២០ ប្រទេសដែលមានប្រធានាធិបតីជាស្រ្តីក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយ
Connect with us
Helistar Cambodia - Helicopter Charter Services

KPT+

២០ ប្រទេសដែលមានប្រធានាធិបតីជាស្រ្តីក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយ

Published

on

នេះជាបញ្ជីឈ្មោះប្រធានាធិបតីស្រ្តីតាមបណ្ដាប្រទេសនានាជុំវិញពិភពលោក ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយដោយរាប់ចាប់ពី ២០០១ ដល់ ២០២១៖

លោកស្រី Maia Sandu ប្រធានាធិបតី ម៉ុលដាវី (Moldova)

Maia Sandu កើត ២៤ ឧសភា ១៩៧២ ជាប្រធានាធិបតី ម៉ុលដាវី ពីថ្ងៃទី ២៤ ខែធ្នូ ឆ្នាំ ២០២០ រហូតដល់បច្ចុប្បន្ន ។ អ្នកនយោបាយរូបនេះ ជាអតីតមេដឹកនាំគណបក្សសកម្មភាពនិងសាមគ្គីភាព (PAS) និងជាអតីតនាយករដ្ឋមន្ត្រីនៃប្រទេសនេះផងដែរ។

នៅក្នុងការបោះឆ្នោតឆ្នាំ ២០២០ លោកស្រីបានឈ្នះសំឡេងឆ្នោត ៥៨% ទល់ ៤២%  ក្លាយជាប្រធានាធិបតីស្ត្រីទីមួយនៃប្រទេសម៉ុលដាវី។

លោកស្រី Katerina Sakellaropoulou ប្រធានាធិបតី ក្រិក (Greece)

Katerina Sakellaropoulou កើត ៣០ ឧសភា ១៩៥៦ ត្រូវបានជ្រើសតាំងដោយសភា ឱ្យបន្តតំណែងជំនួសអតីតប្រធានាធិបតីនៃប្រទេសក្រិកគឺលោក Prokopis Pavlopoulos នៅថ្ងៃទី ២២ ខែមករា ឆ្នាំ ២០២០។ លោកស្រីជាប្រធានាធិបតីស្ត្រីដំបូងបំផុតនៃប្រទេសចំណាស់នេះ។

លោកស្រី Jeanine Áñez Chávez ប្រធានាធិបតី បូលីវី (Bolivia)

Jeanine Áñez Chávez កើត ១៣ មិថុនា ឆ្នាំ ១៩៦៧ ជាអតីតមេធាវីមួយរូបដែលចូលបម្រើការជាប្រធានាធិបតីទី ៦៦ នៃប្រទេស បូលីវី បណ្តោះអាសន្នពីឆ្នាំ ២០១៩ ដល់ឆ្នាំ ២០២០ បន្ទាប់ពីការលាលែងពីតំណែងរបស់អតីតប្រធានាធិបតី Evo Morales ក្រោយជម្លោះក្នុងការបោះឆ្នោតកាលពីឆ្នាំ ២០១៩ ។ លោកស្រីជាប្រធានាធិបតីស្ត្រីទី ២ របស់ប្រទេស បន្ទាប់ពីលោកស្រី Lidia Gueiler Tejada។

លោកស្រី Zuzana Čaputová ប្រធានាធិបតី ស្លូវ៉ាគី (Slovakia)

Zuzana Čaputová កើតថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ១៩៧៣ ជាមេធាវី និងជាសកម្មជនបរិស្ថានដែលបានក្លាយជាប្រធានាធិបតីស្លូវ៉ាគី ចាប់ពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០១៩ ។ លោកស្រីជាស្ត្រីដំបូងដែលកាន់តំណែងប្រធានាធិបតី ក៏ដូចជាប្រធានាធិបតីក្មេងជាងគេក្នុងប្រវត្តិសាស្ត្រស្លូវ៉ាគីដែលបានជាប់ឆ្នោតនៅអាយុ ៤៥ ឆ្នាំ។

លោកស្រី Salome Zourabichvili ប្រធានាធិបតី ហ្សកហ្ស៊ី (Georgia)

Salome Zourabichvili កើត ១៨ មីនា ១៩៥២ ជាអតីតអ្នកការទូតបារាំងដែលបច្ចុប្បន្នជាប្រធានាធិបតីហ្សកហ្ស៊ីទី ៥ ក្នុងមុខតំណែងចាប់តាំងពីខែធ្នូ ឆ្នាំ ២០១៨ មកទល់នឹងបច្ចុប្បន្ន ។ លោកស្រីត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានាធិបតីប្រទេសក្នុងអាណត្តិរយៈពេល ៦ ឆ្នាំ។

លោកស្រី Sahle-Work Zewde ប្រធានាធិបតី អេត្យូពី (Ethiopia)

Sahle-Work Zewde កើតនៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ១៩៥០ ជាប្រធានាធិបតីបច្ចុប្បន្ននៃប្រទេសអេត្យូពី។ លោកស្រីជាអតីតអ្នកការទូត ក៏ជាអ្នកតំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលត្រូវបានជ្រើសរើសជាប្រធានាធិបតីជាឯកច្ឆន្ទដោយសមាជិកសភាសហព័ន្ធនៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០១៨ ។

លោកស្រី Paula-Mae Weekes ប្រធានាធិបតី ទ្រីនីដាដ និងតូបាហ្គោ (Trinidad and Tobago)

Paula-Mae Weekes កើត ២៣ ធ្នូ ១៩៥៨ ជាប្រធានាធិបតីបច្ចុប្បន្ននៃប្រទេស ទ្រីនីដាដ និងតូបាហ្គោ។ លោកស្រីបានចូលកាន់តំណែងនៅថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០១៨ ហើយបានក្លាយជាស្ត្រីដំបូងដែលកាន់តំណែងជាប្រធានាធិបតីក្នុងប្រទេសផងដែរ។

លោកស្រី Halimah binti Yacob ប្រធានាធិបតី សិង្ហបុរី

Halimah binti Yacob កើតថ្ងៃទី ២៣ ខែសីហា ឆ្នាំ ១៩៥៤ ជាប្រធានាធិបតីបច្ចុប្បន្នរបស់ប្រទេសសិង្ហបូរី បន្ទាប់ពីត្រូវបានគេជ្រើសរើសក្នុងការបោះឆ្នោតប្រធានាធិបតីសិង្ហបុរីឆ្នាំ ២០១៧។ លោកស្រីជាប្រធានាធិបតីស្ត្រីដំបូងគេនៅក្នុងប្រវត្តិសាស្ត្ររបស់សិង្ហបុរី។

លោកស្រី Kersti Kaljulaid ប្រធានាធិបតី អេត្យូពី (Ethiopia)

Kersti Kaljulaid កើតថ្ងៃទី ៣០ ខែធ្នូ ឆ្នាំ ១៩៦៩ ជាប្រធានាធិបតីទី៥​នៃប្រទេសអេត្យូពី ដែលចូលកាន់តំណែងកាលពីថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០១៦។ លោកស្រីជាប្រមុខរដ្ឋស្ត្រីដំបូងគេនៃ អេត្យូពី ចាប់តាំងពីប្រទេសនេះបានប្រកាសឯករាជ្យនៅឆ្នាំ ១៩១៨ ក៏ដូចជាប្រធានាធិបតីដែលក្មេងជាងគេបំផុតដែលមានអាយុ ៤៦ ឆ្នាំនៅពេលបោះឆ្នោត។

លោកស្រី Tsai Ing-wen ប្រធានាធិបតី តៃវ៉ាន់​ (Taiwan)

Tsai Ing-wen កើតថ្ងៃទី ៣១ ខែសីហា ឆ្នាំ ១៩៥៦ ជាប្រធានាធិបតីទី ៧ នៃសាធារណរដ្ឋចិន (តៃវ៉ាន់) ចាប់តាំងពីឆ្នាំ ២០១៦​ មកម្ល៉េះ។ លោកស្រីជាសមាជិកម្នាក់នៃគណបក្សរីកចម្រើនប្រជាធិបតេយ្យ ដែលក្លាយជាប្រធានាធិបតីស្ត្រីដំបូងបង្អស់របស់តៃវ៉ាន់ ទោះមិនទាន់បានឯករាជ្យពីចិនក៏ដោយ។

លោកស្រី Hilda Cathy Heine ប្រធានាធិបតី កោះ Marshall

Hilda Cathy Heine កើតថ្ងៃទី ៦ ខែមេសា ឆ្នាំ ១៩៥១ ជាប្រធានាធិបតីទី ៨ នៃកោះ Marshall ។ មុនចូលកាន់តំណែងធ្លាប់បម្រើការជារដ្ឋមន្រ្តីក្រសួងអប់រំ។ លោកស្រីជាបុគ្គលដំបូងគេនៅកោះ Marshall ដែលទទួលបានសញ្ញាប័ត្របណ្ឌិត ហើយជាស្ថាបនិកនៃក្រុមសិទ្ធិស្ត្រី Women United Together Marshall Islands (WUTMI) ។

លោកស្រី Bidya Devi Bhandari ប្រធានាធិបតី នេប៉ាល់

Bidya Devi Bhandari កើតថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ១៩៦១ ជាប្រធានាធិបតីទី ២ របស់នេប៉ាល់ចាប់តាំងពីថ្ងៃទី ២៨ ខែតុលា ឆ្នាំ ២០១៥ ។ លោកស្រីបានជាប់ឆ្នោតក្នុងការបោះឆ្នោតសភាដោយទទួលបានសំឡេងគាំទ្រ ៣២៧ លើ ៥៤៩ ទល់លោក Kul Bahadur Gurung បេក្ខជនប្រធានាធិបតីនៃសភានេប៉ាល់។

លោកស្រី Bibi Ameenah Firdaus Gurib-Fakim ប្រធានាធិបតី ម៉ូរីស (Mauritius)

បណ្ឌិត Bibi Ameenah Firdaus Gurib-Fakim កើត ១៧ តុលា ឆ្នាំ ១៩៥៩ ជាអ្នកវិទ្យាសាស្ត្រជីវចម្រុះដែលបម្រើការជាប្រធានាធិបតីទី ៦ នៃប្រទេសម៉ូរីស ពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០១៨ ។

លោកស្រី Gurib-Fakim ​​គឺជាស្ត្រីដំបូងដែលត្រូវបានជ្រើសរើសជាប្រធានាធិបតីនៃប្រទេស និងជាស្ត្រីទី ៣ ដែលបានកាន់តំណែងជាប្រមុខរដ្ឋ បន្ទាប់ពីព្រះមហាក្សត្រី Elizabeth II និងលោកស្រី Monique Ohsan Bellepeau។  

លោកស្រី Kolinda Grabar-Kitarović ប្រធានាធិបតី ក្រូអាត (Croatia)

Kolinda Grabar-Kitarović កើតនៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ ១៩៦៨ ជាអ្នកការទូតក្រូអាតដែលបានបម្រើការជាប្រធានាធិបតីពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០២០ ។ នៅអាយុ ៤៦ ឆ្នាំលោកស្រីក៏បានក្លាយជាមនុស្សវ័យក្មេងបំផុតដែលកាន់តំណែងជាប្រធានាធិបតីនៅក្នុងប្រទេស។

លោកស្រី Marie-Louise Coleiro Preca ប្រធានាធិបតី ម៉ាលតា (Malta)

Marie Louise Coleiro Preca កើតថ្ងៃទី៧ ខែធ្នូ ឆ្នាំ ១៩៥៨ ចូលបម្រើការជាប្រធានាធិបតីទី ៩ នៃប្រទេសម៉ាលតាពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៩ ។ បច្ចុប្បន្នលោកស្រី Coleiro Preca ជាប្រធានក្រុមហ៊ុន Eurochild។

លោកស្រី Verónica Michelle Bachelet Jeria ប្រធានាធិបតី ឈីលី (Chile)

Verónica Michelle Bachelet Jeria កើតថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ១៩៥១ បច្ចុប្បន្នជា ឧត្តមស្នងការអង្គការសហប្រជាជាតិតាំងពីឆ្នាំ ២០១៨ មក។ លោកស្រីធ្លាប់កាន់តំណែងជាប្រធានាធិបតីឈីលីពីឆ្នាំ ២០០៦ ដល់ឆ្នាំ ២០១០។​ លោកស្រីគឺជាស្ត្រីដំបូងដែលកាន់តំណែងជាប្រធានាធិបតីឈីលី។

លោកស្រី Park Geun-hye ប្រធានាធិបតី កូរ៉េខាងត្បូង

Park Geun-hye កើតថ្ងៃទី ២ ខែកុម្ភៈ ឆ្នាំ ១៩៥២ ជាអតីតប្រធានាធិបតីកូរ៉េខាងត្បូងចាប់ពីឆ្នាំ ២០១៣ រហូតដល់ឆ្នាំ ២០១៧។ ជាស្ត្រីដំបូងគេដែលក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូង ក៏ជាប្រធានាធិបតីស្ត្រីទីមួយដែលត្រូវបានបោះឆ្នោតជ្រើសរើសជាប្រមុខរដ្ឋនៅអាស៊ីខាងកើត។ បច្ចុប្បន្ន Park Geun-hye ត្រូវបានគេចោទប្រកាន់ និងកាត់ទោសពីបទពុករលួយពាក់ព័ន្ធហិរញ្ញវត្ថុ។

លោកស្រី Joyce Hilda Banda ប្រធានាធិបតី ម៉ាឡាវី (Malawi)

លោកស្រី Joyce Hilda Banda កើតនៅថ្ងៃទី ១២ ខែមេសា ឆ្នាំ ១៩៥០ ជាប្រធានាធិបតីនៃប្រទេសម៉ាឡាវីចាប់ពីថ្ងៃទី ៧ ខែមេសា ឆ្នាំ ២០១២ ដល់ថ្ងៃទី ៣១ ខែឧសភាឆ្នាំ ២០១៤។

លោកស្រីជាអតីតរដ្ឋមន្រ្តីក្រសួងការបរទេសពីឆ្នាំ ២០០៦-០៩ និងជាអនុប្រធានាធិបតីនៃប្រទេសម៉ាឡាវីចាប់ពីខែឧសភាឆ្នាំ ២០០៩ ដល់ ខែមេសាឆ្នាំ ២០១២ ។ ជាប្រធានាធិបតីទី ៤ របស់ម៉ាឡាវី និងជាប្រធានាធិបតីស្ត្រីទី ១។

លោកស្រី Atifete Jahjaga ប្រធានាធិបតី កូសូវ៉ូ (Kosovo)

Atifete Jahjaga កើតនៅថ្ងៃទី ២០ ខែមេសា ឆ្នាំ ១៩៧៥ ចូលបម្រើការជាប្រធានាធិបតីទី ៣ នៃប្រទេសកូសូវ៉ូ។ ជាប្រមុខរដ្ឋស្ត្រីវ័យក្មេងបំផុតដែលត្រូវបានជ្រើសតាំងក្នុងការិយាល័យកំពូល។ លោកស្រីក៏ធ្លាប់បម្រើការជាឧត្តមសេនីយ៍ឯកនៃប្រទេស ដែលមានឋានៈខ្ពស់បំផុតក្នុងចំណោមមន្រ្តីស្ត្រីនៅអឺរ៉ុបភាគអាគ្នេយ៍។

លោកស្រី Dilma Vana Rousseff ប្រធានាធិបតី ប្រេស៊ីល

Dilma Vana Rousseff កើតថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ១៩៤៧ ជាប្រធានាធិបតីទី ៣៦ នៃប្រទេសប្រេស៊ីលដោយចូលកាន់តំណែងចាប់ពីឆ្នាំ ២០១១ រហូតដល់មានការចោទប្រកាន់និងដកខ្លួនចេញពីតំណែងនៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០១៦ ។ លោកស្រីជាស្ត្រីដំបូងរបស់ប្រេស៊ីលដែលកាន់តំណែងជាប្រធានាធិបតី៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ ខ្លះៗអំពីលោកស្រី ណារ៉ាផន ចាន់អូចា ភរិយានាយករដ្ឋមន្ត្រីថៃ

ចុចអាន៖ រដ្ឋប្រហារយោធាទាំង ៩ ដែលធ្វើឱ្យកក្រើកពិភពលោករយៈពេលមួយទសវត្សរ៍ចុងក្រោយ

India in Cambodia (Embassy of India, Phnom Penh)
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services