ព័ត៌មានជាតិ
នាយឧត្តមសេនីយ៍ អ៊ី ឈាន៖ ទោះព្រំដែនខ្មែរ-ថៃ នៅប៉ៃលិនមិនឡើងកម្ដៅខ្លាំង ប៉ុន្តែកងកម្លាំងរងចាំបទបញ្ជាពីរដ្ឋាភិបាលជានិច្ច
នាយឧត្តមសេនីយ៍ អ៉ី ឈាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស គូសបញ្ជាក់ថា នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងខេត្តប៉ៃលិនមិនទាន់ឡើងកម្ដៅខ្លាំងឡើយ ដូច្នេះកងកម្លាំងនៅតែរក្សាភាពស្ងៀមស្ងាត់ ប៉ុន្តែរងចាំស្ដាប់បទបញ្ជាពីរដ្ឋាភិបាល និងអគ្គបញ្ជាការ ជាមួយនឹងការតាំងចិត្តខ្ពស់ក្នុងការការពារជាតិ និងប្រជាជនកម្ពុជា។ នាយឧត្តមសេនីយ៍ អ៉ី ឈាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តប៉ៃលិន លើកឡើងដូច្នេះ ក្នុងពេលដែលលោក និងលោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ចុះសួរសុខទុក្ខ លើកទឹកចិត្តកងកម្លាំង កាលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៥។

នាយឧត្ដមសេនីយ៍ អ៊ី ឈាន ដែលធ្លាប់មានបទពិសោធន៍ឆ្អិនឆ្អៅលើការបញ្ជាទ័ពនៅប៉ៃលិន លើកដូច្នេះ៖ «បច្ចុប្បន្ននេះសភាពការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន មានស្ថានភាពល្អប្រសើ មិនមានឡើងកម្តៅខ្លាំង ដូចនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ខេត្តព្រះវិហារ, ខេត្តឧត្តរមានជ័យ និងខេត្តបន្ទាយមានជ័យនោះទេ ប៉ុន្តែ កងកម្លាំងប្រដាប់អាវុធ របស់យើងទាំងអស់បានរក្សានូវភាពស្ងៀមស្ងាត់ គឺរងចាំស្តាប់នូវបទបញ្ជា និងគោលការណ៍ពីមេបញ្ជាការ ពីប្រមុខរាជរដ្ឋាភិបាល ហើយបានតាំងចិត្តយ៉ាងម៉ឺងម៉ាត់ និងត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់សម្រាប់បេសកកម្មបម្រើជាតិ និងប្រជាជន។»។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ បានបណ្ដុះទឹកចិត្តស្នេហាជាតិ និងត្រូវហ៊ានបូជាជីវិត ដើម្បីការពារជាតិ ទឹកដីឱ្យគង់វង្សទៅកាន់កងកម្លាំង។
នាយឧត្ដមសេនីយ៍ អ៊ី ឈាន សង្កត់ធ្ងន់ដូច្នេះ៖ « បើជាតិមានឧបសគ្គ យើងជាមេទ័ព ត្រូវហ៊ានបូជាជីវិត មុនយុវជនរបស់យើង ដើម្បីបង្ហាញរឹងមាំ ស្នេហាជាតិ ស្នេហាមាតុភូមិ ទឹកដីរបស់យើង។ ខ្ញុំសុខចិត្តស្លាប់មុនជាតិដើម្បីជាតិមានក្ដីសុខ ព្រោះបើជាតិស្លាប់មុនយើង តើយើងរស់នៅមានតម្លៃអ្វី?»។

នៅក្នុងឱកាសនោះផងដែរ នាយឧត្តមសេនីយ៍ អ៉ី ឈាន ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលទាំងឡាយ ដែលនាយទាហាន និងពលទាហាន គ្រប់បណ្ដាអង្គភាពទាំងអស់សម្រេចបាន ក្នុងបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាជន ពិសេសចំពោះវីរភាពយ៉ាងអង់អាចក្លាហាន ស្មោះត្រង់ លះបង់សាច់ស្រស់ឈាមស្រស់ និងការខិតខំប្រឹងប្រែងកសាង និងអភិវឌ្ឍគ្រប់ហេដ្ឋារចនាសម្ព័ន្ធ ធនធានសេដ្ឋកិច្ច ជូនកងទ័ព និងគ្រួសារកងទ័ពឱ្យរស់រៀនមានជីវិតល្អប្រសើរ ស្របតាមគោលរបបរបស់រាជរដ្ឋាភិបាល និងការកសាងនូវប្រព័ន្ធយុទ្ធសាស្រ្តការពារជាតិនានាជាច្រើនទៀត ដើម្បីបម្រើឱ្យក្នុងបុព្វហេតុការពារអធិបតេយ្យ បូរណភាពទឹកដី ទុកជាកេរ្ត៍ប្រវត្តិសាស្រ្ត ជូនអ្នកជំនាន់ក្រោយ។

គួរឱ្យដឹងដែរថា ក្នុងឱកាសនោះ នាយឧត្ដមសេនីយ៍ អ៊ី ឈាន និងលោកស្រី បាន ស្រីមុំ ក៏បានផ្តល់អំណោយរថយន្តចំនួន ០៣គ្រឿង ទោចក្រយានយន្ត ២១គ្រឿង រួមទាំងសម្ភារៈបរិក្ខា ស្បៀងអាហារ និងថរិកា ជូនដល់បណ្តាអង្គភាពកងកំលាំងជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី នៅតាមបន្ទាត់ព្រំដែន និងកម្លាំងចល័ត អន្តរាគមន៍ការពារសន្តិសុខសណ្តាប់ធ្នាប់តាមមូលដ្ឋាន គ្រប់អង្គភាព នៃកងកម្លាំងចម្រុះគណៈបញ្ជាការខេត្តប៉ៃលិន៕



-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


