KPT+
បើបានទៅលេងនៅប្រទេសកូរ៉េខាងត្បូង រឿង ១០ យ៉ាងនេះហាមធ្វើដាច់ខាត
ប្រទេសនីមួយៗលើសកលលោកសុទ្ធតែមានទំនៀមទម្លាប់ និងការប្រកាន់ជំនឿផ្សេងៗគ្នាទៅតាមតំបន់។ រឿងខ្លះអាចធ្វើបាននៅក្នុងស្រុកយើង តែមិនអាចអនុវត្តនៅក្នុងប្រទេសគេបានទេ។ ហេតុនេះ ប្រសិនបើអ្នកបានទៅលេង ឬសិក្សា ឬធ្វើការនៅប្រទេសកូរ៉េខាងត្បូងលើកដំបូង មានតំណមមួយចំនួន អ្នកត្រូវចៀសវាង កុំធ្វើឲ្យសោះ៖
១. កុំសម្ដែងភាពមិនពេញចិត្តទៅលើការកែសម្រស់

នៅប្រទេសកូរ៉េខាងត្បូង ការវះកាត់កែសម្រស់ ជារឿងពេញនិយមបំផុត។ ប្រសិនបើនៅតាមផ្លូវអ្នកអាចប្រទះឃើញថា ស្ត្រីជនជាតិកូរ៉េដែលមើលទៅបានធ្វើការកែកុនចំណុចខ្លះ អ្នកមិនគួរធ្វើការទស្សន៍ទាយឮៗ ឬនិយាយពិភាក្សាគ្នាជាមួយមិត្តពីការកែកុនទាំងនោះឡើយ។ ការតាមមើលដាច់កន្ទុយភ្នែកឬលួចសំលឹងក៏ត្រូវបានហាមដូចគ្នា ព្រោះជារឿងអសីលធម៌។
២. កុំនិយាយខ្លាំងៗពេក
ប្រសិនបើអ្នកស្ថិតនៅក្នុងឡានក្រុង រថភ្លើង ឬកន្លែងតូចចង្អៀតតែមានមនុស្សច្រើន វាមើលទៅមិន សមរម្យនោះទេ ដែលអ្នកនិយាយដោយប្រើសំឡេងឮពេក ទោះជាអ្នកនិយាយភាសាកំណើតរបស់ខ្លួន។ ម្យ៉ាងទៀតទោះបីអ្នកមានអារម្មណ៍បែបណាក៏ដោយ សូមកុំបញ្ចេញវាខ្លាំងពេក ខណៈកំពុងស្ថិតនៅទីសាធារណៈ ព្រោះជីវិតពិតនៅក្នុងប្រទេសនេះ មិនដូចនៅក្នុងរឿងដែលអ្នកបានមើលនោះទេ
៣. កុំអង្គុយផ្ដេសផ្ដាស
រាល់ពេលដែលត្រូវជិះឡានក្រុង ឬរថភ្លើង អ្នកត្រូវមើលឲ្យបានច្បាស់ ព្រោះគ្រប់កន្លែងអង្គុយទាំងអស់មិនមែនសុទ្ធតែអាចអង្គុយបាននោះទេ។ ជាក់ស្ដែងចំពោះកៅអីខ្លះ គឺទុកសម្រាប់ជន ពិការ ស្ត្រីមានផ្ទៃពោះ ឬមនុស្សចាស់ជរាដោយមានដាក់សញ្ញាបញ្ជាក់ត្រឹមត្រូវ។ ហេតុនេះប្រសិនបើមិនច្បាស់ពីរឿងនេះទេ អ្នកអាចសួរជនជាតិដើមដែលនៅទីនោះជាមួយអ្នកបន្ថែមកាន់តែល្អ។
៤. កុំនិយាយដល់ប្រទេសជប៉ុនច្រើនពេក
ប្រទេសកូរ៉េខាងត្បូង និង ជប៉ុន ធ្លាប់មានប្រវត្តិមិនល្អជាមួយគ្នា កាលពីសង្គ្រាមលោកលើកទី២។ ហេតុនេះដើម្បីចៀសវាងនូវបញ្ហាផ្សេងៗ អ្នកមិនគួរលើកយកប្រធានបទទាក់ទងនឹងប្រទេសជប៉ុន មកនិយាយច្រើនពេកនោះទេ នៅពេលដែលកំពុងស្ថិតនៅក្នុងប្រទេសកូរ៉េខាងត្បូង។
៥. កុំស្លៀកពាក់បញ្ចេញសាច់ពេក
អ្នកមិនគួរស្លៀកពាក់បញ្ចេញសាច់ពេកនៅប្រទេសកូរ៉េខាងត្បូងនោះឡើយ ជាពិសេសបញ្ចេញស្មា បង្ហាញខ្នង ឬអាវវាលបញ្ចេញដើមទ្រូង។ វាមិនមែនជារឿងលេងសើចនោះទេ ព្រោះមានអ្នកដំណើរជាច្រើនដែលស្លៀកពាក់មិនសមរម្យ ត្រូវបានស្ដីបន្ទោសដោយស្ត្រីដែលជាជនជាតិកូរ៉េផងដែរ។
៦. កុំលាបាតដៃឡើងលើនៅពេលចង្អុលនរណាម្នាក់
ជនជាតិកូរ៉េមួយចំនួនធំមិនពេញចិត្តនឹងកាយវិការលាបាតដៃឡើងពេលចង្អុលនរណាម្នាក់ទេ ព្រោះថា កាយវិការនេះ ជាកាយវិការទុកប្រើនៅពេលដែលហៅសត្វឆ្កែ។ ហេតុនេះ ប្រសិនបើចង់ហៅនរណាម្នាក់ឲ្យមកជិតខ្លួន អ្នកត្រូវផ្កាប់បាតដៃចុះក្រោម ហើយអាចប្រើកាយវិការបែបនេះដើម្បីតាក់ស៊ីជិះដូចគ្នា។
៧. កុំប្រើប៊ិចក្រហម
អ្នកគួរចៀសវាងការប្រើប៊ិចក្រហម ជាពិសេសនៅពេលដែលចង់សរសេរឈ្មោះនរណាម្នាក់។កាលពីអតីតកាល ប្រជាជនកូរ៉េបានប្រើប៊ិចក្រហមដើម្បីសរសេរឈ្មោះសមាជិកគ្រួសាររបស់អ្នកស្លាប់ នៅក្នុងពិធីបុណ្យសព និងសម្រាប់ចុះសៀវភៅគ្រួសារ។ ជាការល្អគួរប្រើតែប៊ិកខៀវ ឬប៊ិកពណ៌ខ្មៅបានហើយ។
៨. កុំពាក់ស្បែកចូលផ្ទះ

មុននឹងចូលភោជនីយដ្ឋាន ឬផ្ទះរបស់នរណាម្នាក់ ត្រូវសង្កេតថា មានស្បែកជើងដាក់នៅខាងក្រៅដែរទេ? បើសិនជាមាន អ្នកត្រូវតែដោះស្បែកជើងទុកនៅខាងក្រៅ ហើយបើតាមជំនឿរបស់ប្រជាជនកូរ៉េ អ្នកដែលត្រូវចូលក្នុងផ្ទះកុំព្យាយាមឈរនៅមាត់ទ្វាយូរពេក ព្រោះគេមានជំនឿថា ការនៅមាត់ទ្វានោះយូរនឹងមានព្រលឹងបិសាចចូលខ្លួន។
៩. កុំដាក់ចង្កឹះដោតឡើងលើ

ប្រទេសនៅក្នុងអាស៊ី ក៏ដូចជាកូរ៉េ ភាគច្រើនប្រកាន់ទម្លាប់នេះដូចគ្នា។ អ្នកមិនគួរប្រើចង្កឹះដោតទៅចានបាយនោះឡើយ ព្រោះវាប្រៀបដូចជាធូបដែលគេដោតនៅក្នុងពិធីបុណ្យសពដូច្នោះឯង។ ប្រសិនបើអ្នកមិនចង់ឲ្យអ្នកដទៃនឹកឃើញដល់ពិធីបុណ្យនៅពេលកំពុងញ៉ាំអាហារទេ សូមកុំធ្វើបែបនេះឲ្យសោះ។
១០. កុំបដិសេធភេសជ្ជៈពីអ្នកវ័យចាស់ជាង
ការគោរពចំពោះចាស់ៗ ជាផ្នែកសំខាន់មួយនៃវប្បធម៌របស់កូរ៉េ។ ដូច្នេះប្រសិនបើចាស់ៗជូនភេសជ្ជៈឬស្រា អ្នកត្រូវទទួលយក ទោះបីជាមិនចេះផឹកក៏ដោយ។ ប៉ុន្តែក្រោយពីទទួល អ្នកអាចផឹកទឹកជំនួសស្រា តែមិនត្រូវបដិសេធកាយវិការនេះទេ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ koreaboo
ចុចអាន៖ជីវិតកម្សត់មុនជោគជ័យនៃកំពូលតារាទូរទស្សន៍ ELLEN DEGENERE
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


