Connect with us

សុខភាព

ការធ្លាក់ចុះ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ទាប​ពេក នៃ​អ្នកជំងឺ​ទឹកនោមផ្អែម ជា​គ្រោះថ្នាក់​មួយ​ដែល​មិនគួរ​មើលរំលង

បានផុស

នៅ

​ការធ្លាក់ចុះ​ទាប​ពេក​នៃ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ទៅលើ​អ្នកជំងឺ​ទឹកនោមផ្អែម គឺជា​បញ្ហា​ ដែល​ជួបប្រទះ​ញឹកញាប់ ជាពិសេស​លើ​អ្នកជំងឺ​ទឹកនោមផ្អែម ដែល​ព្យាបាល​ដោយ​ថ្នាំ​ចាក់​ប្រភេទ​អ៊ាំ​ង​ស៊ុយ​លីន និង​ថ្នាំ​គ្រាប់​ក្រុម​ស៊ុ​ល​ហ្វា​មី​ត (Sulfamide hypoglycémiant) និង​ក្រុម​គ្លី​នី​ត (Glinide)​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជាការ​ពិតណាស់ ស្ទើរតែ​គ្រប់​អ្នកជំងឺ​ទឹកនោមផ្អែម​គ្រប់រូប​តែងតែ​មានការ​ខ្វាយខ្វល់​អំពី​ការឡើង​កម្រិត​ជាតិ​ស្ករ​នៅក្នុង​ឈាម​របស់គាត់ ប៉ុន្តែ​ពួកគាត់​ទាំងនោះ បាន​មើលរំលង​អំពី​គ្រោះថ្នាក់​នៃ​ការថយចុះ​កម្រិត​ជាតិ​ស្ករ​ទាប​ពេក​នៅក្នុង​ឈាម ដែលជា​មូលហេតុ​ចម្បង​ទី​១ នៃ​ការចូល​សម្រាក​ពេទ្យ​របស់​អ្នកជំងឺ​ទឹកនោមផ្អែម ហើយ​វា​ជា​ក្តី​បារម្ភ​ខ្លាំង​បំផុត​នៃ​ក្រុម​វេជ្ជបណ្ឌិត​យើងខ្ញុំ​។​

១) តើ​ពេលណា​ទើប​យើង​ហៅថា ​ការធ្លាក់ចុះ​ជាតិ​ស្ករ​ខ្លាំងពេក នៃ​អ្នកជំងឺ​ទឹកនោមផ្អែម​?

​តាម​និយមន័យ វា​ជាការ​ស្តែងចេញ​នៃ​រោគសញ្ញា​នៃ​ការខ្វះ​ជាតិ​ស្ករ​ទៅ​ចិញ្ចឹម​ខួរក្បាល (Neuroglucopénie) ព្រម​គ្នា​ជាមួយ​ការធ្លាក់ចុះ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ដែលមាន​ចំនួន​តូច​ជាង ០.៧ g/l ហើយ​សញ្ញា​ទាំងអស់នេះ ​នឹង​បាត់​ទៅវិញ​បន្ទាប់ពី មានការ​បង្គ្រប់​ជាតិ​ស្ករ (Triade de WHIPPLE)​។​

២) រោគសញ្ញា​៖

​ក​) សញ្ញា​ដែល​កើតឡើង​ដោយសារ​ការបញ្ចេញ​អ័រម៉ូន​អា​ដ្រេ​ណា​លីន (Réaction adrénergique)

– អាកា​រៈ​ញ័រ​ដៃជើង (Tremblement)

– ញ័រ​ទ្រូង (Palpitation)

– បែកញើស (Transpiration)

– ថប់​បារម្ភ (Anxiété)

– ឃ្លាន​អាហារ​ខ្លាំង (Faim)

– ចង្អោរ (Nausée)

– ស្ពឹក​ជុំវិញ​មាត់ (Picotement péribuccale)

– ស្លេកស្លាំង (Paleur)

​ខ​) សញ្ញា​ដែល​កើតចេញពី​ការខ្វះ​ស្ករ​ចិញ្ចឹម​ខួរក្បាល (Neuroglucopénie)

– វិបត្តិ​នៃ​ការ​ផ្ចង់អារម្មណ៍ (Trouble de concentration)

– ប្រែប្រួល​អារម្មណ៍ (Changement de l’humeur)

– ខ្សោយ​កម្លាំង (Faibless)

– ស្រវាំងភ្នែក (Flou visuelle)

– ឈឺក្បាល (Céphalée)

– សន្លឹម (Somnolence)

– វង្វេង (Confusion)

– ប្រកាច់ (Convulsion)

​ការធ្លាក់ចុះ​ជាតិ​ស្ករ​ខ្លាំង​ធ្ងន់ធ្ងរ អាចឈាន​ដល់​ការបាត់បង់​ស្មារតី និង​អាច​ដល់​ស្លាប់បាត់​បង់ជីវិត​ផង​ក៏មាន​។​

៣) ផលវិបាក​នៃ​ការចុះ​ជាតិ​ស្ករ​ទាប​ពេក​នៃ​អ្នកជំងឺ​ទឹកនោមផ្អែម ដែល​ប្រជាពលរដ្ឋ​ត្រូវតែ​ដឹង​៖

