Connect with us

ព័ត៌មានជាតិ

ក្នុងសប្ដាហ៍នេះ រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា

បានផុស

នៅ

តបតាមការអញ្ជើញរបស់សមភាគីកម្ពុជា លោក វីនស្តុន ភីធឺរ រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងសប្ដាហ៍នេះ ដើម្បីពង្រឹងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងការបរទេសកម្ពុជា តាមរយៈសេចក្ដីប្រកាសព័ត៌មាននៅរសៀលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥នេះ បានបញ្ជាក់ឱ្យដឹងថា ដំណើរទស្សនកិច្ចជាផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសនូវែលសេឡង់ នឹងធ្វើឡើងពីថ្ងៃទី២៨ និងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥។

ក្នុងពេលធ្វើទស្សនកិច្ចនៅកម្ពុជា លោក វីនស្តុន ភីធឺរ នឹងចូលជួបសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជំនួបទ្វេភាគីជាមួយសមភាគី គឺលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសកម្ពុជា ដើម្បីពិភាក្សាអំពីការពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងនូវែលសេឡង់ ទៅលើវិស័យដែលមានសក្តានុពលបម្រើផលប្រយោជន៍រួម។

ក្រសួងការបរទេសកម្ពុជា ចាត់ទុកទស្សនកិច្ចពេលនេះ ជាការបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ប្រទេសទាំងពីរក្នុងការពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងមិត្តភាពដ៏យូរអង្វែង ដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជនទាំងពីរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម