ព័ត៌មានជាតិ
លុចសំបួ នឹងបើកការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា
រដ្ឋាភិបាលលុចសំបួ គ្រោងនឹងបើកការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍របស់ខ្លួន នៅក្នុងប្រទេសកម្ពុជា។ បើតាមក្រសួងការបរទេសកម្ពុជា ការបង្កើតការិយាល័យនេះ គឺដើម្បីពង្រឹងនូវទំនាក់ទំនង និងសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរឱ្យកាន់តែខ្លាំងក្លា។

ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ឱ្យដឹងក្នុងសេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី២២ ខែតុលានេះ គម្រោងនៃការបង្កើតការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍របស់លុចសំបួ ត្រូវបានផ្តួចផ្តើមឡើងក្នុងឱកាសព្រះរាជទស្សនកិច្ចរបស់ព្រះអង្គម្ចាស់ Grand Duke Guillaume ដែលពេលនោះព្រះអង្គ ជារជ្ជទាយាទរបស់ប្រទេសលុចសំបួ និងបច្ចុប្បន្នជាព្រះមហាក្សត្រលុចសំបួ តាមរយៈការចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការទូទៅរវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលលុចសំបួ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ នៅកម្ពុជា។
ក្រសួងការបរទេសកម្ពុជា ថា ការិយាល័យនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ជាពិសេសចូលរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចនៅកម្ពុជា តាមរយៈគំនិតផ្តួចផ្តើម និងគម្រោងការអភិវឌ្ឍន៍នានា។

ខ្លឹមសារក្នុងសេចក្ដីប្រកាសដដែលនេះ បានបន្ថែមថា វត្តមាននៃការិយាល័យអភិវឌ្ឍន៍ខាងលើ ក៏បានឆ្លុះបញ្ចាំងពីការវិវត្តជាវិជ្ជមាននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរកាន់តែខ្ពស់មួយកម្រិតទៀត និងបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា និងលុចសំបួ ក្នុងការអភិវឌ្ឍភាពជាដៃគូឱ្យកាន់តែរឹងមាំនិងយូរអង្វែង។
ប្រទេសទាំងពីរ នឹងផ្តោតកិច្ចសហប្រតិបត្តិការលើវិស័យគន្លឹះ រួមមាន ការអភិវឌ្ឍសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ ការអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សុខភាព និងការគាំពារសង្គម ការអភិវឌ្ឍប្រកបដោយចីរភាព បរិស្ថាន ព្រមទាំងកិច្ចសហប្រតិបត្តិការបោសសម្អាតមីន និងសន្តិសុខ និងការអភិវឌ្ឍមូលដ្ឋាន។
ជាថ្មីម្តងទៀត ក្រសួងការបរទេស គូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាស្វាគមន៍នូវកិច្ចសហប្រតិបត្តិការដំណាក់កាលវិវត្តនៃទំនាក់ទំនងទ្វេភាគីជាវិជ្ជមានថ្មីនេះជាមួយរាជរដ្ឋាភិបាលលុចសំបួ និងត្រៀមខ្លួនរួចរាល់ក្នុងការជំរុញកិច្ចសហការរួមគ្នាយ៉ាងជិតស្និទ្ធិក្នុងគោលដៅធ្វើឱ្យដំណើរការបើកការិយាល័យទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍លុចសំបួ នៅកម្ពុជាឱ្យបានឆាប់ សំដៅលើកកម្ពស់ទំនាក់ទំនង និងសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែល្អប្រសើរ ដើម្បីជាប្រយោជន៍សម្រាប់ប្រជាជាតិ និងប្រជាជននៃប្រទេសទាំងពីរ៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


