ព័ត៌មានជាតិ
គ.ស.ម.ក អញ្ជើញ OHCHR មកមើលសកម្មភាពរំលោភសិទ្ធិមនុស្សរបស់ថៃលើពលរដ្ឋខ្មែរដោយផ្ទាល់
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាលោក កែវ រ៉េមី បានផ្ញើលិខិតមួយច្បាប់ទៅឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សលោក Volker Turk ដើម្បីរាយការណ៍ពីសកម្មភាពរំលោភសិទ្ធិមនុស្សរបស់ថៃមកលើពលរដ្ឋកម្ពុជា ក៏ដូចជាអញ្ជើញលោក Volker មកមើលដោយផ្ទាល់ផងដែរ។

ក្នុងលិខិតចុះថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៥ លោក កែវ រ៉េមី បានជម្រាបលោក Volker ថាកងទ័ពថៃនៅបានបន្តរំលោភសិទ្ធិមនុស្សដោយប្រើប្រាស់សំឡេងរំខានដែលជាទម្រង់មួយនៃការបំភិតបំភ័យ និងយាយីផ្លូវចិត្តពលរដ្ឋខ្មែរនៅបណ្ដោយព្រំដែនដែនកម្ពុជា-ថៃ។
លោកសរសេរថា៖ «សំឡេងទាំងនេះ ត្រូវបានចាត់ទុកជាសំឡេងខ្លាំងនិងមានកម្រិតខ្ពស់ ក្នុងរយៈពេលយូរបានបង្កជាការរំខានដល់ការទទួលទានដំណេក ធ្វើឱ្យថប់បារម្មណ៍ និងបង្កឱ្យមានការមិនសុខស្រួលផ្លូវកាយដល់ប្រជាជនរស់នៅក្នុងតំបន់នោះរួមទាំងស្រ្តី កុមារ ចាស់ជរា ជនមានពិការភាព និងអ្នកជំងឺ»។

គ.ស.ម.ក បានឱ្យដឹងថាសកម្មភាពនេះគឺជាការរំលោភបំពានដល់បទឈប់បាញ់ កិច្ចប្រជុំវិសាមញ្ញរបស់គណៈកម្មាធិការកិច្ចការព្រំដែនទូទៅរវាបកម្ពុជានិងថៃ និងបណ្ដាលិខិតតុបករណ៍សិទ្ធិមនុស្សអន្តរជាតិ។ ស្ថាប័នសិទ្ធិមនុស្សកម្ពុជានេះបានអំពាវនាវដល់ស្ថាប័នសិទ្ធិមនុស្សសហប្រជាជាតិ ធ្វើការស៊ើបអង្កេតជាបន្ទាន់ អំពាវនាវឱ្យបញ្ឈប់គ្រប់សកម្មភាពដែលគំរាមកំហែងផ្លូវចិត្តប្រជាជនកម្ពុជា ធានាការពារនិងការផ្ដល់ជំនួយវេជ្ជសាស្ត្រនិងផ្លូវចិត្តចាំបាច់ដល់ជនរងគ្រោះ និងលើកទឹកចិត្តក្នុងការពង្រឹងកិច្ចសន្ទនាតាមព្រំដែនរវាងកម្ពុជានិងថៃ។
លោក កែវ រ៉េមី បានបន្ថែមក្នុងលិខិតនោះថា៖ «សូមគោរពអញ្ជើញ ឯកឧត្តមចុះមកសង្កេតការណ៍ដោយផ្ទាល់ឱ្យបានឆាប់រហ័សបំផុតនៅតំបន់ព្រំដែនកម្ពុជា–ថៃ ដែលត្រូវបានរាយការណ៍ពីការរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។ គ.ស.ម.ក នឹងធានារ៉ាប់រងរាល់ការចំណាយ និងសម្របសម្រួលជាមួយនឹងអាជ្ញាធរពាក់ព័ន្ធទាំងអស់»។

អស់រយៈពេល២យប់ហើយដែលថៃបន្តចាក់សំឡេងរំខានពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ បើទោះបីជាមានការចុះសង្កេតការណ៍ដោយក្រុមអ្នកអង្កេតការណ៍អន្តរកាល IOT ក៏ដោយ។ តាមរយៈបទសម្ភាសន៍ជាមួយអ្នកសារព័ត៌មានមេគំនិតនៃការចាក់សំឡេងរំខាននេះ កាន់ ចមផ្លាំង ថាការធ្វើបែបនេះគឺដើម្បីដេញពលរដ្ឋខ្មែរដែលកំពុងរស់នៅខុសច្បាប់លើដីថៃ ហើយក៏ត្រូវបានរដ្ឋបាលខេត្តស្រះកែវ និងយោធភូមិភាគ១របស់ថៃអនុញ្ញាតផងដែរ។
សសេរលើបណ្ដាញសង្គមនៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៥នេះ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជាលោកបណ្ឌិត យង់ ពៅ បានលើកឡើងថាការបញ្ជាឱ្យ ចមផ្លាំង ធ្វើដូច្នេះគឺថៃចង់បង្ហាញពីភាពគ្មានសីលធម៌របស់ប្រទេសខ្លួន ហើយការដែលថាខ្លួនជាជនរងគ្រោះពីកម្ពុជានោះគឺជាទ្រឹស្ដីដែលស្មោគគ្រោកប៉ុណ្ណោះ។

គួរឱ្យដឹងផងដែរថារដ្ឋបាលខេត្តស្រះកែវ ប្រទេសថៃបានដាក់ឱសានវាទដល់ប្រជាពលរដ្ឋខ្មែរដែលរស់នៅភូមិព្រៃចាន់ និងភូមិជោគជ័យចាកចេញពីទីលំនៅត្រឹមថ្ងៃទី១០ ខែតុលា ដោយអះអាងថាពលរដ្ឋខ្មែរទាំងនោះកំពុងរស់នៅខុសច្បាប់លើទឹកដីថៃ ខណៈដែលប្រទេសទាំងពីរមិនទាន់កំណត់ព្រំដែនតំបន់នោះច្បាស់លាស់នៅឡើយទេ។ រដ្ឋបាលខេត្តបន្ទាយមានជ័យ តាមរយៈលិខិតកាលពីថ្ងៃទី៨ ខែតុលា បានឆ្លើយតបទៅវិញថាខេត្តស្រះកែវគ្មានសិទ្ធិមកគួសវាសព្រំដែនបំពានសមត្ថកិច្ចរបស់គណៈកម្មការចម្រុះព្រំដែនកម្ពុជា-ថៃ JBC នោះទេ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


