Connect with us

ព័ត៌មានជាតិ

កម្ពុជា ឈរលេខរៀងទី ១ ក្នុងពិភពលោកដែលបញ្ជូននិស្សិតវេជ្ជបណ្ឌិតឯកទេស​ច្រើនជាងគេ ទៅបន្តកម្មសិក្សានៅបារាំង

បានផុស

នៅ

លោកស្រី Marie Buscail ទីប្រឹក្សា​ទី ​១​ នៃ​ស្ថានទូត​បារាំង ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ​បាន​មាន​ប្រសាសន៍​ថា ​ប្រទេស​កម្ពុជា គឺជា​ប្រទេស​ឈរ​លេខ​រៀង​ទី​ ១​ ក្នុង​ពិភពលោក ​ដែល​បញ្ជូន​និស្សិត​វេជ្ជបណ្ឌិត​ឯកទេស​ច្រើនជាងគេទៅ​បន្ត​កម្មសិក្សា​នៅ​ប្រទេស​បារាំង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី​បាន​លើកឡើង​បែបនេះ​កាលពី​ព្រឹក​ថ្ងៃទី​ ១៦​ ខែតុលា ​ឆ្នាំ​ ២០២៥​ ក្នុង​ពិធី​សំណេះ​សំណាល​ជាមួយ​និស្សិត​វេជ្ជបណ្ឌិត​ឯកទេស​ដែល​ត្រូវ​បន្ត​ការ​សិក្សា​នៅ​សាធារណរដ្ឋ​បារាំង ឆ្នាំ​សិក្សា ២០២៥-២០២៦ ក្រោម​អធិបតីភាព​លោក​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល។

បើតាម​លោក​សាស្ត្រាចារ្យ សា​ផុន វឌ្ឍនៈ ទីប្រឹក្សា​ក្រសួងសុខាភិបាល និង​ជា​សកលវិទ្យាធិការ នៃ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ (​ស​.​វ​.​ស​) បានឱ្យដឹងថា ចាប់ពី​ឆ្នាំ ​១៩៩៦​ មក តាមរយៈ​កិច្ច​សហប្រតិបត្តិការ​ជា​យូរលង់ ជាមួយ​ដៃគូ​បារាំង ដោយ​មានការ​គាំទ្រ​ពី​ស្ថានទូត​បារាំង ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ស​.​វ​.​ស បាន​បញ្ជូននិស្សិតចុះកម្មសិក្សា​តាម​មន្ទីរពេទ្យ​នៅ​ប្រទេស​បារាំង ចំនួន​ពី​ ៣០ ទៅ​ ១២៤ នាក់ ក្នុង​មួយឆ្នាំៗ ​ពោល​បើ​គិត​ចាប់ពី​ឆ្នាំ ១៩៩៦ មកដល់​ឆ្នាំ​ ២០២៤ សាកលវិទ្យាល័យ​បាន​បញ្ជូន​និស្សិត​ចំនួន ​១ ១៦១ នាក់ ទៅ​បន្ត​ការសិក្សា ឬ​ធ្វើ​កម្មសិក្សា​នៅ​ប្រទេស​បារាំង។ ដោយឡែក​សម្រាប់​ឆ្នាំ​ ២០២៥ ​នេះ មាន​និស្សិតថ្នាក់​វេជ្ជបណ្ឌិត​ឯកទេសសរុប​ចំនួន ៨៤ នាក់ បានទទួល​អាហារូបករណ៍​ទៅ​បន្ត​ការសិក្សានៅ​ប្រទេស​បារាំង។

លោកសាស្ត្រាចារ្យ​ បាន​បន្តថា ​បច្ចុប្បន្ននេះ សាកលវិទ្យាល័យ មាន​ដៃគូ​ជាតិ និង​អន្តរជាតិ ចំនួន ៩០ ស្ថាប័ន និង​បាន​ចូលរួម​ជា​បណ្ដាញ​សាកលវិទ្យាល័យ​ជាតិ និង​អន្តរជាតិ ចំនួន ១៤ បណ្ដាញ។ ជាមួយ​នឹង​សក្តានុពល នៃ​កិច្ចសហប្រតិបត្តិការ​ដ៏​ខ្លាំងក្លា​នេះ សាកលវិទ្យាល័យ មានឱកាសរៀបចំ​កម្មវិធី​អន្តរជាតិ ចំនួន​ ៣ កម្មវិធីសិក្សា​ដែល​ទទួលបាន​សញ្ញាបត្រ​ពីរ ចំនួន​ ៣ ក៏​ដូចជា​សកម្មភាព​ផ្លាស់ប្តូរ​សាស្ត្រាចារ្យ មន្ត្រី បុគ្គលិក និស្សិត គម្រោង​អភិវឌ្ឍន៍​-​ស្រាវជ្រាវ ផ្សេងៗ ទៀត ក្នុងទិសដៅ​ជំរុញ​ទៅ​រក​ឧត្ដមភាព នៃ​ការ​បណ្តុះបណ្តាល ការ​ស្រាវជ្រាវ និង​ការ​ផ្តល់​សេវា។

លោក​សាស្ត្រាចារ្យ​ បាន​បន្តទៀតថា នៅ​ឆ្នាំ ​២០២៥ ​នេះ សាកលវិទ្យាល័យ បាន​ទទួល​ចំណាត់ថ្នាក់​លេខ ១៤៩ ក្នុង​ចំណោម​សាកលវិទ្យាល័យ​នវានុវត្តន៍​កម្រិត​ពិភពលោក ចំនួន ៤០០ ដែល​ចូលរួម ប្រកួតប្រជែង​ក្នុង​ប្រព័ន្ធ World University Ranking for Innovation (WURI)។ សាកលវិទ្យាល័យ​ ក៏​បាន​ទទួល​នូវ​ការ​ទទួល​ស្គាល់​គុណភាព​បណ្ដុះបណ្ដាល​ពី​គណៈកម្មាធិការ​ទទួល​ស្គាល់​គុណភាព​អប់រំ​នៅ​កម្ពុជា​ពី​ឆ្នាំ ​២០២៤-២០២៨ ​ដែល​នេះ​ជា​ការ​ទទួលស្គាល់លើក​ទី ​២​ បន្ទាប់ពីការទទួល​ស្គាល់​លើក​ទី ​១ ​ពី​ឆ្នាំ​ ២០១៨-២០២៣។ បន្ថែម​នេះ​ សាកលវិទ្យាល័យ ក៏បាន​ទទួល​ស្គាល់​ជា Associate Membership នៃ AUN-QA ដែល​ការ​ទទួលស្គាល់​នេះ ផ្តល់​លទ្ធភាព​ឱ្យ ​ស​.​វ​.​ស អាច​ដាក់​បេក្ខភាព​ទទួល​ការ​វាយតម្លៃ​កម្មវិធីសិក្សា​ថ្នាក់​តំបន់​ផង​ដែរ។

មានប្រសាសន៍​សំណេះសំណាល​ក្នុងឱកាស​នោះដែរ លោក​សាស្ត្រាចារ្យ ឈាង រ៉ា បាន​វាយតម្លៃ​ខ្ពស់ និង​កោតសរសើរ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ដែល​បាន​ខិតខំ​ពង្រឹង​គុណភាព​បណ្តុះបណ្តាល​និស្សិត។ លោក​សាស្ត្រាចារ្យ បាន​ថ្លែង​នូវ​អំណរគុណ​ដ៏​ជ្រាលជ្រៅ​ចំពោះ​រដ្ឋាភិបាល​បារាំង ដែល​បាន​និង​កំពុង​បន្ត​គាំទ្រ​ដល់​ការ​អភិវឌ្ឍ​វិស័យ​សុខាភិបាល ជាពិសេស​ការ​បណ្តុះ​បណ្តាល​នៅ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល។ លោក​សាស្ត្រាចារ្យ ឈាង រ៉ា បាន​កោត​សរសើរ​ចំពោះ​និស្សិត​ជ័យលាភី​អាហារូបករណ៍​ទាំងអស់ ដែល​បាន​ខិតខំ​ប្រឹងប្រែង​សិក្សា​ស្រាវជ្រាវ​តាម​ឯកទេស​រៀងៗ ខ្លួន។

ជាមួយគ្នានេះដែរ លោក​សាស្ត្រាចារ្យ បានផ្តល់​អនុសាសន៍​រំឭក​ជូន​និស្សិត​ជ័យលាភី​ទាំងអស់​ ត្រូវ​ថែរក្សា​សុខភាព ​, ខិតខំ​រក្សា​អត្តសញ្ញាណ និង​លើកកម្ពស់​កិត្យានុភាព​ប្រទេសជាតិ ​, បង្កើត​បណ្ដាញ​មិត្តភាព​អន្តរជាតិ និង​សហការ​វិទ្យាសាស្ត្រ​ជាមួយ​សាស្ត្រាចារ្យ​បារាំង​ , និស្សិត​បរទេស ​, និង​សិក្សា​ស្រូប​ចំណេះដឹង​ថ្មីៗ ​ទៅតាម​ជំនាញ​រៀងៗ ​ខ្លួន ​ឱ្យ​អស់ពី​លទ្ធភាព សំដៅ​ខិតខំ​ឱ្យ​ស្មើនឹង​កម្ពស់​កាលានុវត្តភាព​ដែល​បាន​ទទួល។

គួរ​បញ្ជាក់​ថា បច្ចុប្បន្ន សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល បាន​ដំណើរការ​ថ្នាក់​បណ្តុះ​បណ្តាល​វេជ្ជបណ្ឌិត​ឯកទេស​សរុប​ចំនួន ២១ និង​នៅ​ឆ្នាំ​សិក្សា ២០២៤-២០២៥ នេះ មាន​និស្សិត​កំពុង​សិក្សា​វេជ្ជបណ្ឌិត​ឯកទេស​សរុប​ទាំង ២១ ឯកទេស មាន​ចំនួន ៩៥០ នាក់៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម