ព័ត៌មានជាតិ
កម្ពុជា-ថៃ បោះបង្គោលបណ្ដោះអាសន្នបាន៤៤បង្គោល ក្នុងភូមិសាស្ត្រស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ទល់មុខស្រុកគោកស៊ូង ខេត្តស្រះកែវ
ចាប់ពីថ្ងៃទី២៨ ខែវិច្ឆិកា ដល់ថ្ងៃទី ០៣ ខែធ្នូ ក្រុមវាស់វែងចម្រុះរបស់កម្ពុជា និងថៃ បាន បោះបង្គោលបណ្តោះអាសន្ននៅលើដីជាក់ស្តែងបានចំនួន៤៤បង្គោលបណ្តោះអាសន្ន លើការផែនការដែលត្រូវបោះសរុប ២៧៧បង្គោលបណ្តោះអាសន្ន នៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៤២-៤៣ ដោយចាប់ផ្តើមចេញពីទីតាំងបង្គោលព្រំដែនលេខ ៤២។ នេះបើតាមការឱ្យដឹងពីមន្ត្រីនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន នៅល្ងាចថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ នេះ។

ការងារចុះវាស់វែងនិងបោះបង្គោលបណ្តោះអាសន្ននៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលលេខ ៤២-៤៧ នៅក្នុងភូមិសាស្ត្រ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ទល់មុខស្រុកគោកស៊ូង ខេត្តស្រះកែវ ធ្វើឡើងស្របតាមស្មារតីនៃកិច្ចប្រជុំគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែន (JBC) កម្ពុជា-ថៃ កាលពីថ្ងៃទី២១-២២ ខែតុលា ឆ្នាំ២០២៥ កន្លងទៅ។

សូមរម្លឹកថា ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្រុមវាស់វែងចម្រុះនៃភាគីកម្ពុជា និងភាគីថៃ បានចុះអនុវត្តការងារលើដីជាក់ស្ដែងនៅកំណាត់ខ្សែព្រំដែនចន្លោះបង្គោលព្រំដែនលេខ ៤២-៤៣ ដែលមានប្រវែងប្រមាណ ៧គ.ម. ដោយបានបញ្ចប់ទាំងស្រុងការងារថតរូបពីលើអាកាសដោយប្រើដ្រូនដើម្បីបង្កើតផែនទីរូបថត (Photomap)។ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ ភាគីទាំងពីរបានរួមគ្នារៀបចំទិន្នន័យរូបថតពីលើអាកាស ដើម្បីបង្កើតផែនទីរូបថត(Photomap)។

រដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ធ្លាប់បញ្ជាក់កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ថា ការងារចុះវាស់វែង និងបោះបង្គោលបណ្ដោះអាសន្នលើដីជាក់ស្ដែងរបស់ក្រុមការងារចម្រុះ គឺជាការបន្តអនុវត្តការងារជាជំហានៗ ដើម្បីឈានទៅដល់ការខណ្ឌសីមា លើដីជាក់ស្ដែង ដែលកិច្ចការងារនេះ គឺធ្វើឡើងយ៉ាងហ្មត់ចត់ និងទទួលខុសត្រូវខ្ពស់បំផុត ដោយឈរលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំង ជាពិសេសកំណត់ហេតុ (Procès Verbaux) បោះបង្គោលរបស់គណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន-សៀម ឆ្នាំ១៩០៨-១៩០៩ និងគណៈកម្មការបោះបង្គោលព្រំដែនរវាងឥណ្ឌូចិន-សៀម ឆ្នាំ១៩១៩-១៩២០ និងស្របតាមខ្លឹមសារនៃអនុស្សរណៈនៃការយោគយល់គ្នា( MOU) ឆ្នាំ២០០០, បែបបទការងារ (TOR)ឆ្នាំ២០០៣ និងស្មារតីនៃកំណត់ហេតុកិច្ចប្រជុំ GBC នាពេលកន្លងមក ព្រមទាំងអនុវត្តតាមបែបបទណែនាំបច្ចេកទេស(Technical Instruction) ដែលកម្ពុជា-ថៃបានឯកភាពគ្នា។

សម្ដេច ហ៊ុន ម៉ាណែត កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ក៏បានពន្យល់ពលរដ្ឋថា គោលដៅនៃការវាស់វែងនិងបោះបង្គោលព្រំដែនបណ្តោះអាសន្ននេះ មិនមែនដើម្បីគណនាអំពីការចំណេញឬខាតដីនោះទេ គោលដៅចំបងគឺដើម្បីកំណត់នូវការខ័ណ្ឌសីមានៅលើដីជាក់ស្តែងដែលបញ្ជាក់អំពីខ្សែព្រំដែនមួយដែលត្រឹមត្រូវនិងច្បាស់លាស់រវាងប្រទេសកម្ពុជានិងថៃ ផ្អែកលើមូលដ្ឋាននៃឯកសារគតិយុត្តដែលបន្សល់ទុកពីអាណាព្យាបាលបារាំង និងច្បាប់អន្តរជាតិ។

សម្ដេច ហ៊ុន ម៉ាណែត បញ្ជាក់ថា កម្ពុជាប្រកាន់ខ្ជាប់នូវគោលការណ៍មិនរំលោភបំពានលើដែនអធិបតេយ្យនិងបូរណភាពទឹកដីប្រទេសដទៃ ប៉ុន្តែកម្ពុជាក៏មិនអនុញ្ញាតឱ្យមានការរំលោភបំពានលើដែនអធិបតេយ្យ និងបូរណភាពទឹកដីរបស់កម្ពុជាដែរ។

សម្ដេចនាយករដ្ឋមន្ត្រី ក៏បានពន្យល់ពីសារៈសំខាន់នៃការវាស់វែង និងបោះបង្គោលព្រំដែនបណ្តោះអាសន្ននេះថា គឺជាវិធីសាស្ត្រក្នុងការដោះស្រាយបញ្ហារយៈពេលវែងដោយសន្តិវិធី ដើម្បីឈានទៅបញ្ចប់ជម្លោះ និងបង្កលក្ខណៈអោយប្រជាពលរដ្ឋដែលរស់ក្នុងតំបន់ព្រំដែនដែលមានបញ្ហាអាចបានទទួលសេចក្តីសុខ និងបន្តជីវភាពរស់នៅជាប្រក្រតីឡើងវិញ ព្រមទាំងធានាបាននូវការការពារជាដាច់ខាតនូវអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជា។

ក្រោយពីការវាស់វែងបានបញ្ចប់ សម្ដេច ហ៊ុន ម៉ាណែត ក៏បានឱ្យដឹងដែរថា ក្រុមការងារចម្រុះនៃកម្ពុជា- ថៃ នឹងពិនិត្យមើលលើការកាន់កាប់ជាក់ស្តែងរបស់ប្រជាពលរដ្ឋទាំងសងខាង ប្រៀបធៀបជាមួយនឹងបង្គោលព្រំដែនបណ្តោះអាសន្ន ដើម្បីពិភាក្សាគ្នារកដំណោះស្រាយមួយដែលភាគីទាំងពីរអាចទទួលយកបាន ស្របតាមគោលការណ៍គោរពអធិបតេយ្យភាពនិងបូរណភាពទឹកដីទៅវិញទៅមក។
សម្ដេច ហ៊ុន ម៉ាណែត ក៏បានស្នើសុំជនរួមជាតិទាំងអស់មេត្តាជឿទុកចិត្តលើរាជរដ្ឋាភិបាលកម្ពុជា និងគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា ពីព្រោះថា ជានិច្ចកាលរដ្ឋាភិបាល និង JBC) កម្ពុជា តែងប្រកាន់ខ្ជាប់នូវមនសិការវិជ្ជាជីវៈនិងការទទួលខុសត្រូវខ្ពស់បំផុត ដោយតម្កល់ឧត្តមប្រយោជន៍ជាតិជាធំ ជាពិសេសការការពារបូរណភាពទឹកដីនិងអធិបតេយ្យជាតិ ដោយប្រកាន់ខ្ជាប់នូវការគោរពច្បាប់អន្តរជាតិ គោរពគោលការណ៍ព្រំដែនមិនកែប្រែ និងខ្សែព្រំដែនអន្តរជាតិ កម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនរវាងឥណ្ឌូចិន-សៀម៕
ដោយ៖ ង៉ិល ណារ៉ាត់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


