ព័ត៌មានជាតិ
រដ្ឋបាលខេត្តរតនគិរី ណែនាំអាជ្ញាធរ និងវិស័យឯកជនរៀបចំអនាម័យនៅតាមទីសាធារណៈ
រដ្ឋបាលខេត្តរតនគិរី ណែនាំដល់អាជ្ញាធរមូលដ្ឋាន និងវិស័យឯកជន ត្រូវចាត់វិធានការរធ្វើអនាម័យតាមទីសាធារណៈ និងបរិវេណក្បែរអង្គភាពរបស់ខ្លួនជាប្រចាំ ដើម្បីធានានូវសោភ័ណភាព កិច្ចគាំពារសុខភាពសាធារណៈ និងបរិស្ថាន។
ការណែនាំនេះ ត្រូវបានធ្វើឡើង ដើម្បីអបអរ “ទិវាអនាម័យបរិស្ថានជាតិ ២៣ វិច្ឆិកា” ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ការអប់រំផ្សព្វផ្សាយ និងជំរុញចលនាប្រជាពលរដ្ឋ ព្រះសង្ឃ កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ សិស្ស និស្សិត ឱ្យចូលរួមធ្វើអនាម័យ កែលម្អសោភ័ណភាព ទីក្រុង ទីប្រជុំជន ជនបទ ភូមិឋាន វត្តអារាម សាលារៀន មន្ទីរពេទ្យ រោងចក្រ សហគ្រាស និងទីផ្សារ សំដៅរួមចំណែកកសាងសង្គមកម្ពុជាឱ្យមានបរិស្ថានល្អស្អាត និងភាពស្រស់បំព្រង។

នៅក្នុងសេចក្តីណែនាំរដ្ឋបាលខេត្តរតនគិរី ចុះថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២៥ បានណែនាំទៅកាន់រដ្ឋបាលក្រុង ស្រុក សង្កាត់ ឃុំ ត្រូវចាត់វិធានការធ្វើអនាម័យនៅតាមទីសាធារណៈជាប់ជាប្រចាំដោយត្រូវប្រមូលសំរាមមិនឱ្យមានតាមដងផ្លូវ ច្រាំងទន្លេ សួនច្បារ ទីផ្សារ និងរៀបចំដាំកូនឈើតាមដងផ្លូវនៅក្នុងមូលដ្ឋានរបស់ខ្លួន។ គ្រប់មន្ទីរអង្គភាព គ្រឹះស្ថាននានា សាលារៀន វត្តអារាម មន្ទីរពេទ្យ សូមចាត់ចែងធ្វើអនាម័យ ទាំងក្នុង និងក្រៅបរិវេណអង្គភាពរបស់ខ្លួន ដោយត្រូវប្រមូលទុកដាក់សំរាម សំណល់រឹងឱ្យបានត្រឹមត្រូវ ស្របតាមគោលការណ៍ 4Rs (បដិសេធមិនប្រើប្រាស់ កាត់បន្ថយការបង្កើត ការប្រើប្រាស់ឡើងវិញ និងការ កែច្នៃ) សំដៅធានាបរិយាកាសការងារល្អ និងសោភណភាព។
ចំណែក រោងចក្រ សហគ្រាស សិប្បកម្ម អាជីវកម្ម ត្រូវធ្វើអនាម័យបរិស្ថានទាំងនៅក្នុង និងជុំវិញទីតាំងរបស់ខ្លួន និងត្រូវអប់រំផ្សព្វផ្សាយអំពីការគ្រប់គ្រង និងទុកដាក់សំរាម សំណល់រឹងឱ្យបានត្រឹមត្រូវដល់បុគ្គលិក កម្មករ អ្នកលក់ចំណីអាហារ និងអ្នកដឹកជញ្ជូន។ រីឯរមណីយដ្ឋាន និងអាហារដ្ឋាន ត្រូវធ្វើអនាម័យបរិស្ថាន ជាប់ជាប្រចាំដើម្បី ធានាសោភ័ណភាព ផាសុខភាព និងភាពមនោរម្យ ក្នុងការផ្តល់សេវាកម្មសម្រាកលំហែ និងទេសចរណ៍ ដោយត្រូវប្រមូលទុកដាក់សំរាម សំណល់រឹងឱ្យបានរៀបរយដាក់ធុងសំរាមឱ្យបានត្រឹមត្រូវ និងដឹកជញ្ជូនចេញឱ្យទាន់ពេលវេលា។

ក្នុងស្មារតីនេះ រដ្ឋបាលខេត្តរតនគិរី មានសេចក្តីសង្ឃឹមយ៉ាងមុតមាំ និងសូមអំពាវនាវដល់គ្រប់ មន្ទីរ-អង្គភាព រដ្ឋបាល ក្រុង ស្រុក គ្រឹះស្ថានសាធារណៈ វិស័យឯកជន អង្គការសង្គមស៊ីវិល សមាគមដៃគូរ អភិវឌ្ឍន៍ជាតិ និងអន្តរជាតិ សហគមន៍ និងអ្នកពាក់ព័ន្ធ មេត្តាចូលរួមសហការ និងរៀបចំប្រារព្ធពិធីខាងលើ ដែលនឹងប្រព្រឹត្តទៅព្រមៗគ្នា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោង ២:៣០នាទីរសៀល នៅតាមទីកន្លែងរៀងៗខ្លួន និងមានរបាយការណ៍ភ្ជាប់ជាមួយរូបភាព ផ្ញើជូនមកមន្ទីរបរិស្ថាន ដើម្បីក្រុមការងារមានមូលដ្ឋានធ្វើរបាយការណ៍បូកសរុបជូនថ្នាក់ដឹកនាំក្រសួង៕
ដោយ៖ ខៀវ ចាប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៧ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