​ក​) ផលវិបាក​ទៅលើ​ខួរក្បាល​៖ វា​អាស្រ័យទៅលើ​ភាព​ធ្ងន់ធ្ងរ និង​រយៈពេល​នៃ​ការចុះ​ជាតិ​ស្ករ ដែល​ក្នុងនោះ​វា​អាច​បណ្តាលឲ្យ​អ្នកជំងឺ​បាត់បង់​ស្មារតី ឬ​អាច​ឈានដល់​ការស្លាប់​តែម្តង​។ មួយវិញទៀត តាម​ការសិក្សា​ថ្មីៗ​បាន​បង្ហាញថា ការចុះ​ជាតិ​ស្ករ​ខ្លាំង និង​ញឹកញាប់ បណ្តាលឲ្យ​មាន​ការកើនឡើង​នូវ​អត្រា​ជំងឺ​វង្វេង (Dementia) នៅពេល​គាត់​មាន​វ័យចាស់​។​

​ខ​) ផលវិបាក​ទៅលើ​បេះដូង​៖ តាម​ការស្រាវជ្រាវ​បង្ហាញថា ការធ្លាក់ចុះ​ជាតិ​ស្ករ​ទាប​ពេក និង​ស្រួចស្រាវ បង្កឲ្យ​មាន​ការកើនឡើង​នូវ​គ្រោះថ្នាក់​បេះដូង ដូចជា ការស្ទះ​សរសៃឈាម​បេះដូង និង​វិបត្តិ​ចង្វាក់បេះដូង​។​

​គ​) វិបត្តិ​ទៅលើ​ភ្នែក​៖ វា​ធ្វើអោយមាន​ការថយចុះ​នៃ​គំហើញ ដោយសារ​ការប៉ះពាល់​ដ​ល់​រ៉េ​ទីន​នៃ​បាត​ភ្នែក​

៤) តើ​អ្នកជំងឺ និង​ក្រុមគ្រួសារ​ត្រូវធ្វើ​ដូចម្តេច ពេល​មាន​បញ្ហា​នេះ​កើតឡើង​?

​ជាការ​ចាំបាច់ អ្នកជំងឺ​ទឹកនោមផ្អែម​ដែល​ព្យាបាល​ដោយ​ថ្នាំ​អ៊ាំ​ង​ស៊ុយ​លីន ស៊ុ​ល​ហ្វា​មី​ត និង​ក្រុម​គ្លី​នី​ត ត្រូវមាន​ជាប់​ខ្លួន​នៅ​ម៉ាស៊ីន​តេស្ត​ជាតិ​ស្ករ និង​ស្ករ (​ស្ករ​គ្រាប់ រឺ​ស្ករ​ដុំ​) និង​ថ្នាំ Glucagon ចាក់​បើ​អាចមាន​។

​ក្នុងករណី​ ដែល​អ្នកជំងឺ​មាន​អាកា​រៈ​នៃ​ការថយចុះ​ជាតិ​ស្ករ ដូច​បាន​រៀបរាប់​ខាងលើ ហើយ​អ្នកជំងឺ​នៅ​ដឹងខ្លួន សូម​ធ្វើតេស្ត​ជាតិ​ស្ករ រួច​អោយ​អ្នកជំងឺ​ទទួលទាន​ស្ករ​ដែល​មាន​បម្រុង​ទុក​។​

​ក្នុងករណី​អ្នកជំងឺ​ចុះ​ជាតិ​ស្ករ​ខ្លាំងពេក​រហូត​បាត់បង់​ស្មារតី ក្រុមគ្រួសារ​អាចជួយ​គាត់​បាន​តាមរយៈ​ការចាក់​ថ្នាំ​គ្លុយ​កា​កុង (Glucagon) ក្នុង​សាច់ដុំ រឺ​បញ្ជូន​អ្នកជំងឺ​ទៅ​មន្ទីរពេទ្យ​ជាបន្ទាន់ ដើម្បី​ទទួល​ការ​បង្គ្រប់​ជាតិ​ស្ករ​តាម​សរសៃឈាម​។​

៥) ការសន្និដ្ឋាន​៖

​គ្រប់​អ្នកជំងឺ​ទឹកនោមផ្អែម​ទាំងអស់ គួរតែ​បង្កើន​ការយកចិត្តទុកដាក់​អំ​ពី​បញ្ហា​ចុះ​កម្រិត​ជាតិ​ស្ករ​ខ្លាំង​ក្នុង​ឈាម ដែលជា​គ្រោះថ្នាក់​ដ៏​ធំ មួយ​សម្រាប់​ជីវិត ហើយ​ការចុះ​ជាតិ​ស្ករ​ខ្លាំង​បែបនេះ ត្រូវតែ​ស្រាវជ្រាវ​រក​មូលហេតុ​ឲ្យ​បាន​ច្បាស់លាស់ និង​ធ្វើការ​ព្យាបាល​ឲ្យ​បាន​សមស្រប​។​

​បើ​បងប្អូន​ជួប​បញ្ហា ឬ​មាន​អាកា​រៈ​ដូច​បាន​រៀបរាប់​ខាងលើ សូម​បងប្អូន​ប្រញាប់​មកជួប​គ្រូពេទ្យ​ឯកទេស​ផ្នែក​ទឹកនោមផ្អែម នៃ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​ពិគ្រោះ​ជំងឺ​រក​មូលហេតុ​ឲ្យ​បាន​ច្បាស់លាស់ និង​ព្យាបាល​បាន​ទាន់ពេលវេលា ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​៕

អត្ថបទ៖ ​រស្មី

សូមចុចអាន៖ ​តើ​អ្នកជំងឺ​ទឹកនោមផ្អែម ​គួរ​គប្បី​តាមដាន​ជាតិ​ស្ករ​ដោយ​ខ្លួនឯង​បែប​ណា​ទើប​ល្អ​?

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម