ព័ត៌មានជាតិ
សហភាពពលកម្មជាតិកម្ពុជា ផ្តួចផ្តើមរៃអង្គាសថវិកាជួយវីរកងទ័ព និងជនភៀសសឹក និងអំពាវនាវឲ្យម្ចាស់រោងចក្រ និងកម្មករចូលរួម
សហភាពពលកម្មជាតិកម្ពុជា (NLC) ដែលមានសមាជិកជាកម្មករ-និយោជិតជាង ៧ម៉ឺននាក់ បានអំពាវនាវដល់សាធារណជន ម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថាន ជាពិសេសបងប្អូនកម្មករ-និយោជិត ចូលរួមក្នុងមូលនិធិសហភាពពលកម្មជាតិកម្ពុជា ដើម្បីជួយសម្រួលការលំបាកដល់ជនភៀសសឹក និងជួយឧបត្ថម្ភគាំទ្រដល់វីរកងទ័ព។

សេចក្ដីអំពាវនាវរបស់សហភាពពលកម្មជាតិកម្ពុជា នៅថ្ងៃទី១១ ខែធ្នូ បានឱ្យដឹងថា ដើម្បីបង្ហាញអំពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅ ក្នុងការចូលរួមគាំទ្រស្មារតីស្នេហាជាតិមាតុភូមិ របស់បងប្អូនវីរកងទ័ពកម្ពុជា ដែលបាននិងកំពុងឈរជើងការពារទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែន និងបងប្អូនប្រជាពលរដ្ឋដែលជម្លៀសពីតំបន់ព្រំដែន (ជនភៀសសឹក) “មូលនិធិសហភាពពលកម្មជាតិកម្ពុជា (NLC)” នឹងចុះទៅសួរសុខទុក្ខដល់បងប្អូនវីរកងទ័ព និងបងប្អូនប្រជាពលរដ្ឋដែលជម្លៀសខ្លួនចេញពីតំបន់ព្រំដែន នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ខាងមុខ។

ក្នុងស្មារតីនេះ សហភាពពលកម្មជាតិកម្ពុជា បានអំពាវនាវដល់សាធារណជន ម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថាន ជាពិសេសបងប្អូនកម្មករ-និយោជិត ជួយឧបត្ថម្ភជាថវិកា សម្ភារៈ និងគ្រឿងឧបភោគបរិភោគនានាតាមសទ្ធាជ្រះថ្លា និងគាំទ្រសកម្មភាពនេះឱ្យបានច្រើនកុះករ ដើម្បីចូលរួមចំណែកក្នុងការការពារបូរណភាពទឹកដី ដែលបង្ហាញពីភាពរួបរួមជាធ្លុងមួយនៃខឿនការពារជាតិរបស់កម្ពុជា។

លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានមានប្រសាសន៍ថា ដោយមើលឃើញអំពីការលំបាករបស់បងប្អូនជនភៀសសឹក ពីការឈ្លានពានរបស់យោធាថៃមកលើដែនអធិបតេយ្យភាពរបស់កម្ពុជានោះ, សហជីពរបស់លោក ក៏បានសម្រេចបង្កើត “មូលនិធិសហភាពពលកម្មជាតិកម្ពុជា (NLC)” នេះឡើង ដើម្បីជួយរួមចំណែកសម្រួលការលំបាកខ្លះរបស់ពួកគាត់ ហើយម្យ៉ាងទៀត ក៏ដើម្បីជួយឧបត្ថម្ភគាំទ្របន្ថែមដល់វីរកងទ័ព ដែលបាននិងកំពុងឈរជើងការពារទឹកដី នៅតាមខ្សែបន្ទាត់ព្រំដែន។

លោកបន្ថែមថា «ដូចនេះ ក្នុងនាមសហជីព ក៏សូមអំពាវនាវដល់បងប្អូនជនរួមជាតិ បងប្អូនកម្មករ-និយោជិត សូមមេត្តាចូលរួមឧបត្ថម្ភគាំទ្រជាមួយមូលនិធិសហភាពពលកម្មជាតិកម្ពុជា ដើម្បីទ្រទ្រង់ជួយឧបត្ថម្ភដល់បងប្អូនជនភៀសសឹក ក៏ដូចចូលរួមឧបត្ថម្ភគាំទ្រដល់វីរកងទ័ពដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងការពារដែនអធិបតេយ្យភាព ការពារទឹកដីកម្ពុជាយ៉ាងរឹងមាំរបស់យើង»។

ជាមួយគ្នានេះ លោក សំ សឿន បានបន្តថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះអំពើដ៏ឃោរឃៅរបស់យោធាថៃ ដែលបានបើកការវាយប្រហារមកលើដែនអធិបតេយ្យភាពរបស់កម្ពុជាជាថ្មី ដោយបានបណ្ដាលឱ្យប្រជាជនស៊ីវិលស្លូតត្រង់ស្លាប់ និងរបួសជាច្រើននាក់ ហើយប្រជាជនរាប់សែននាក់ផ្សេងទៀត ត្រូវបានជម្លៀសចេញពីលំនៅឋានទៅកាន់ទីកន្លែងមានសុវត្ថិភាព។

នៅក្នុងសេចក្ដីអំពាវនាវដដែល សហភាពពលកម្មជាតិកម្ពុជា (NLC) សង្ឃឹមជឿថា សាធារណជន ម្ចាស់រោងចក្រ សហគ្រាស គ្រឹះស្ថាន ជាពិសេសបងប្អូនកម្មករ-និយោជិត នឹងគាំទ្រសកម្មភាពនេះ ដើម្បីរួមចំណែកក្នុងការជួយឧបត្ថម្ភគាំទ្រដល់បងប្អូនវីរកងទ័ពដ៏អង់អាចក្លាហាន និងបងប្អូនប្រជាពលរដ្ឋដែលជម្លៀសខ្លួនពីតំបន់ព្រំដែន៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


