ព័ត៌មានជាតិ
ខេត្តក្រចេះកាន់តែអភិវឌ្ឍន៍ ខណៈគម្រោងនិងសមិទ្ធផលធំៗកំពុងលេចរូបរាងជាបន្តបន្ទាប់
រដ្ឋបាលខេត្តក្រចេះបានបង្ហាញពីវឌ្ឍនភាពនៃការអភិវឌ្ឍក្នុងខេត្ត ខណៈមានសមិទ្ធផលថ្មីៗជាច្រើនបានលេចរូបរាងជាបន្តបន្ទាប់ ស្របពេលដែលខេត្តជាប់ដងទន្លេនេះ ត្រូវបានរដ្ឋាភិបាលដាក់ផែនការជំរុញលើកទឹកចិត្តការវិនិយោគក្នុងចំណោមខេត្តទាំង ៤ នៅតំបន់ភូមិភាគឦសាន។
សមិទ្ធផលសំខាន់ៗនៃការអភិវឌ្ឍដែលខេត្តសម្រេចបានមានដូចជា៖ “ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ” ប្រវែង ១.៧៦១ ម៉ែត្រ សម្រេចបាន ៩៨,៣៩% ដែលនឹងបើកឱ្យប្រជាពលរដ្ឋធ្វើ ដំណើរឆ្លងកាត់ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ និងផ្លូវតភ្ជាប់ប្រវែង ៣១,៦៩ គីឡូម៉ែត្រ សម្រេចបាន ៩៧,១១%, គម្រោងសាងសង់បណ្តាញលូ និងស្ថានីយបូមទឹកភ្លៀងក្រុង ក្រចេះសម្រេចបាន ៣៩,៩៨%, គម្រោងកែលម្អសោភ័ណភាពក្នុងទីរួមខេត្ត៖ រង្វង់មូលព្រាបស រង្វង់មូលនាគបាញ់ទឹក (វិមានឯករាជ្យ) កន្លែងហាត់ប្រាណ និងកន្លែងក្មេងលេង ដាក់បង់អង្គុយ និង ដាក់អំពូលភ្លើងបំភ្លឺនៅតាមមាត់ទន្លេសម្រេចបាន ៤០,៧៥%, និងគម្រោងកែលម្អទីលានកប់សំរាមចាស់ឱ្យទៅជាតំបន់បៃតងសម្រេចបាន ១៥,៣៦%។



វិស័យកសិកម្ម ខេត្តមានក្រុមហ៊ុនវិនិយោគសរុប ៤៨ ក្រុមហ៊ុន វិនិយោគដោយក្រុមហ៊ុនមកពីប្រទេសវៀតណាម,ចិន, ឥណ្ឌា,អង់គ្លេស, កូរ៉េ,អូស្ត្រាលី,និងក្រុមហ៊ុនក្នុងស្រុក។ ដំណាំដាំដុះសំខាន់ៗមាន៖ ដំណាំកៅស៊ូនៅលើផ្ទៃដីទំហំ ៩៣.៤៧៧,៨២ ហិកតា, ស្វាយចន្ទីចំនួន ១០២.៥២០ ហិកតា, ដំឡូងមី ៧៧.៥១៤ហិកតា, ៧៧.៥១៤ហិកតា, ចេកអំបូងលឿង ៣.១៤៥ហិកតា, អំពៅ ៦.៧០០ហិកតា, និង មានដំណាំឈើហូបផ្លែជាច្រើនពាន់ហិកតាថែមទៀត ខណៈក្នុងខេត្តមានក្រុមហ៊ុនចិញ្ចឹមសត្វគោ ១កន្លែង មានគោ ២២ ៧២៤ ក្បាល និងកំពុងធ្វើការពង្រីកការចិញ្ចឹមបន្ថែម។
ខេត្តក្រចេះមានតំបន់សេដ្ឋកិច្ចពិសេស ១ កន្លែង អភិវឌ្ឍនៅលើផ្ទៃដីចំនួន ៨១៨ ហិកតា និងមានក្រុមហ៊ុនចំនួន ១២ កំពុងវិនិយោគ និងកំពុងដំណើរការសាងសង់បន្តបន្ទាប់ ខណៈក្រុមហ៊ុនចំនួន ៧ កំពុងដំណើរការខ្សែសង្វាក់ផលិតកម្ម។


វិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងខេត្តមានរោងចក្រ សហគ្រាសចំនួន ១១ ក្នុងនោះរោងចក្រកែច្នៃជ័រកៅស៊ូ ៤ កន្លែង, រោងចក្រកែច្នៃស្ករអំពៅ ១ កន្លែង, រោងចក្រវេចខ្ចប់ចេកអំបូងលឿង ២ កន្លែង រោងចក្រកែច្នៃដំឡូងមី ១ កន្លែង និងសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី ៣ កន្លែង មានកម្មករនិយោជិតសរុប ៩៥៧ នាក់។
វិស័យសុខាភិបាល ខេត្តមានមន្ទីរពេទ្យបង្អែក ៥ កន្លែង មណ្ឌលសុខភាព ៤២ កន្លែង និងប៉ុស្តិ៍សុខភាពចំនួន ១៣ កន្លែង។
វិស័យទេសចរណ៍ ខេត្តមានរមណីយដ្ឋានធម្មជាតិ និងវប្បធម៌ចំនួន ២៤ កន្លែង និងមានសត្វផ្សោតទឹកសាបទន្លេមេគង្គរស់នៅប្រមាណ ១១១ក្បាល ដែលកំពុងទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិចូលមកទស្សនានិងមានកំណើនជារៀងរាល់ឆ្នាំ។


ជាមួយគ្នានេះ ដើម្បីបង្កើនការចាប់អារម្មណ៍ពីភ្ញៀវទេចរណ៍ រដ្ឋបាលខេត្តបានរៀបចំក្រាលម៉ាបតាមមាត់ទន្លេនៅទីរួមខេត្ត ដាំកូនឈើចម្រុះនៅតាមទីសាធារណៈ តុបតែងលម្អភ្លើង និងបានបំពាក់បន្ថែមបង្គោលភ្លើងបំភ្លឺនៅតាមដងផ្លូវក្នុងកាន់តែលើកកម្ពស់សោភ័ណភាព និងសុវត្ថិភាពនៅពេលរាត្រី។
វិស័យរ៉ែ ខេត្តមានក្រុមហ៊ុនសហគ្រាសធ្វើអាជីវកម្មរ៉ែមាស រ៉ែថ្មក្រានីត គ្រួស ខ្សាច់ និងថ្ម សំណង់សរុបចំនួន ៦៩ ក្រុមហ៊ុន/សហគ្រាស និងក្រុមហ៊ុនធ្វើអាជីវកម្មរ៉ែមាសចំនួន ២ក្រុមហ៊ុន។
វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តមានសហគ្រាស គ្រឹះស្ថានសរុប ២៤៣ សហគ្រាស មានកម្មករនិយោជិត ១៩.៤១៦នាក់ ស្រី ៧.៥១៤នាក់ ក្នុងនោះកម្មករមកពីបរទេស ១.០៤២នាក់ ស្រី ១៨៩នាក់៕
អត្ថបទ៖ ប្រុញ វិធិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


