ព័ត៌មានជាតិ
ក្រសួងមហាផ្ទៃព្រលះថៃរឿងចោទកម្ពុជាផ្អាកដំណើរការច្រកព្រំដែន គឺរំលោភច្បាប់អន្តរជាតិ ខណៈថៃខ្លួនឯងកំពុងវាយប្រហារដ៏សាហាវលើកម្ពុជា
ឆ្លើយតបនឹងការចោទរបស់ថៃ ថា កម្ពុជាសម្រេចផ្អាកការធ្វើដំណើរឆ្លងកាត់ព្រំដែនជាមួយថៃ ជាការរំលោភច្បាប់អន្តរជាតិ និងគោលការណ៍សិទ្ធិមនុស្សនោះ ក្រសួងមហាផ្ទៃកម្ពុជាបានទាត់ចោលចំពោះការចោទប្រកាន់បែបនេះ ដោយអះអាងថា ការសម្រេចរបស់កម្ពុជា ដើម្បីធានានូវសុវត្ថិភាពជនស៊ីវិល រាប់ទាំងជនជាតិថៃពីការវាយប្រហារដ៏សាហាវរបស់យោធាថៃនៅតាមព្រំដែនកម្ពុជា។

សេចក្ដីទាត់ចោលរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃអាទិត្យ ទី១៤ ខែធ្នូ បានបញ្ជាក់យ៉ាងច្បាស់ៗថា ការផ្អាកនេះ ជាវិធានការចាំបាច់ ដើម្បីកាត់បន្ថយហានិភ័យនៃការស្លាប់ និងរបួសរបស់ជនស៊ីវិលពីការបាញ់ប្រហារនៅតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរ ក្នុងពេលដែលសកម្មភាពឈ្លានពានដ៏ខ្លាំងក្លារបស់យោធាថៃនៅតែបន្ត ដោយប្រើយន្តហោះចម្បាំង F-16 គ្រាប់បែកចង្កោម ផ្សែងពុល និងគ្រាប់ផ្លោងចូលជ្រៅក្នុងដែនអធិបតេយ្យកម្ពុជា។
ការចោទកម្ពុជារឿងផ្អាកការធ្វើដំណើរឆ្លងកាត់ព្រំដែន ដើម្បីឃាត់ ឬបង្ខាំងពលរដ្ឋថៃ និងជាការបំបិទសិទ្ធិសេរីភាពនៃការធ្វើដំណើរ ឬបំពានលើច្បាប់ និងអនុសញ្ញាអន្តរជាតិនោះ ក្រសួងមហាផ្ទៃ ថា ជាការមិនត្រឹមត្រូវឡើយ។ ក្រសួងមហាផ្ទៃ តាមរយៈអ្នកនាំពាក្យរងរបស់ខ្លួន បានសង្កត់ធ្ងន់ថា តាមច្បាប់អន្តរជាតិ រាជរដ្ឋាភិបាលមានកាតព្វកិច្ចចម្បងការពារអាយុជីវិត និងសុវត្ថិភាពជនស៊ីវិល ទាំងពលរដ្ឋខ្មែរ និងជនបរទេស រួមទាំងជនជាតិថៃ។

គួរឱ្យដឹងថា បន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជាសម្រេចផ្អាកការធ្វើដំណើរចេញ-ចូលទាំងស្រុងនៅតាមច្រកទ្វារព្រំដែនកម្ពុជាជាមួយថៃ ចាប់ពីទីថ្ងៃ១៣ ខែធ្នូ ឆ្នាំ២០២៥មក ថ្នាក់ដឹកនាំនិងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលថៃ បន្ទរពីក្រោយដោយបណ្ដាញផ្សព្វផ្សាយថៃផង បានចេញមកថ្លែងការណ៍ និងផ្សព្វផ្សាយជាបន្តបន្ទាប់ ដោយចាត់ទុកការសម្រេចរបស់កម្ពុជា ថា ជាការរំលោភបំពានសិទ្ធិមនុស្ស ផ្ទុយពីច្បាប់ និងអនុសញ្ញាអន្តរជាតិទៅវិញ។
ជាការឆ្លើយតបបន្ថែមពីអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុខៈ ផ្ទុយពីការចោទប្រកាន់របស់ថៃខាងលើ គឺជាការបង្ហាញភាពកំសោយនៃការងារគ្រប់គ្រងរដ្ឋបាល ឬជាការមិនអើពើចំពោះសកម្មភាពឈ្លានពានដ៏សាហារវនិងធ្ងន់ធ្ងររបស់កងទ័ពខ្លួនមកលើកម្ពុជា ឬហាក់ដូចជាបញ្ជាក់ពីកង្វះខាតការយល់ដឹងខាងច្បាប់និងអនុសញ្ញាអន្តរជាតិរបស់ថៃទៅវិញ។

ជាថ្មីម្តងទៀត ក្រសួងមហាផ្ទៃកម្ពុជា បញ្ជាក់ថា ការសម្រេចផ្អាកការធ្វើដំណើរឆ្លងកាត់ព្រំដែនកម្ពុជា ទាំងគោក និងទឹកជាប់ជាមួយថៃនេះ គឺអនុវត្តតាមបណ្តោយព្រំដែនគោកកម្ពុជា-ថៃតែប៉ុណ្ណោះ ដោយមិនរាប់បញ្ចូលការធ្វើដំណើរតាមផ្លូវអាកាស ឬតាមច្រកទ្វារព្រំដែនកម្ពុជាជាប់ជាមួយប្រទេសផ្សេងនោះឡើយ៕
អត្ថបទ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


