Connect with us

ព័ត៌មានជាតិ

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់តំណាងចុះសួរសុខទុក្ខ និងនាំ​អំណោយ​ជូន​​ជន​រងគ្រោះជិត ១ ពាន់គ្រួសារ នៅខេត្តក្រចេះ

បានផុស

នៅ

នាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យលោក យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា និងលោក វ៉ា ថន ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជា ខេត្តក្រចេះ ចុះសំណេះសំណាលសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនប្រជាជនងាយរងគ្រោះបំផុត ចំនួន ៩១០គ្រួសារ រស់នៅក្នុងស្រុកអូរគ្រៀងសែនជ័យ និងស្រុកសំបូរ ខេត្តក្រចេះ។

ពិធីជួបសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយខាងលើនេះ ប្រព្រឹត្តទៅនៅទីតាំងចំនួន២កន្លែង គឺ៖ ទីតាំងទី១ នៅភូមិអូរគ្រៀង ឃុំអូរគ្រៀង សម្រាប់ប្រជាជនងាយរងគ្រោះបំផុត ៤៥០គ្រួសារ មកពីឃុំចំនួន៥ នៃស្រុកអូរគ្រៀងសែនជ័យ។ ទីតាំងទី២ នៅភូមិសំបូរ ឃុំសំបូរ សម្រាប់ប្រជាជនងាយរងគ្រោះបំផុត ៤៦០គ្រួសារ មកពីឃុំចំនួន៦ នៃស្រុកសំបូរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាសនោះ លោក យូ ឡាណា អគ្គលេខាធិការរងទី២ បានពាំនាំនូវព្រះរាជសវនីយ៍របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងប្រសាសន៍របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលផ្តាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក អាណិត ស្រឡាញ់ដ៏ជ្រាលជ្រៅ ជាពិសេស ការខ្វល់ខ្វាយពីសុខទុក្ខនិងជីវភាពរស់នៅប្រចាំថ្ងៃរបស់លោកយាយលោកតា និងប្រជាពលរដ្ឋងាយរងគ្រោះបំផុតដូចជា ជនចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយកូនច្រើន ជនមានពិការភាព កុមារកំព្រា និងអ្នកផ្ទុកមេរោគអេដស៍។

អគ្គលេខាធិការរងទី២ ក៏បាននាំនូវការផ្តាំផ្ញើពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនបងប្អូនប្រជាជនទាំងអស់ សូមយកចិត្តទុកដាក់ថែទាំសុខភាពឱ្យបានល្អ ដោយត្រូវផ្លាស់ប្តូរឥរិយាបថក្នុងការស់នៅ និងការហូបចុក ដោយត្រូវមានអានាម័យជាប់ជានិច្ច ពិសាទឹកដាំពុះ និងត្រូវស្រលាញ់ខ្លួនឱ្យស្ងួនចំណី ដើម្បីជៀសផុតពីជំងឺមិនឆ្លងសំខាន់ ចំនួន ៤ ដូចជា ជំងឺទឹកនោមផ្អែម ជំងឺបេះដូងសរសៃឈាម ជំងឺមហារីក និងជំងឺរលាកផ្លូវដង្ហើមរាំរ៉ៃ ដែលបាននឹងកំពុងប្រឈមក្នុងចំណោមប្រជាពលរដ្ឋទូទៅនាពេលបច្ចុប្បន្ន តាមរយៈការបរិភោគមិនបានត្រឹមត្រូវ ដូចជា ផ្អែកពេក ប្រៃពេក ខ្លាញ់ពេក អាហារកំប៉ុងច្រើនពេក ការផឹកគ្រឿងស្រវឹង និងការជក់បារី។

សូមប្រជាជនទាំងអស់ ត្រូវគេងក្នុងមុងជាប់ជានិច្ច និងលុបបំបាត់ជម្រកមូសខ្លា ដើម្បីការពារពីជំងឺគ្រុនឈាម គ្រុនចាញ់។ សូមសម្អាតបរិស្ថានជុំវិញផ្ទះ ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ហើយកុំដុតសំរាមដែលជាប្លាស្ទិក ព្រោះថា ផ្សែងរបស់វាអាចបណ្ដាលឱ្យប៉ះពាល់ទៅដល់សុខភាព។

ក្នុងនាមសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាឥស្សរជនឆ្នើមថ្នាក់ជាតិ ដែលជាគោរមងារទាំង២ ទទួលបានពីអង្គការសហប្រជាជាតិ បានអំពាវនាវដល់ស្ត្រីមានផ្ទៃពោះ សូមទៅពិនិត្យផ្ទៃពោះឱ្យបានទៀងទាត់យ៉ាងតិចណាស់ឱ្យបាន ៤ដង មុនពេលសម្រាល ហើយត្រូវទៅសម្រាលកូននៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យ ដែលនៅជិតបំផុត ដើម្បីសុវត្ថិភាពទាំងម្តាយ និងកូន ជៀសផុតពីគ្រោះថ្នាក់ផ្សេងៗ និងការចម្លងជំងឺពីម្តាយទៅកូន ពិសេស ជំងឺអេដស៍។ ចំពោះស្ត្រី ដែលទើបសម្រាលកូនរួច សូមទៅពិនិត្យសុខភាព ពិសេសនាំកូនទៅទទួលថ្នាំបង្កាឱ្យបានគ្រប់ចំនួន ដើម្បីឱ្យកូនមានសុខភាពល្អជៀសផុតពីជំងឺផ្សេងៗ។

លោក វ៉ា ថន ក្នុងនាមប្រជាជនទទួលផលទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដោយមិនទុកនរណាម្នាក់ចោលឡើយ បើទោះបីជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ៕

អត្ថបទ៖ ប្រុញ វិធិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម