គ្រោះអ្នកយកព័ត៌មានរបស់ពួកគេពីការប្រល័យពូជសាសន៍របស់អ៊ីស្រាអែលនោះទេ។ អ្នកកាសែត ៥​នាក់ទៀត រួមទាំងអ្នកថតរូប Reuters លោក Hossam Al-Masri ស្ថិតក្នុងចំណោមមនុស្ស ២០​នាក់ដែលត្រូវបានសម្លាប់នៅព្រឹកនេះនៅក្នុងការវាយប្រហារមួយផ្សេងទៀតលើមន្ទីរពេទ្យ Nasser ។ វាជាអ្វីដែលគេស្គាល់ថា ជាការវាយប្រហារ ដល់​ទៅ២លើក ដែលអ៊ីស្រាអែលទម្លាក់គ្រាប់បែកទៅលើគោលដៅជនស៊ីវិល ដូចជាសាលារៀន ឬមន្ទីរពេទ្យ ដោយ​​ការ​រង់ចាំគ្រូពេទ្យ ក្រុមសង្គ្រោះ និងអ្នកកាសែតមកដល់ ហើយបន្ទាប់មក​អ៊ីស្រាអែល​​វាយ​ប្រហារ​ម្តងទៀត។

អ្នក​នាង យល់​ថា​ ប្រព័ន្ធផ្សព្វផ្សាយលោកខាងលិចមានទោសដោយផ្ទាល់ចំពោះការបង្កើតលក្ខខណ្ឌដែលអាចកើតឡើង។ អ្នក​នាង​បាន​លើក​ឡើង​ ពីការ​អះអាង​​របស់ លោក Jeremy Scahill មកពី Drop Site News ដែល​​និយាយថា បណ្តា​សារព័ត៌មានធំៗ​ រាប់​ចាប់​តាំងពី New York Times ទៅ Washington Post ពី AP ដល់ Reuters ដែល​ពួក​គេ​​បានបម្រើការជាខ្សែក្រវាត់បញ្ជូនសម្រាប់ការឃោសនារបស់អ៊ីស្រាអែល សម្អាត​ឧក្រិដ្ឋកម្មសង្គ្រាម និងធ្វើ​ឱ្យ​ជន​រង​គ្រោះបាត់បង់មនុស្ស បោះបង់ចោលសហសេវិក និងការប្តេជ្ញាចិត្តចំពោះការរាយការណ៍ពិត និងប្រកបដោយក្រមសីលធម៌។

កាល​ពីថ្ងៃចន្ទ​ ការ​វាយប្រហារ​របស់​អ៊ីស្រាអែល​នៅ​មន្ទីរពេទ្យ Nasser នៅ​​​តំបន់Khan Younis ​​បាន​សម្លាប់​​​​មនុស្ស​​២១​នាក់ ក្នុង​នោះ​​មាន​​​អ្ន​កសារព័ត៌មាន​​របស់ Al Jazeera លោក Mohammad Salama អ្នកថតរូបរបស់​ Reuters លោក Hussam al-Masri ភ្នាក់ងារ​មិនពេញសិទ្ធិរបស់ Associated Press លោក​ Mariam Abu Daqqa និង Ahmed Abu Aziz និង​​ Moaz Abu Taha។

យោ​ង​ទីភ្នាក់ងារ​ព័ត៌មាន Al Jazeera ​​ប្រទេសតួកគី កាតា អ៊ីរ៉ង់ អេហ្ស៊ីប និងអារ៉ាប៊ីសាអូឌីត សុទ្ធតែបានចេញការថ្កោលទោសយ៉ាងខ្លាំង ដោយពណ៌នាការសម្លាប់អ្នកសារព័ត៌មាន និងបុគ្គលិកពេទ្យថា«ជាឧក្រិដ្ឋកម្មសង្គ្រាម»។ ការ​វាយប្រហារ​របស់​អ៊ីស្រាអែល​ បាន​នាំឱ្យចំនួនអ្នកកាសែត និងបុគ្គលិកប្រព័ន្ធផ្សព្វផ្សាយដែលត្រូវបានសម្លាប់នៅហ្គាហ្សាចាប់តាំងពីខែតុលាឆ្នាំ ២០២៣​ ដល់យ៉ាងហោចណាស់ ២៧៣​នាក់៕​

ដោយ រ៉ាន់ រើយ​

រូប​ភាព​ប្រជាជន​នៅ​ហ្គាហ្សា។  FB/Valerie Zink
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម