ព័ត៌មានជាតិ
អ្នកនាំពាក្យថា ថៃធ្វើសង្គ្រាមប្រដាប់អាវុធផង និងសង្គ្រាមចិត្តសាស្ត្រផង ដើម្បីចាក់បំបែកសាមគ្គីភាពរវាងពលរដ្ឋខ្មែរ និងថ្នាក់ដឹកនាំ
អ្នកនាំពាក្យថារដ្ឋាភិបាល លោក ប៉ែន បូណា ថា ភាគីថៃកំពុងសង្គ្រាមប្រដាប់អាវុធផង និងសង្គ្រាមចិត្តសាស្រ្តផង ក្នុងគោលបំណងបំបាក់ស្មារតី និងញុះញង់ ដើម្បីបំបែកសាមគ្គីរវាងពលរដ្ឋខ្មែរ និងថ្នាក់ដឹកនាំ។ លោកថ្លែងដូច្នេះ ក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី១៦ ខែធ្នូ នេះ។

លោក ប៉ែន បូណា វាយតម្លៃពីចេតនារបស់ភាគីថៃដូច្នេះ៖« សង្គ្រាមនេះវាមានគោលដៅ បំបាក់ស្មារតី ទឹកចិត្ត កងទ័ព ប្រជាពលរដ្ឋ ហើយក៏មានចរិតញុះញង់បំបែកបំបាក់សាមគ្គីភាពរវាងប្រជាពលរដ្ឋខ្មែរ និងថ្នាក់ដឹកនាំ ពីព្រោះគេយល់ឃើញថាការបែកបាក់នេះ គឺជាចំណុចខ្សោយរបស់កម្ពុជាយើង។»។
អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា មើលឃើញថា ការធ្វើសង្គ្រាមចិត្តសាស្រ្តរបស់សត្រូវថៃ ឈ្លានពាន គឺមានច្រើនទម្រង់ ក្នុងនោះនៅលើបណ្ដាញសង្គម ថៃបានបង្កើតគណនីក្លែងក្លាយដោយដាក់ឈ្មោះបន្លំជាខ្មែរ សរសេរភាសាខ្មែរ បញ្ចេញមតិ ផ្សព្វផ្សាយក្នុងគោលដៅបម្រើផលប្រយោជន៍របស់គេ។

លោក ប៉ែន បូណា ថា៖«គេបង្ហោះរូបភាពមួយចំនួន ដើម្បីបំបាក់ទឹកចិត្តបងប្អូនប្រជាពលរដ្ឋយើង កងទ័ពយើង គេបង្ហោះរូបភាពសម្លៀកបំពាក់របស់យោធាយើង មានរូបសញ្ញា ឡូហ្គោកងទ័ពយើង ផ្លាកឈ្មោះ គេយកមកតុបតែងបង្កើតឡើង ហើយបង្ហោះថា នេះគឺជាអ្វីដែលគេចាប់បានអ៊ីចឹងទៅ។ គេឱ្យប្រជាពលរដ្ឋយើងកងទ័ពយើងយល់ថា យើងចាញ់គេ។»។
អ្នកនាំពាក្យពន្យល់ពលរដ្ឋកម្ពុជាថា សង្គ្រាមចិត្តសាស្ត្រនេះគឺធំធេងណាស់ ដែលទាមទារឱ្យពលរដ្ឋខ្មែរត្រូវប្រុងប្រយ័ត្ន។ លោកបន្ថែមថា យោធាថៃបានយករូបថតប្រព័ន្ធបាញ់កាំជ្រួចប្រតិកម្មរហ័ស៤០កាណុង ឬBM-21 ដែលឆេះខ្ទេចខ្ទីក្នុងសង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ី មកភូតកុហកថា ពួកគេបានកម្ទេច BM-21 របស់កងទ័ពកម្ពុជាជាដើម។
លោក ថា បណ្ដាញផ្សព្វផ្សាយព័ត៌មានផ្លូវការនៅក្នុងប្រទេសថៃស្ទើរទាំងអស់សុទ្ធតែផ្សព្វផ្សាយរឿងភូតកុហក បំផ្លើសបំភ្លៃបម្រើឱ្យគោលដៅសង្គ្រាមចិត្តសាស្ត្ររបស់យោធាថៃឈ្លានពាន ដូចការផ្សាយពីចំនួនកងទ័ពកម្ពុជាស្លាប់ផ្ទុយពីការពិតជាក់ស្ដែង។ លោក ចំណែកមន្ត្រីរដ្ឋាភិបាល យោធាថៃ ក៏និយាយអួតអាងបំផ្លើសបំភ្លៃដូចគ្នា។

