Connect with us

ព័ត៌មានជាតិ

មន្ទីរអប់រំខេត្តកំពង់ធំ រៀបចំវេទិការៀនសូត្រ និងឆ្លុះបញ្ចាំងថ្នាក់ខេត្ត ស្ដីអំពី ការអប់រំសម្រាប់ កុមារនៅបឋមសិក្សា

បានផុស

នៅ

នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៥ មន្ទីរអប់រំយុវជន និងកីឡា ខេត្តកំពង់ធំ បានរៀបចំវេទិការៀនសូត្រ និងឆ្លុះបញ្ចាំងថ្នាក់ខេត្ត ស្ដីអំពី ការអប់រំសម្រាប់កុមារនៅបឋមសិក្សា ដែលគាំទ្រដោយអង្គការកូហ្វាព (COFAP) និងអង្គការទស្សនៈពិភពលោក អន្តរជាតិ កម្ពុជា (WVI-C) ប្រចាំនៅខេត្តកំពង់ធំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការរៀបចំកម្មវិធីនេះ ដើម្បីឆ្លុះបញ្ចាំងពីវឌ្ឍនៈភាពនៃផែនការសកម្មភាពពីវេទិការៀនសូត្រកន្លងទៅ ចែករំលែកបទពិសោធន៍ ពាក់ព័ន្ធនឹងលទ្ធផលនៃការរៀនសូត្ររបស់កុមារ និងការស្វែងរកការគាំទ្រពីសំណាក់អាជ្ញាធរ និងអ្នកពាក់ព័ន្ធ ក្នុងការឆ្លើយតបបញ្ហាប្រឈមចំពោះគុណភាពនៃការសិក្សារបស់កុមារងាយគ្រោះ និងកុមារបាត់បង់ឱកាសសិក្សា។

ក្នុងឱកាសនោះ កញ្ញា ឡាយ ស៊ីថុន ប្រធានប្រតិបត្តិនៃអង្គការទស្សនៈពិភពលោកអន្តរជាតិ បានលើកឡើងថា ការគាំទ្រ និងរៀបចំកម្មវិធីនេះ ជាកិច្ចសហការដ៏ស្និទ្ធស្នាលមួយដើម្បីផ្តល់លទ្ធភាពឱ្យអង្គការ ទស្សនៈពិភពលោក នៅតែអាចរួមចំណែកធ្វើការអភិវឌ្ឍនៅក្នុងមូលដ្ឋានខេត្តកំពង់ធំ កាន់តែកក់ក្តៅ និងលើកកម្ពស់ការផ្លាស់ប្រែសហគមន៍ ពិសេសជុំវិញវិស័យអប់រំនៅតាមស្រុក និងឃុំបន្ថែមទៀត។ អង្គការនៅតែបន្តចូលរួមនៅក្នុងការពង្រឹងអភិបាលកិច្ចសាលារៀន ទាំងកម្រិតមត្តេយ្យ និងបឋមសិក្សា ដែលផ្តោតសំខាន់លើលទ្ធផលសិក្សារបស់សិស្ស ពិសេសសិស្សរៀនយឺត បច្ចេកទេសនៃការបង្រៀន និងរៀន ពង្រឹងការចូលរួមរបស់ សហគមន៍ ក៏ដូចជាគណនេយ្យភាពរបស់គណគ្រប់គ្រងសាលារៀន។

កញ្ញា បន្តថា ការលើកកម្ពស់ការចូលរៀនតាមរយៈការពង្រឹងលើសុខភាពសិក្សា បរិក្ខាអនាម័យ ទឹកស្អាត និងកម្មវិធីផ្តល់អាហារតាមសាលារៀន និងការពង្រឹងលើផែនការអភិវឌ្ឍសាលា ទាំងនៅកម្រិតមត្តេយ្យសហគមន៍ និងបឋមសិក្សា ជាសកម្មភាពស្នូល ដែលអង្គការទស្សនៈពិភពលោក បាននិងកំពុងដាក់បញ្ចូលលើផែនការប្រចាំឆ្នាំរបស់ខ្លួន និងផែនការប្រតិបត្តិអប់រំ ដែលបានរួមបញ្ចូលជាមួយមន្ទីរ អប់រំ និងអង្គការដៃគូនានាក្នុងខេត្តផងដែរ។

ជាមួយគ្នានេះ លោក ព្រឹម រដ្ឋា អភិបាលរងខេត្តកំពង់ធំ លើកឡើងថា យុទ្ធសាស្ត្រអប់រំឆ្នាំ ២០២៤-២០២៨ ក្រសួងអប់រំយុវជន និងកីឡា ផ្តោតសំខាន់លើកត្តាបីចំបង គឺ ទី១.គុណភាព សំដៅលើការកែ លម្អការបង្រៀន និងការរៀន តាមរយៈការបណ្តុះបណ្តាលគ្រូបង្រៀន ការបង្កើតកម្មវិធីសិក្សាថ្មី ដែលជំរុញ ការគិតវិភាគ សីលធម៌ និងការរៀនជីវិតពេញមួយជីវិត, ទី២.សមធម៌ គឺធានាឱ្យកុមារទាំងអស់ រួមទាំងកុមារ ក្រីក្រ កុមារដែលមានពិការភាព និងកុមារដែលនៅតំបន់ឆ្ងាយ ត្រូវបានអនុញ្ញាតឱ្យចូលរៀនដោយមានឱកាស ស្មើគ្នា និងទទួលបានសេវាអប់រំដែលសមស្រប និង ទី៣.ការចូលរួមសកម្មរបស់សហគមន៍ យើងលើកទឹកចិត្ត ឱ្យមាតាបិតា អាជ្ញាធរមូលដ្ឋាន អង្គការដៃគូ និងសហគមន៍ទាំងមូល ចូលរួមយ៉ាងសកម្មក្នុងការគ្រប់គ្រង សាលារៀន ការតាមដានលទ្ធផលសិក្សា និងការផ្តល់ការគាំទ្រដល់កុមារឆ្លើយតបនឹងសេចក្តីត្រូវការមូលដ្ឋាន របស់ពួកគេ។

លោកផ្ដាំផ្ញើដល់អ្នកចូលរួមទាំងអស់ ជាពិសេសលោកគ្រូអ្នកគ្រូ ត្រូវយកចិត្តទុកដាក់ កែលម្អ និងអនុវត្តវិធីសាស្ត្របង្រៀន ស្របតាមកម្មវិធីសិក្សាថ្មី ដែលទទួលបានការបណ្តុះបណ្តាលពីក្រសួងអប់រំ និងអង្គការដៃគូនានា ឱ្យកាន់តែប្រសើរឡើង ដើម្បីជួយបំប៉នបន្ថែមដល់សិស្សរៀនយឺតក្នុងថ្នាក់របស់ខ្លួន និងជួយជំរុញឱ្យសិស្សអានបន្ថែមនៅបណ្ណាល័យ និងនៅផ្ទះ។ ហើយសាលាត្រូវពង្រឹងលើការ គ្រប់គ្រងវត្តមាន និងម៉ោងបង្រៀនរបស់លោកគ្រូអ្នកគ្រូ តាមដានកម្មវិធីបង្រៀន ការងារបរិស្ថាន ការទំនាក់ទំនងជាមួយមាតា បិតាសិស្សផងដែរ៕

អត្ថបទ៖ ឈាង មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម