ព័ត៌មានជាតិ
ក្រសួងការពារជាតិថាថៃយកលេសបញ្ហាមីនថ្ពឹនភ្នែកអន្តរជាតិ ដើម្បីលាក់បាំងមហិច្ឆតាចង់ឈ្លានពានលើកម្ពុជា
ក្រសួងការពារជាតិកម្ពុជា ថាថៃមានចេតនាយកបញ្ហាមីន ថ្ពឹនភ្នែកអន្តរជាតិ និងបិទបាំងនូវភាពស្រេកឃ្លានការ ឈ្លានពានខុសច្បាប់មកលើទឹកដីកម្ពុជា។ កម្ពុជា ប្រាប់ឱ្យថៃឈប់ភ្លាមចំពោះទង្វើប្រឌិតព័ត៌មានពាក់ព័័ន្ធបញ្ហាមីន ធ្វើជាលេសឈ្លានពាន។ ក្រសួងការពារជាតិវាយតម្លៃបែបនេះ ក្រោយកងទ័ពភូមិភាគទី២ថៃផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការ នាព្រឹកថ្ងៃទី៣ ខែធ្នូ នេះ ចោទប្រកាន់កម្ពុជាថា “មីនដែលកម្ពុជាដាក់ បានផ្ទុះមួយគ្រាប់នៅតំបន់ហួយតាម៉ារៀ កាលពីម៉ោង២:២០នាទីរសៀលថ្ងៃទី២ ខែធ្នូ”។

«ក្រសួងការពារជាតិកម្ពុជា សូមបដិសេធ និងច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់របស់កងទ័ពភូមិភាគទី២ថៃ មកលើកម្ពុជាដែលថាកម្ពុជាដាក់មីនថ្មី ក្នុងគោលបំណងបំភ័ន្តសហគមន៍អន្តរជាតិ និងលាក់កំបាំងនូវមហិច្ឆតារំលោភបំពានខុសច្បាប់របស់ខ្លួនចូលមកដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា។»។ នេះគឺជាការឆ្លើយតបរបស់ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិតាមរយៈសេចក្ដីប្រកាសព័ត៌មានចេញនៅរសៀលថ្ងៃទី៣ ខែធ្នូ ។

យោងលើអំណះអំណាងរបស់យោធភូមិភាគទី៤របស់កម្ពុជា ដែលនៅទីតាំងជាក់ស្ដែង អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា ថាកាលពីវេលាម៉ោង ២:២០នាទីរសៀលថ្ងៃទី២ ខែធ្នូ ពុំមានឮសម្លេងផ្ទុះគ្រាប់មីន ដូចការចោទប្រកាន់របស់កងទ័ពភូមិភាគទី២ថៃឡើយ។

ក្រោយពីបដិសេធការចោទប្រកាន់របស់ភាគីថៃជាច្រើនលើកលើបញ្ហាមីន ក្រសួងការពារជាតិអះអាងយ៉ាងមុតមាំសាជាថ្មីថា ចាប់តាំងពីក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ និងកាតព្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិ ដោយមិនដែលដាក់មីនថ្មីដែលគំរាមកំហែងដល់សន្តិសុខ និងសុវត្ថិភាពរបស់មនុស្សជាតិនោះឡើយ។
អ្នកនាំពាក្យ ថា៖«កម្ពុជាក៏សូមអំពាវនាវឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់ការយកបញ្ហាមីនដែលជាព័ត៌មានមិនពិត ដើម្បីធ្វើជាលេសរំលោភបំពានមកលើដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា។»។
អ្នកនាំពាក្យ បន្ថែមថា ក្រសួងការពារជាតិកម្ពុជា នៅតែបន្តប្តេជ្ញាចិត្តក្នុងការគោរពយ៉ាងម៉ឺងម៉ាត់សេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ ជាពិសេសពាក់ព័ន្ធនឹងការទប់ស្កាត់ព័ត៌មានក្លែងក្លាយ ឬព័ត៌មានមិនពិត ក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹង និងបង្កើតបរិយាកាសអំណោយផលដល់ការរក្សាសន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ។
ជាការកត់សម្គាល់ កាលពីពេលកន្លងទៅ ថៃបានយកបញ្ហាទាហានខ្លួនដើរចូលជាន់មីនក្នុងចម្ការមីនក្នុងដីខ្មែរដែលសេសសល់ពីសង្គ្រាមស៊ីវិលចោទប្រកាន់ និងបើកការវាយប្រហារឈ្លានពានដោយខុសច្បាប់មកលើកម្ពុជាកាលពីចុងខែកក្កដាកន្លងទៅ ហើយបន្ទាប់ពីមានបទឈប់បាញ់ និងកិច្ចព្រមព្រៀងសន្តិភាពថៃនៅតែយកបញ្ហាមីនចោទប្រកាន់កម្ពុជាម្ដងទៀតហើយម្ដងទៀត។
អាជ្ញាធរមីនរបស់កម្ពុជា កាលពីព្រឹកថ្ងៃទី៣ ខែធ្នូ បានឆ្លើយតបក្នុងសេចក្ដីប្រកាសព័ត៌មានថា ថៃប្រើប្រាស់ឧប្បត្តិហេតុផ្ទុះមីន ដើម្បីបង្វែរចំណាប់អារម្មណ៍របស់សាធារណជន និងសហគមន៍អន្តរជាតិ ចេញពីការបំផ្លិចបំផ្លាញ និងការខូចខាតដ៏ធំធេង ដែលបង្កដោយយោធាថៃមកលើកម្ពុជា ក្នុងអំឡុងពេលសង្គ្រាមប្រាំថ្ងៃ និងការរំលោភបំពានលើកិច្ចព្រមព្រៀងគួឡាឡាំពួរ និងសេចក្ដីថ្លែងការរួមគ្នា៕
ដោយ៖ ង៉ិល ណារ៉ាត់
-
កីឡា២៤ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


