ព័ត៌មានជាតិ
ប្រមុខការទូតកម្ពុជាយកស្ថានភាពតានតឹងតាមព្រំដែនទៅប្រាប់អគ្គលេខាធិការហ្វ្រង់កូហ្វូនី និងមេដឹកនាំរវ៉ាន់ដា
អំឡុងពេលធ្វើទស្សនកិច្ចនៅទីក្រុងគីហ្គាលី រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន បានលើកឡើងពីបញ្ហាជម្លោះព្រំដែនរវាងកម្ពុជានិងថៃ ប្រាប់ទៅមេដឹកនាំប្រទេសរវ៉ាន់ដា និងអគ្គលេខាធិការអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី ដោយលោកបានគូសបញ្ជាក់ពីស្ថានភាពតានតឹងដែលកំពុងបន្តកើតមានតាមបន្ទាត់ព្រំដែន។

ដំណើរទស្សនកិច្ចដែលធ្វើឡើងតបតាមការអញ្ជើញរបស់សមភាគីរវ៉ាន់ដា លោក ប្រាក់ សុខុន បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីរវ៉ាន់ដា លោក Justin Nsengiyumva និងសមភាគី លោក Olivier J.P.Nduhungirehe រដ្ឋមន្ត្រីការបរទេសរវ៉ាន់ដា ព្រមទាំងជំនួបពិភាក្សាការងារជាមួយអគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី លោកស្រី Louise Mushikiwabo។

នៅក្នុងជំនួបសន្ទនាជាមួយមេដឹកនាំអន្តរជាតិទាំង៣ ដែលផ្ដោតលើការពិភាក្សាទៅលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងកម្ពុជា និងរវ៉ាន់ដា ក៏ដូចជាពិភាក្សាអំពីការរៀបចំនូវកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនោះ លោករដ្ឋមន្ត្រីការបរទេសកម្ពុជា ក៏បានឆ្លៀតលើកឡើងពីភាពតានតឹង ដែលកំពុងបន្តកើតមាននៅតាមព្រំដែនកម្ពុជា-ថៃ បើទោះជាមានសេចក្ដីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាពរវាងប្រទេសទាំងពីរក៏ដោយ។

បើតាមសេចក្ដីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ឱ្យដឹងដូច្នេះថា «នៅក្នុងជំនួបទាំងបីខាងលើ ឯកឧត្តម ប្រាក់ សុខុន បានឆ្លៀតឱកាសជម្រាបជូនអំពីភាពតានតឹងដែលកំពុងបន្តកើតមាននៅតាមព្រំដែនកម្ពុជា-ថៃ»។ សេចក្ដីប្រកាសរបស់ក្រសួង បានលើកឡើងពីការគូសបញ្ជាក់របស់លោករដ្ឋមន្ត្រីការបរទេសកម្ពុជានូវការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការថែរក្សាកិច្ចព្រមព្រៀងបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមរវាងកម្ពុជា និងថៃ ពេលថ្មីៗនេះ ដែលត្រូវបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីទាំងពីរ នៅទីក្រុងគូឡាឡាំពួ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ដោយមានលោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ាន ធ្វើជាសាក្សី»។

ការលើកឡើងរបស់រដ្ឋមន្រ្តីការបរទេសកម្ពុជាអំពីបញ្ហាព្រំដែន ធ្វើឡើងបន្ទាប់ពីនៅតំបន់ព្រំដែនកម្ពុជា និងថៃ ហាក់មានភាពតានតឹងឡើងវិញ ក្រោយពីរសប្ដាហ៍នៃការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមរវាងកម្ពុជា-ថៃ ដោយភាគីថៃបានប្រកាសផ្អាកការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពនេះ ក្រោមហេតុផលចោទកម្ពុជាថា ចូលទៅដាក់មីនថ្មី ដែលបណ្ដាលឱ្យទាហានថៃបានដើរជាន់មីនផ្ទុះនៅតំបន់ជិតតំបន់ប្រាសាទព្រះវិហារ បើទោះបីកម្ពុជាបដិសេធម្ដងហើយម្ដងទៀត ថា កម្ពុជាមិនដែលប្រើប្រាស់មីនប្រឆាំងមនុស្សនោះទេ។
ព្រឹត្តិការណ៍បន្ទាប់ គឺនៅថ្ងៃទី១២ ខែវិច្ឆិកា ទាហានថៃ ក៏បានបើកការបាញ់រះមកលើពលរដ្ឋខ្មែរនៅភូមិព្រៃចាន់ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដែលបណ្ដាលឱ្យពលរដ្ឋខ្មែរស្លាប់ និងរងរបួស។ លុះនៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ក៏មានការផ្ទុះអាវុធនៅខាងភាគីថៃនៅចំណុចច្រកច១ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ស្របពេលដែលក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) ចុះទៅពិនិត្យការអនុវត្តបទឈប់បាញ់នៅតំបន់នោះ ដែលត្រូវបានបង្ខំឱ្យក្រុមអ្នកសង្កេតការណ៍ដកថយត្រឡប់វិញ៕
ដោយ៖ ធឿន វ៉ាន់សុង
-
កីឡា១១ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