ទោះបីជាភាគីថៃឈ្លានពានបានធ្វើសកម្មភាពបែបនេះក្ដី លោក ប៉ែន បូណា វាយតម្លៃថាមហាគ្រួសារខ្មែរមិនបានចាញ់បោក ឬធ្លាក់ចូលអន្ទាក់សង្គ្រាមចិត្តសាស្ត្រនេះឡើយ ហើយពលរដ្ឋខ្មែរបាន ចេញមុខប្រតិកម្មវាយបកភ្លាមៗតបទៅនឹងសង្គ្រាមចិត្តសាស្ត្រ ការភូតកុហករបស់ភាគីប្រទេសដែលឈ្លានពានយើង។

លោក ប៉ែន បូណា កត់សម្គាល់ឃើញថាពលរដ្ឋខ្មែរមានស្មារតីរឹងមាំល្អ មានទឹកចិត្តស្នេហាជាតិបរិសុទ្ធ មានសាមគ្គីភាពប្រកបដោយស្មារតីបុរេសកម្ម នៅក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ប្រឆាំងនឹងសង្គ្រាមចិត្តសាស្ត្រ ការញុះញង់ បំបែកបំបាក់ហើយចេះការពារកិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់ប្រទេស និងជាប្រជាជនខ្មែរបានយ៉ាងល្អ។

លោក អះអាងថា នៅពេលមានសត្រូវឈ្លានពានទឹកដីពលរដ្ឋខ្មែរចេះស្រាក់ដៃគ្នា មានជំនឿចិត្តមុតមាំលើរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ យោធិន ដែលនេះជាចំណុចខ្លាំងរបស់ខ្មែរ។
ឆ្លងកាត់ការប្រយុទ្ធជាង១សប្ដាហ៍ យោថាថៃបានឈ្លានពានយ៉ាងសាហាវព្រៃផ្សៃប្រើប្រាស់យុទ្ធោបករណ៍ទំនើប និងបំពានច្បាប់អន្តរជាតិជាច្រើនដូចជា គ្រាប់បែកចង្កោម ផ្សែងពុល យន្តហោះចម្បាំង ដ្រូនលើកងទ័ព និងបាញ់ប្រហារមកលើកងទ័ពកម្ពុជា។
ទោះបីយោធាថៃប្រើស្ទើរអស់មធ្យោបានយោធាក្ដី អ្នកនាំពាក្យការពារជាតិអះអាងថា គិតត្រឹមម៉ោង៨ព្រឹកថ្ងៃទី១៦ ខែធ្នូ នេះ យោធិនកម្ពុជាបាននឹងកំពុងបន្តឈរជើងយ៉ាងរឹងមាំ និងនៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតតាំងជាមួយសត្រូវឈ្លានពាននៅគ្រប់សមរភូមិទាំងអស់ ដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជា។

គួររម្លឹកថាផងដែរថា សម្ដេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីព្រឹកថ្ងៃទី១៤ ខែធ្នូ បង្ហាញមោទនភាព ដែលបានឃើញនូវកម្លាំងដ៏រឹងមាំនៃមហាសាមគ្គីជាតិខ្មែរក្នុងកាលៈទេសៈដែលប្រទេសជាតិកំពុងជួបប្រទះនឹងការលំបាកដោយសារការឈ្លានពានពីប្រទេសថៃ។ តាមសម្ដេចធិបតី គព្រះមហាក្សត្រ ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់ជាន់ថ្នាក់ ប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការ សាសនា ទាំងក្នុងនិងក្រៅប្រទេស បានបង្ហាញនូវស្មារតីសាមគ្គីជាតិជាធ្លុងមួយ នៅពីក្រោយវីរកងទ័ព វីរនគរបាលជាតិគ្រប់រូបដែលកំពុងឈរជើងបំពេញបេសកកម្មយ៉ាងអង់អាចក្លាហាន ក្នុងការពារដែលអធិបតេយ្យភាពនិងបូរណភាពទឹកដីរបស់កម្ពុជា។សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវឱ្យកម្លាំងមហាសាមគ្គីជាតិខ្មែរនៅបន្តជាថាមពលរឹងមាំ សម្រាប់គាំទ្រនិងផ្ដល់កម្លាំងចិត្តដល់វីរកងទ័ព វីរនគរបាលជាតិរបស់យើង បន្តបេសកកម្មក្នុងការការពារទឹកដី៕
ដោយ៖ ង៉ិល ណារ៉ាត់
-
កីឡា១៤ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


