Connect with us

ព័ត៌មានជាតិ

អាជ្ញាធរមីនកម្ពុជាបារម្ភចំពោះការបង្កើតព័ត៌មានមិនពិតដោយថៃ ជុំវិញករណីផ្ទុះមីនតាមព្រំដែន

បានផុស

នៅ

អាជ្ញាធរមីនកម្ពុជា ចេញសេចក្តីថ្លែងការណ៍ឆ្លើយតបនឹងការចោទប្រកាន់គ្មានមូលដ្ឋានរបស់ថៃពាក់ព័ន្ធនឹងហេតុការណ៍ផ្ទុះមីននៅតំបន់ព្រំដែន ដោយអាជ្ញាធរមីន បានសម្ដែងនូវក្ដីបារម្ភចំពោះការបង្កើតព័ត៌មានមិនពិតដោយភាគីថៃ ជុំវិញនឹងករណីផ្ទុះមីនតាមព្រំដែនរវាងប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាថ្មីម្ដងទៀត បន្ទាប់ពីមានការចែកចាយក្នុងប្រព័ន្ធផ្សព្វផ្សាយថៃ ពាក់ព័ន្ធនឹងការចោទប្រកាន់ដែលថា យោធាកម្ពុជាបានដាក់មីនថ្មីនៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃនោះ អាជ្ញាធរមីនកម្ពុជា តាមរយៈសេចក្ដីថ្លែងការណ៍នៅថ្ងៃទី២៥ ខែវិច្ឆិកានេះ បានបដិសេធដាច់ខាត ហើយថា ជារឿងមិនពិត។

សេចក្ដីថ្លែងការណ៍ខាងលើ បានសង្កត់ធ្ងន់ថា ការចោទប្រកាន់ទាំងនេះ ត្រូវបានផ្សព្វផ្សាយដោយគ្មានរបាយការណ៍ស៊ើបអង្កេតផ្លូវការ មិនមានការផ្ទៀងផ្ទាត់រួមគ្នា និងគ្មានការពិគ្រោះយោបល់ តាមរយៈយន្តការទ្វេភាគី ដែលបានព្រមព្រៀងគ្នានោះឡើយ។

ទាក់ទងនឹងការលើកឡើងពីមីនប្រភេទ PMN-2 ទើបត្រូវបានដាក់ថ្មី អាជ្ញាធរមីនកម្ពុជា បានគូសបញ្ជាក់ថា ការលើកឡើងនេះ ត្រូវតែគាំទ្រដោយរបាយការណ៍បច្ចេកទេសផ្លូវការ រួមជាមួយរូបថតដែលមានការផ្ទៀងផ្ទាត់ ត្រឹមត្រូវ របាយការណ៍នៃការប្រមូលនិងរក្សាទុកភស្តុតាង ការវិភាគទីតាំងផ្ទុះ ទិន្នន័យ GIS ដែលមានកំណត់ត្រាពេលវេលា និងការវាយតម្លៃដោយអង្គការសកម្មភាពមីនភាគីទីបីដែលអព្យាក្រឹត។ បើតាមអាជ្ញាធរមីន មកទល់បច្ចុប្បន្ន កម្ពុជាមិនទាន់ទទួលបានរបាយការណ៍ណាមួយ តាមរយៈបណ្តាញផ្លូវការណាមួយនោះទេ។

ជាមួយគ្នានេះដែរ ការអះអាងពាក់ព័ន្ធនឹងការរើសបានទូរស័ព្ទរបស់ទាហានកម្ពុជា, កម្ពុជា សម្តែងនូវក្តីព្រួយបារម្ភចំពោះភាពពិតនៃរូបភាព ព្រោះព័ត៌មាន និងភស្តុតាងដែលបានលើកឡើងដោយថៃ មិនត្រូវបានបញ្ជូនមកកាន់កម្ពុជា តាមរយៈគណៈកម្មាធិការព្រំដែនទូទៅ ឬក្រុមការងារសម្របសម្រួលចម្រុះ ហើយក៏មិនមានការស្នើសុំណាមួយឱ្យកម្ពុជាផ្ទៀងផ្ទាត់រូបភាពផងដែរ។ អាជ្ញាធរមីន ថា បច្ចុប្បន្ន រូបភាព ឬវីឌីអូ អាចត្រូវបានកែប្រែដើម្បីបំភាន់ ដែលទាមទារឱ្យមានការពិនិត្យច្បាស់លាស់ ពោលគឺកម្ពុជាទទួលយកតែភស្តុតាងដែលត្រូវបានផ្ទៀងផ្ទាត់ដោយឯករាជ្យ និងធ្វើឡើងដោយក្រុមការងារចម្រុះតែប៉ុណ្ណោះ។

ក្នុងន័យនេះ កម្ពុជាអំពាវនាវឱ្យមានការស៊ើបអង្កេតរួមគ្នាជាបន្ទាន់ ដោយមានការចូលរួមពីអ្នកជំនាញអន្តរជាតិអព្យាក្រឹត ដើម្បីធានាបាននូវការ វាយតម្លៃត្រឹមត្រូវ និងផ្អែកលើភស្តុតាង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម