Connect with us

ព័ត៌មានអន្ដរជាតិ

អតីតប្រធានាធិបតីបារាំង ​ជាប់ពន្ធនាគារ៥ឆ្នាំ ព្រោះ​ទទួល​លុយ​ខុសច្បាប់​ពី Gaddafi

បានផុស

នៅ

អតីតប្រធានាធិបតីបារាំងលោក Nicolas Sarkozy ត្រូវបានតុលាការ​កាត់ទោសកាលពីថ្ងៃព្រហស្បតិ៍​ទី​២៥​ខែ​កញ្ញា​​ឲ្យ​ជាប់ពន្ធនាគាររយៈពេល​៥​ឆ្នាំ បន្ទាប់ពីរកឃើញថាមានពិរុទ្ធពីបទសមគំនិតឧក្រិដ្ឋកម្មពាក់ព័ន្ធនឹងមូលនិធិខុសច្បាប់រាប់លានអឺរ៉ូដែលត្រូវបានចោទប្រកាន់ថាបានផ្តល់ដោយ​អតីត​មេដឹកនាំលីប៊ីលោក Muammar Gaddafi។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
លោក Nicolas Sarkozy (រូបថត៖​ Reuters)

លោក Sarkozy ដែលគ្រប់គ្រងប្រទេសបារាំងពីឆ្នាំ​២០០៧ ដល់ឆ្នាំ២០១២ បានបរិហារសាលក្រមនេះថា«ធ្ងន់ធ្ងរបំផុតសម្រាប់នីតិរដ្ឋ» ដោយទទូចថា ករណីនេះគឺមានហេតុផលនយោបាយ។ លោក​បាន​និយាយ​នៅ​ខាង​ក្រៅ​តុលាការ​ថា​ «​បើ​ពួកគេ​ចង់​ឲ្យ​ខ្ញុំ​ដេក​ក្នុង​គុក ខ្ញុំ​នឹង​ដេក​ក្នុង​គុក ប៉ុន្តែ​ជាមួយមោទនភាព និង​សេចក្តីថ្លៃថ្នូរ»។

រដ្ឋអាជ្ញាបានចោទប្រកាន់លោក​ Sarkozy ថា​បានទទួលយកលុយ​រាប់លាន​ពី​លោក Gaddafi ដើម្បីផ្តល់មូលនិធិដល់យុទ្ធនាការប្រធានាធិបតីឆ្នាំ​២០០៧របស់គាត់ ជាថ្នូរនឹងការជួយមេដឹកនាំលីប៊ីធ្វើ​ឲ្យ​ប្រសើរឡើងនូវជំហររបស់ខ្លួន​នៅលោកខាងលិច។ ចៅក្រម Nathalie Gavarino បាននិយាយថា លោក Sarkozy បានអនុញ្ញាត​ឲ្យ​ជំនួយការជិតស្និទ្ធទៅជួបមន្ត្រីលីប៊ី ដើម្បីទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុ ទោះបីជាតុលាការបានរកឃើញព័ស្តុតាងមិនគ្រប់គ្រាន់ដែលថាគាត់ទទួលបានអត្ថប្រយោជន៍ដោយផ្ទាល់ពីមូលនិធិក៏ដោយ។

លោក Sarkozy​ ក៏ត្រូវ​បាន​តុលាការ​តម្រូវ​ឲ្យបង់ប្រាក់ពិន័យចំនួន ១០០ ០០០​អឺរ៉ូផងដែរ។ នេះ​ជា​​​លើក​​ដំបូង​ហើយ​​ដែល​អតីត​ប្រធានាធិបតី​បារាំង​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ក្នុង​ករណី​បែប​នេះ។

ការស៊ើបអង្កេត​លើ​លោក Sarkozy បានចាប់ផ្តើមនៅក្នុងឆ្នាំ២០១៣ ពីរឆ្នាំបន្ទាប់ពីកូនប្រុសរបស់លោក Gaddafi ឈ្មោះ Saif al-Islam បានចោទប្រកាន់អតីត​មេដឹកនាំ​បារាំង​​ថាបានយកមូលនិធិយុទ្ធនាការពីលីប៊ី។ នៅក្នុងឆ្នាំ២០១៤ អ្នកជំនួញជនជាតិលីបង់ Ziad Takieddine បានអះអាងថាមានព័ស្តុតាងដែលថាយុទ្ធនាការរបស់លោក Sarkozy ត្រូវបានផ្តល់ហិរញ្ញប្បទានយ៉ាងច្រើនដោយប្រទេសលីប៊ី ជាមួយនឹងការទូទាត់សរុបរហូតដល់ ៥០លានអឺរ៉ូ។

សម្ព័ន្ធមិត្តដែលមានឋានៈខ្ពស់មួយចំនួនក៏ត្រូវបានកាត់ទោសផងដែរ។ អតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក Claude Gueant ត្រូវបានគេរកឃើញថាមានពិរុទ្ធពីបទពុករលួយ ខណៈដែលអតីតរដ្ឋមន្ត្រីក្រសួងមហាផ្ទៃម្នាក់ទៀតគឺលោក Brice Hortefeux ត្រូវបានកាត់ទោសពីបទសមគំនិតឧក្រិដ្ឋកម្ម៕

លោក Nicolas Sarkozy និង​លោក Muammar Gaddafi (រូបថត៖​​ Sipa Press)

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម