Connect with us

ព័ត៌មានជាតិ

អគ្គនាយក​គយ​ថា​ចលនា​ពហិការ​របស់​ពលរដ្ឋ​ធ្វើ​ឱ្យ​ទំនិញ​ថៃ​ខ្លះ​ត្រូវ​ប្រមូល​ចេញទៅ​វិញ

បានផុស

នៅ

​​អគ្គនាយក​គយ​ និង​រដ្ឋាករ​កម្ពុជា​លោក គុណ ញឹម បាន​ឱ្យ​ដឹង​ថា​ការ​ធ្វើ​ពហិការ​ទំនិញ​ថៃ​របស់​ប្រជាពលរដ្ឋ​ខ្មែរ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការ​លក់​របស់​ពួកគេ​ លើស​ពី​នោះ​មាន​ទំនិញ​ខ្លះ​ត្រូវ​បាន​នាំ​ចេញ​ទៅ​ថៃ​វិញ​ផង​ដែរ​។ លោក​ថា​ទំនិញ​ដែល​ត្រូវ​នាំ​ចេញ​ទៅ​វិញ​នោះ​មាន​ដូច​ជា​ប្រភេទ​ភេសជ្ជៈ សម្ភារៈ​ប្រើប្រាស់ និង​គ្រឿង​ឧបភោគ​បរិភោគ​ផ្សេង​ៗ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើក​ឡើង​ក្នុង​វេទិកា​គយ​លើក​ទី​៣​នា​ព្រឹក​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា ឆ្នាំ២០២៥​នេះ លោក គុណ ញឹម បាន​លើក​ឡើង​ថា ជា​៥​ខែ​មក​នេះ​ការ​បិទ​ព្រំដែន​ដោយ​ថៃ​កំពុង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ទំនិញ​របស់​ពួក​គេ​ជា​ខ្លាំង​ គួប​ផ្សំ​នឹង​ចលនា​ពហិការ​របស់​ពលរដ្ឋ​ខ្មែរ​ទៀត​សោត​នោះ​បាន​ធ្វើ​ឱ្យ​ទំនិញ​ថៃ​ធ្លាក់​ចុះ​ជា​គំហុក​ និង​ត្រូវ​ប្រមូល​ត្រលប់​យក​ទៅ​វិញ​ថែម​ទៀត។

លោក​ថា៖ «យើង​ឃើញ​ហើយ​ទី​ផ្សារ​មួយ​​ចំនួន​ដែល​ធ្លាប់​តែ​ចែក​ចាយ​ទំនិញ​របស់​ថៃ​ឃើញ​ថា​លក់​មិន​ចេញ​។ ទំនិញ​ដែល​នាំ​ចូល​មក​ហើយ​រួច​ហើយ​លក់​មិន​ចេញ​ឥឡូវ​នេះ​គឺ​នាំ​ចេញ​ទៅ​វិញ​ជា​បន្តបន្ទាប់​ហើយ​បរិមាណ​គួរ​សម ជា​ភេសជ្ជៈ ជា​សម្ភារៈ​​​ប្រើប្រាស់​ គ្រឿង​ឧបភោគ​បរិភោគ​ផ្សេង​ៗ​គឺ​នាំ​ចេញ​ត្រលប់​ទៅ​វិញ»

​​លោក​ថា​ចលនា​ពហិការ​របស់​ពលរដ្ឋ​ខ្មែរ​មាន​ឥទ្ធិពល​ខ្លាំង​ដែល​មិន​ត្រឹម​តែ​ប៉ះពាល់​ដល់​ទំនិញ​ថៃ​ប៉ុណ្ណោះ​ទេ ​ក៏​បង្ក​ផល​ប៉ះពាល់​ដល់​ក្រុម​ហ៊ុន​ឥន្ធនៈ ហាង​លក់​ទំនិញ​ថៃ​នៅ​កម្ពុជា​ផង​ដែរ​។

គួរ​ឱ្យ​ដឹង​ផង​ដែរ​ថា​ ទាហាន​ថៃ​បាន​សម្រេច​បិទ​ព្រំ​ដែន​ដោយ​ឯក​តោ​ភាគី​ជាមួយ​កម្ពុជា​កាលពី​ថ្ងៃ​ទី​២៤ ខែ​មិថុនា ឆ្នាំ២០២៥ និង​បាន​ធ្វើ​សង្គ្រាម​ឈ្លាន​ពាន​កម្ពុជា​នៅ​ពេល​១​ខែ​បន្ទាប់​គឺ​នៅ​ថ្ងៃ​ទី​២៤ ខែ​កក្កដា។ មុន​ឈាន​ដល់​ការ​បិទ​ព្រំដែន​ អ្នក​ធ្វើ​អត្ថាធិប្បាយ​​របស់​ថៃ​ជា​ច្រើន​បាន​លើក​ឡើង​ថា​ការ​បិទ​ព្រំដែន​ជាមួយ​កម្ពុជា​នឹង​ធ្វើ​ឱ្យ​កម្ពុជា​ដួល​រលំ​ដោយ​ខ្លួន​ឯង​ ហើយ​ពលរដ្ឋ​ខ្មែរ​នឹង​មិន​អាច​រស់​ដោយ​ខ្ចះ​ទំនិញ​ថៃ​បាន​នោះ​ទេ​។

រហូត​មក​ដល់​ពេល​នេះ​គឺ​មាន​រយៈពេល​ជិត​៥​ខែ​នៃ​ការ​បិទ​ព្រំដែន​នេះ​ខណៈ​កម្ពុជា​នៅ​បន្ត​ជីវភាព និង​ការ​រស់​នៅ​របស់​ពលរដ្ឋ​ជា​ប្រក្រតី​ខណៈ​ទំនិញ​ថៃ​ក៏​ត្រូវ​បាន​ជំនួស​ដោយ​ទំនិញ​ក្នុង​ប្រទេស​ និង​ប្រទេស​ផ្សេង​ជា​បន្តបន្ទាប់​។

​ក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រី​ការបរទេស​ថៃ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ថ្នាក់​ដឹក​នាំ​ក្រុម​ពាណិជ្ជកម្ម​ក្នុង​វិស័យ​ឯកជន​របស់​ថៃ​បាន​ជំរុញ​ដល់​រដ្ឋាភិបាល​ថៃ​មាន​វិធាន​ការ​កាត់​បន្ថយ​ពន្ធ និង​ប្រាក់​កម្ចី​ ក៏ដូចជា​វិធាន​ការ​នានា​ដើម្បី​ដោះស្រាយ​ការ​ខាត​បង់​របស់​ពួក​គេ​ដែល​បណ្ដាល​មក​ពី​ការ​បិទ​ព្រំដែន​។ ពួកគេ​លើក​ឡើង​ថា​ការ​បិទ​ព្រំដែន​បាន​ធ្វើ​ឱ្យ​ពួកគេ​ខាត់​បង់​លុយ​ប្រមាណ​ ៣ពាន់លាន​ដុល្លារ​។

របាយការណ៍​ពី​អគ្គ​នាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ក្នុង​រយៈពេល​១០​ខែ​ឆ្នាំ​២០២៥​នេះ ទំហំ​ពាណិជ្ជកម្ម​កម្ពុជា​សម្រេច​បាន​ ៣,២ពាន់លាន​ដុល្លារ​អាមេរិក​ ថយ​ចុះ​៩%​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០២៤៕

​អត្ថបទ​ដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម