Connect with us

ព័ត៌មានជាតិ

ប្រមុខការពារជាតិកម្ពុជា៖ ការបណ្តុះបណ្តាលយោធា គឺជាឧបករណ៍ដ៏មានប្រសិទ្ធភាពសម្រាប់ការការពារសន្តិភាព

បានផុស

នៅ

នាយឧត្តមសេនីយ៍ ទៀ សីហា​ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិកម្ពុជា ថ្លែងថា បច្ចុប្បន្ន ពិភពលោកកំពុងប្រឈមនឹងបញ្ហាប្រឈមថ្មីៗដែលមានចរិតស្មុគស្មាញ និងប្រទាក់ ក្រឡាគ្នាដូចជាការកើនឡើងនៃសង្គ្រាមព័ត៌មាន និងអនឡាញ ការគំរាមកំហែងបែបកូនកាត់ ការប្រកួត ប្រជែងភូមិសាស្ត្រនយោបាយរវាងមហាអំណាច ក៏ដូចជាបញ្ហាបរិស្ថាន និងអាកាសធាតុ ដែលបានបង្កើតជា ភាពមិនប្រាកដប្រជា និងការប្រែប្រួលលឿននៅក្នុងបរិបទសន្តិសុខអន្តរជាតិ។ លោក ទៀ សីហា ថ្លែងដូច្នេះ ក្នុងពិធីបើកជាផ្លូវការ នៃកិច្ចប្រជុំកិច្ចប្រជុំថ្នាក់ដឹកនាំសាកលវិទ្យាល័យ មហាវិទ្យាល័យ និងវិទ្យាស្ថានការពារជាតិ វេទិកាតំបន់អាស៊ានលើកទី២៧ ដែលសាកលវិទ្យាល័យការពារជាតិកម្ពុជា បានរៀបចំធ្វើជាម្ចាស់ផ្ទះ នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងបរិបទដូចនេះ អាស៊ាន ត្រូវបន្តបំពេញតួនាទីជាមជ្ឈមណ្ឌលនៃសន្តិភាព និងស្ថិរភាពតំបន់ តាមរយៈការសហការសន្តិភាព និងសន្ទនា ដែលផ្អែកលើការគោរពច្បាប់អន្តរជាតិ។ នេះជាការបន្ថែមរបស់រដ្ឋមន្ត្រីការពារជាតិកម្ពុជា នៅចំពោះមុខប្រតិភូមកពី ១៦ប្រទេស មកពី ប្រទេសអូស្ត្រាលី ប៊្រុយណេដារ៉ូសាឡឹម កាណាដា សាធារណៈរដ្ឋប្រជាមានិតចិន ឥណ្ឌូនេស៊ី ជប៉ុន ឡាវ ម៉ាឡេស៊ី សហ ភាពមីយ៉ាន់ម៉ា នូវែលសេឡង់ ប៉ាគីស្ថាន កូរ៉េខាងត្បូង សហព័ន្ធរុស្សី សឹង្ហបុរី ស្រីលង្កា និងវៀតណាម។

ប្រមុខការពារជាតិកម្ពុជា អះអាងថា រាជរដ្ឋាភិបាលកម្ពុជា បានផ្តោតលើគោលការណ៍ “សន្តិភាពបង្កើតការអភិវឌ្ឍ និងការអភិវឌ្ឍធានាសន្តិភាព។ កិច្ចការពារជាតិ និងសន្តិសុខជាមូលដ្ឋាននៃសន្តិភាព និងវិបុលភាពរបស់ប្រជាជន។ ដូចនេះកម្ពុជា ប្តេជ្ញាចិត្ត បន្តចូលរួមយ៉ាងសកម្មក្នុងវេទិកាអាស៊ាន និងកិច្ចប្រជុំ ARF-HDUCIM ដើម្បីចូលរួមចំណែកក្នុងការរក្សា និងពង្រឹងសន្តិភាព និងសន្តិសុខក្នុងតំបន់។

នាយឧត្តមសេនីយ៍ បានគូសបញ្ជាក់ថា៖« សន្តិភាពមិនមែនជារឿងដែលកើតឡើងដោយស្វ័យប្រវត្តិនោះទេ ប៉ុន្តែជាលទ្ធផលនៃការខិតខំរួមគ្នា ការ យល់ដឹង និងស្មារតីសហការរវាងប្រទេសទាំងអស់។ យើងត្រូវជឿជាក់ថា ការអប់រំ និងការបណ្តុះបណ្តាលយោធា គឺជាឧបករណ៍ដ៏មានប្រសិទ្ធភាពសម្រាប់ការការពារសន្តិភាព។ ឯកឧត្តម ជឿជាក់ថា កិច្ចប្រជុំ ARF HDUCIM លើក ទី២៧នេះគឺជាវេទិកាដ៏ល្អសម្រាប់ការបន្តថែរក្សា ក៏ដូចជាពង្រឹងសន្តិភាព ការជឿជាក់ និងសន្តិសុខក្នុងសហគមន៍រួមរបស់យើង។ និងជឿជាក់ថា ការពិភាក្សា និងការផ្លាស់ប្តូរព័ត៌មានក្នុងកិច្ចប្រជុំនេះ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងច្រើន ដល់ប្រទេសសមាជិកទាំងអស់ក្នុងការបង្កើតអនាគតរួមមួយដែលមានសន្តិភាព ស្ថិរភាព និងសហការ រយៈវែងសម្រាប់តំបន់អាស៊ាន និងឥណ្ឌូប៉ាស៊ីហ្វិកទាំងមូល។»។

ឧត្តមសេនីយ៍ឯក ដោក សុផា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិកម្ពុជា បានឲ្យដឹងថា កិច្ចប្រជុំ ARF-HDUCIM ត្រូវបានបង្កើតឡើងតាំង ពីឆ្នាំ១៩៩៧ បន្ទាប់ពីការបង្កើតវេទិកាតំបន់អាស៊ាន ក្នុងឆ្នាំ១៩៩៤ ក្នុងគោលបំណងសំខាន់គឺបម្រើជាវេទិកា ផ្លូវការមួយ សម្រាប់ថ្នាក់ដឹកនាំសាកលវិទ្យាល័យ មហាវិទ្យាល័យ និងវិទ្យាស្ថានការពារជាតិ មកពីបណ្តាប្រទេស ជាសមាជិកអាស៊ាន អាស៊ាន-បូក ប្រទេសដៃគូសន្ទនា និងប្រទេសជាដៃគូទាំងឡាយ ដើម្បីពិភាក្សា និងចែករំលែក បទពិសោធន៍លើការអប់រំ ការស្រាវជ្រាវ និងការអភិវឌ្ឍយុទ្ធសាស្រ្តការពារជាតិ។

តាមលោក ដោក​ សុផា  ចំពោះកិច្ចប្រជុំ ARF-HDUCIM លើកទី២៧ នេះ រំពឹងទុកថា នឹងជួយបង្កើត និងបង្កើន ទំនាក់ទំនង ក៏ដូចជាការកសាងជំនឿទុកចិត្ត ព្រមទាំងការយល់ច្បាស់ពីគ្នាទៅវិញទៅមក រវាងស្ថាប័នការពារជាតិនៃ បណ្តាប្រទេសដែលបានចូលរួមតាមរយៈការជួបប្រជុំ ពិភាក្សា និងសន្ទនាដោយផ្ទាល់។ កិច្ចប្រជុំនេះក៏នឹងជំរុញផងដែរ ឲ្យមានការបង្កើតផែនការស្រាវជ្រាវរួម, ការធ្វើទំនើបកម្មកម្មវិធីសិក្សាក្នុងសម័យឌីជីថល និងកិច្ចសហ ប្រតិបត្តិការឆ្ពោះទៅមុខ បន្ទាប់ពីការពិភាក្សាលើប្រធានបទសំខាន់ៗដែលមានដូចជា សន្តិសុខអាកាសធាតុ ការគំរាមកំហែងសន្តិសុខមិនប្រពៃណី និងប្រធានបទសន្តិសុខសហសម័យថ្មីៗផ្សេងទៀត។ ម៉្យាងវិញទៀតកិច្ចប្រជុំនេះ ក៏នឹងជួយបង្កើតបណ្តាញសហការយូរអង្វែង ដើម្បីបន្តការចូលរួមក្នុងកិច្ចប្រជុំ ARF-HIDUCIM បន្តបន្ទាប់ ទៀត ជាពិសេសកិច្ចប្រជុំ ARF-HDUCIM លើកទី២៨ ដែលសាលាបណ្ឌិត្យសភាយោធាកាណាដានឹងត្រូវ ធ្វើជាម្ចាស់ផ្ទះនៅខែតុលា ឆ្នាំ២០២៦ ខាងមុខ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម