Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីសុខាភិបាល ៖ គិលានុបដ្ឋាក ជាស្ថាបត្យករថែទាំដ៏សំខាន់ក្នុង​វិស័យសុខាភិបាល

បានផុស

នៅ

លោក​សាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល ​បាន​អះអាងថា​ គិលានុបដ្ឋាក ជា​ស្ថាបត្យករ​ថែទាំ​ដ៏​សំខាន់​នៅក្នុង​វិស័យ​សុខាភិបាល​ និង​ប្រៀបបាន​ដូចជា​ម្តាយ​នៅក្នុង​គ្រួសារ​ដែល​ផ្តល់​ការថែទាំ​យ៉ាង​កក់ក្តៅ​ដល់​កូនៗ ​របស់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​បើក​សន្និបាត​របស់​សមាគម​គិលានុបដ្ឋាក​កម្ពុជា ឆ្នាំ​ ២០២៥ ក្រោម​ប្រធានបទ ​៖ «​សុវត្ថិភាព​ទាំងអស់គ្នា​ ៖ លើកកម្ពស់​សុខុមាលភាព​គិលានុបដ្ឋាក ធានាបាន​នូវ​សុវត្ថិភាព​អ្នកជំងឺ​»​ កាលពី​ព្រឹក​ថ្ងៃទី ​៦ ​ធ្នូ​ នេះ លោក​រដ្ឋមន្ត្រី ​បាន​បន្តថា ​គិលានុបដ្ឋាក​ជា​អ្នក​ជួយ​អ្នកជំងឺ​ដំបូង​គេ ជា​អ្នក​ទំនាក់ទំនង​ជាមួយ​គ្រប់​សហ​ភាតរៈ ក្នុង​ការថែទាំ​អ្នកជំងឺ​ឱ្យមាន​ប្រសិទ្ធភាព ផ្តល់​ការប្រឹក្សា​ជាមួយ​អ្នកជំងឺ និង​ក្រុម​គ្រួសារ​តាំងពី​ចូល​ដំបូង រហូតដល់​ចេញពី​មន្ទីរពេទ្យ។

លោក​រដ្ឋមន្ត្រី​ បាន​បន្តទៀតថា ​លើសពីនេះ​ទៀត គិលានុបដ្ឋាក ជា​ភ្នាក់ងារ​សម្របសម្រួល​ក្នុង​សេវា​សុខាភិបាល​ឱ្យមាន​សុ​ជីវភាព​ខ្ពស់ និង​ដើរតួ​ជា​ជន​គំរូ​ឥរិយាបថ ទាំង​កាយវិការ និង​ពាក្យសំដី ដើម្បី​បម្រើ​សេវា​ប្រកប​គុណភាព​ជូន​អ្នកជំងឺ​។ ​ព្រោះ​សុខុមាលភាព ​នៃ​អ្នក​ប្រកប​វិជ្ជាជីវៈ​សុខាភិបាល និង​សុវត្ថិភាព​អ្នកជំងឺ គឺ​មិនអាច​កាត់ផ្តាច់​ពីគ្នា​បានឡើយ​ ទាំងពីរ​គឺ​អាស្រ័យ​គ្នា​ទៅវិញទៅមក​ជា​ចាំបាច់។

លោក​រដ្ឋមន្ត្រី​ បាន​ណែនាំ​ដល់​គិលានុបដ្ឋាក​ ត្រូវ​ថែទាំ​សុខភាព​របស់​ខ្លួនឯង​ឱ្យបាន​ល្អ ដើម្បី​មាន​កម្លាំង និង​ថាមពល​គ្រប់គ្រាន់ ក្នុងការ​បម្រើសេវា​ជូន​អ្នកជំងឺ ប្រកបដោយ​គុណភាព និង​សុវត្ថិភាព​ខ្ពស់​។ ដោយសារ​តួនាទី គិលានុបដ្ឋាក រួមចំណែក​ជ្រោមជ្រែង​ការ​អភិវឌ្ឍ​វិស័យ​អាទិភាព​ក្រសួង​សុខាភិបាល ដោយ​ផ្តោត​យ៉ាង​ហ្មត់ចត់​លើ​សុវត្ថិភាព​អ្នកជំងឺ និង​ការ​លើក​កម្ពស់​គុណភាព សុវត្ថិភាព​អ្នក​ផ្តល់​សេវា​សុខាភិបាល។

លោក​រដ្ឋមន្ត្រី បាន​បន្ថែមថា​ ដូចនេះ​ ការអភិវឌ្ឍ​សមត្ថភាព​របស់​គិលានុបដ្ឋាក គិលានុបដ្ឋាយិកា​ទាំងអស់​ នឹងធ្វើ​ឱ្យ​ការបម្រើ​សេវា​ថែទាំ​អ្នកជំងឺ បាន​ត្រឹមត្រូវ​តាម​បច្ចេកទេស គុណភាព សុវត្ថិភាព ប្រសិទ្ធភាព​ប្រកបដោយ​សមធម៌ និង​ស្របតាម​ក្របខណ្ឌ​វិជ្ជាជីវៈ​ថែទាំ។ វិជ្ជាជីវៈ​ថែទាំ ជា​វិជ្ជាជីវៈ​មួយ ដើរតួនាទី​ជួរមុខ​យ៉ាងសំខាន់ ជា​បេះដូង​ដើរ​យ៉ាងសកម្ម ឆ្ពោះទៅមុខ​ជានិច្ច ដូចជា​ បេះដូង​ នៃ​ប្រព័ន្ធ​សុខាភិបាល។ លោក​រដ្ឋមន្ត្រី​ បាន​លើក​ទឹកចិត្ត​ដល់​គិលានុបដ្ឋាក ចូលរួម​ក្នុងការ​ពង្រឹង​សមត្ថភាព​បន្ថែម​ទៀត៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម