ព័ត៌មានជាតិ
ទេសរដ្ឋមន្រ្តីកម្ពុជា បកអាក្រាតប្រាប់អន្តរជាតិថា ថៃយកបញ្ហាផ្ទុះមីន ធ្វើជាមូលហេតុវាយប្រហារឈ្លានពានមកលើកម្ពុជា
កម្ពុជា បានសម្តែងនូវការសោកស្តាយចំពោះការរំលោភបំពានយ៉ាងធ្ងន់ធ្ងររបស់ថៃដល់គោលការណ៍អនុសញ្ញាអូតាវ៉ា និងស្មារតីនៃកិច្ចសហប្រតិបត្តិការរបស់រដ្ឋភាគីអនុសញ្ញា។ ជាមួយនឹងការសោកស្តាយ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីនបានក៏បានគូសបញ្ជាក់ប្រាប់ភាគីអន្តរជាតិថា ថៃ បាន និងកំពុងយកបញ្ហាផ្ទុះមីនធ្វើជាមូលហេតុ ដើម្បីបើកការវាយប្រហារឈ្លានពានដែនអធិបតេយ្យភាពកម្ពុជា។

ការគូសបញ្ជាក់បែបនេះរបស់លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១អាជ្ញាធរមីន ធ្វើឡើងនៅក្នុងឱកាសកម្ពុជាដឹកនាំរៀបចំព្រឹត្តិការណ៍អមស្តីពី«ពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិ តាមរយៈការអភិវឌ្ឍសមត្ថភាពដើម្បីពិភពលោកមួយគ្មានមីន» កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ លោកទេសរដ្ឋមន្ត្រី លី ធុជ លើកឡើងថា តាមរយៈកិច្ចសហប្រតិបត្តិការ និងការចូលរួមគាំទ្រពីប្រទេសជាមិត្ត ដៃគូអភិវឌ្ឍ និងសហគមន៍អន្តរជាតិ កម្ពុជាបានប្រែក្លាយខ្លួនពីប្រទេសរងគ្រោះធ្ងន់ធ្ងរដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ទៅជាប្រទេសឈានមុខក្នុងសកម្មភាពមីន និងក្លាយជាដៃគូសំខាន់ក្នុងការគាំទ្រដល់ប្រទេសផ្សេងទៀត ដែលរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។
បើតាមលោក លី ធុជ កិច្ចខិតខំប្រឹងប្រែង និងការចូលរួមគាំទ្រដែលកម្ពុជាផ្តល់ទៅកាន់ប្រទេសរងគ្រោះដទៃ គឺដោយសារកម្ពុជាយល់ច្បាស់អំពីទុក្ខលំបាកដែលបង្កដោយមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ហើយកម្ពុជាជឿជាក់ថា មានតែកិច្ចសហប្រតិបត្តិការ និងការខិតខំប្រឹងប្រែងរួមគ្នាទេ ដែលអាចធ្វើឱ្យយើងសម្រេចបានគោលដៅមនុស្សធម៌របស់អនុសញ្ញាអូតាវ៉ា។

ជាមួយគ្នានេះ លោកទេសរដ្ឋមន្រ្តី លី ធុជ ក៏បានលើកឡើងអំពីស្ថានការណ៍នៅតាមតំបន់ព្រំដែន និងបានបង្ហាញពីចេតនារបស់ថៃដែលប្រើប្រាស់ឧប្បត្តិហេតុផ្ទុះមីនធ្វើការចោទប្រកាន់មកលើកម្ពុជាដោយគ្មានមូលដ្ឋាន គ្មានការពិត និងគ្មានការស៊ើបអង្កេតច្បាស់លាស់ ដើម្បីជាមូលហេតុក្នុងការវាយប្រហារឈ្លានពានមកលើកម្ពុជា ដែលបានបង្កការរងគ្រោះដល់ប្រជាជនកម្ពុជាក្នុងតំបន់ព្រំដែន។ លោកបានបញ្ជាក់ពីជំហររបស់កម្ពុជាក្នុងការត្រៀមខ្លួចរួចរាល់ក្នុងការផ្តល់កិច្ចសហការ និងបន្តអនុវត្តតាមយន្តការដែលមានស្រាប់ ដើម្បីដោះស្រាយបញ្ហា និងធានាបានសន្តិភាព ស្ថិរភាព និងសុខសុវត្ថិភាពរបស់ប្រជាជន។
គួរបញ្ជាក់ជូនថា ក្រៅពីបញ្ហាមីននេះ អាជ្ញាធរមីនកម្ពុជា ក៏បានលើកឡើងពីបញ្ហាគ្រាប់បែកចង្កោមដែលប្រើប្រាស់ដោយកងទ័ពថៃក្នុងពេលវាយប្រហារឈ្លានពានកម្ពុជានាពេលកន្លងមកប្រាប់ទៅលោកស្រី Pamela Moraga នាយកអង្គភាពគាំទ្រការអនុវត្តអនុសញ្ញាស្តីពីគ្រាប់បែកចង្កោមក្នុងជំនួបទ្វេភាគីនៅទីក្រុងហ្សឺណែវ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ផងដែរ។ លោកទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់ប្រាប់លោកស្រី Pamela Moragaថា ការប្រើប្រាស់គ្រាប់បែកចង្កោមរបស់យោធាថៃអំឡុងជម្លោះប្រដាប់អាវុធកម្ពុជា-ថៃ កាលពីខែកក្កដា ឆ្នាំ២០២៥ កន្លងទៅនេះ បានបង្កផលប៉ះពាល់រយៈពេលយូរ និងបង្កគ្រោះថ្នាក់ចំពោះប្រជាជន ជាពិសេស ក្មេងតូច។ លោកបន្តថា បើទោះជាស្ថានការណ៍បានធូរស្រាល ការភ័យក្លាយរបស់ប្រជាជននៅតែបន្តមាន ដោយសារសំណល់ជាតិផ្ទុះពីសង្គ្រាមដែលនៅពាសពេញដី និងស្រែចម្ការ ពិសេស គ្រាប់បែកចង្កោម ដែលជាក់ស្តែងថ្មីៗនេះ មានប្រជាជនវ័យក្មេងកម្ពុជាម្នាក់ ទទួលរងគ្រោះបាត់បង់ជីវិត ដោយសារគ្រាប់ចង្កោមដែលបន្សល់ទុកដោយការវាយប្រហារនេះ។

តាងនាមឱ្យរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនរងគ្រោះ លោកទេសរដ្ឋមន្រ្តី លី ធុជ បានទាមទារឱ្យអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម ធ្វើការថ្កោលទោសឱ្យបានខ្លាំងក្លាចំពោះអ្នកប្រើប្រាស់គ្រាប់បែកចង្កោម និងឱ្យទទួលខុសត្រូវចំពោះផលប៉ះពាល់អវិជ្ជមានយូរអង្វែង ជាពិសេស ការបង្កគ្រោះថ្នាក់ដល់ប្រជាជនស៊ីវិល។ លោកទេសរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ទោះបីប្រទេសមិនមែនជារដ្ឋភាគីនៃអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម ការប្រើប្រាស់គ្រាប់បែកចង្កោម គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរចំពោះគោលការណ៍ច្បាប់មនុស្សធម៌អន្តរជាតិ ហើយត្រូវតែធ្វើការថ្កោលទោស៕

-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


