Connect with us

ព័ត៌មានជាតិ

ឯកឧត្តម ហ៊ុន ម៉ានី៖ ១៥ឆ្នាំមកនេះ JCI Cambodia បានផ្តល់ឱកាសជាច្រើនដល់យុវជនកម្ពុជាក្នុងការពង្រឹងសមត្ថភាពពួកគេ

បានផុស

នៅ

ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ទយុវជនកម្ពុជា បានលើកឡើងថា ក្នុងរយៈពេល ១៥ឆ្នាំមកនេះ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI Cambodia) បានចូលរួមយ៉ាងសំខាន់ក្នុងការផ្តួចផ្តើមគំនិត និងរៀបចំកម្មវិធីផ្សេងៗជាច្រើន ដើម្បីផ្តល់ឱកាសដល់យុវជនកម្ពុជា អាចពង្រឹងសមត្ថភាព និងចូលរួមចំណែកវិជ្ជមានសម្រាប់សង្គមជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់ឯកឧត្តម ធ្វើឡើងនៅល្ងាចថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០២៥ ក្នុងឱកាសឯកឧត្តមចូលរួមពិធីអបអរសាទរខួប ១៥ ឆ្នាំ របស់សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា (JCI Cambodia) ក្រោមប្រធានបទ “កេរដំណែលអ្នកដឹកនាំ (LEGACY OF LEADERS)” ក្នុងគោលបំណងជួបជុំសមាជិករបស់ខ្លួនទាំងជាតិ និងអន្តជាតិ ដើម្បីបន្តគាំទ្រនូវស្មារតីអភិវឌ្ឍសេដ្ឋកិច្ចជាតិ ព្រមទាំងកៀរគរបណ្ដាពាណិជ្ជករអន្តរជាតិ មកទទួលបាននូវបទពិសោធ និងកាលានុវត្តភាពដើម្បីទាក់ទាញការវិនិយោគមកកាន់ប្រទេសកម្ពុជាប្រកបដោយសក្ដានុពល។

ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា សមិទ្ធិផលគួរឱ្យកត់សម្គាល់មួយដែល (JCI Cambodia)  សម្រេចបាន គឺការរៀបចំជោគជ័យនៃមហាសន្និបាតអាស៊ីប៉ាស៊ីហ្វិក ២០២៤ ដែលក្នុងនោះ JCI Cambodiaបានប្រមូលផ្តុំពាណិជ្ជករអន្តរជាតិ មកពីបណ្តាប្រទេសជាច្រើន ផ្តល់ឱកាសទំនាក់ទំនង និងស្វែងយល់ពីសក្តានុពលគ្នាទៅវិញទៅមក ជាពិសេស គឺអាចឃើញពីសក្តានុពលការវិនិយោគនៅកម្ពុជា។

ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី មានប្រសាសន៍ថា៖ “ខ្ញុំពិតជាមានការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះបេសកកម្មរបស់ JCI Cambodia ដែលមានគោលបំណងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការបណ្តុះបណ្តាលសមត្ថភាព ភាពជាអ្នកដឹកនាំ និងជាពិសេស បណ្តុះឆន្ទៈ យុវជនកម្ពុជាឱ្យចូលរួមចំណែកជាវិជ្ជមានដល់សង្គមជាតិ តាមរយៈរូបភាព និងលទ្ធភាពផ្សេងៗគ្នា”។ បន្ថែមពីនេះ ឯកឧត្តម ហ៊ុន ម៉ានី សង្កត់ធ្ងន់ថា ចំពោះបេសកកម្មរបស់ JCI Cambodia ក៏មានភាពស្របគ្នាជាមួយបេសកកម្មរបស់សហភាពសហព័ន្ធយុវជនកម្ពុជាផងដែរ ក្នុងការបង្កើតព្រឹត្តិការណ៍ និងកម្មវិធីជាច្រើន ដែលជាការលើកទឹកចិត្តនៃការបង្កើនឱកាសដល់យុវជនគ្រប់រូប ចូលរួមសកម្មភាពសង្គម ការងារសប្បុរសធម៌ និងការងារស្ម័គ្រចិត្ត ព្រមទាំងបានបំផុសស្មារតីស្នេហាជាតិ ដើម្បីជាតិមាតុភូមិផងដែរ។

ឯកឧត្តម ថា៖ “ទាំង ស.ស.យ.ក. និង JCI Cambodia កម្ពុជា​ សុទ្ធតែបាន និងកំពុងចូលរួមយ៉ាងសកម្មក្នុងការធ្វើសកម្មភាពសង្គមដើម្បីបង្កើនប្រយោជន៍ជូនជាតិ និងប្រជាជន ជាពិសេស យុវជនផង”។  ឯកឧត្តម ហ៊ុន ម៉ានី ជឿជាក់ថា ស.ស.យ.ក. និង សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា នឹងកាន់តែមានកិច្ចសហប្រតិបត្តិការជាមួយគ្នាល្អប្រសើរ និងស្អិតរមួតបន្តទៀត។ ឧបនាយករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តដល់សភាយុវពាណិជ្ជកម្មអន្តរជាតិ បន្តបេសកកម្មដ៏ល្អប្រពៃរបស់ខ្លួន និងគិតគូរបន្ថែមលើគំនិតផ្តួចផ្តើមថ្មីៗ សម្រាប់ជាប្រយោជន៍ជូនជាតិតាមលទ្ធភាពដែលអាចធ្វើទៅបាន។

ជាមួយគ្នានេះ លោក សាំង តារារស្មី ប្រធានថ្នាក់ជាតិ ឆ្នាំ២០២៥ នៃសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា បានលើកឡើងថា តាមរយៈការតម្រង់ទិសពីមួយជំនាន់ទៅមួយជំនាន់របស់ JCI Cambodia បានជំរុញឱ្យ JCI Cambodia មានឱកាសចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាលើ ៤ផ្នែកសំខាន់។ ទី១ ចូលរួមអភិវឌ្ឍន៍ចំណេះជំនាញដល់យុវជនកម្ពុជាជំនាន់ក្រោយ, ទី២ ចូលរួមពង្រឹងគុណភាពអាជីវកម្មនៃប្រទេសកម្ពុជា, ទី៣ រួមចំណែកកាត់បន្ថយភាពក្រីក្រ តាមរយៈគម្រោងសង្គមក្នុងវិស័យអប់រំ វិស័យសុខាភិបាល ការងារបរិស្ថានជាដើម និងទី៤ គឺការរួមចំណែកផ្សព្បផ្សាយកម្ពុជាលើឆាកអន្តរជាតិ ក្នុងវិស័យទេសចរណ៍ និងឱកាសវិនិយោគផ្សេងៗ។ លោកក៏បានបញ្ជាក់ដែរថា ក្នុងឆ្នាំ២០២៤ សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជាបាននាំយកនូវសមាជិក សមាជិកាជិត ៥០០០នាក់ មកពីបណ្តាប្រទេសជាង ៥០ មកកាន់ប្រទេសកម្ពុជា។

លោក សាំង តារារស្មី និយាយថា៖ “សភាពាណិជ្ជករអន្តរជាតិកម្ពុជា ក៏នឹងប្តេជ្ញា រៀបចំកម្មវិធីតូច ធំ ផ្សេងទៀតដើម្បីនាំយកភ្ញៀវទេសចរ ក៏ដូចជាវិនិយោគិន មកប្រទេសកម្ពុជាឱ្យកាន់តែច្រើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ”

សូមជម្រាបថា សភាយុវពាណិជ្ជករអន្តរជាតិ កម្ពុជា (JCI Cambodia) ជាអង្គការមិនរកប្រាក់ចំណេញបង្កើតឡើងនៅក្នុងឆ្នាំ២០១០ ដែលបាននិងកំពុងរៀបចំកម្មវិធីជាច្រើនក្នុងទិសដៅដោះស្រាយបញ្ហាសង្គម និងអភិវឌ្ឍយុវជនឱ្យក្លាយជាសហគ្រិនឆ្នើមស្របតាមទស្សនៈរបស់អង្គភាព  និងគោលនយោបាយអភិវឌ្ឍន៍របស់ប្រទេស​កម្ពុជា៕

អត្ថបទ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម