Connect with us

ព័ត៌មានជាតិ

កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃRBC ៣ថ្ងៃ យោធាកម្ពុជា-ថៃ រកចំណុចរួមគ្នាមិនទាន់ឃើញឡើយ

បានផុស

នៅ

កិច្ចប្រជុំក្រុមលេខាធិការដ្ឋាននៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥ កម្ពុជា និងកងទ័ពភូមិភាគទី១ថៃ រយៈពេល៣ថ្ងៃ បានបញ្ចប់ទៅដោយមិនអាចរកឃើញចំណុចស្របគ្នាបានឡើយ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិកម្ពុជា ចេញនៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៦ ក្រោយភាគីទាំងពីរបានជួបប្រជុំគ្នាចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមករា នៅច្រកអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក្រោមក្រសែភ្នែករបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន(AOT)របស់កម្ពុជា និងថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងការពារជាតិកម្ពុជា បញ្ជាក់ក្នុងសេចក្ដីប្រកាសព័ត៌មានដូច្នេះ៖«ដោយសារតែភាគីទាំងពីរមិនទាន់រកឃើញនូវចំណុចកណ្តាលរួមគ្នាមួយនៅឡើយ ដូច្នេះភាគីទាំងពីរបានឯកភាពគ្នាដកឃ្លាវិលត្រលប់ទៅទីបញ្ជាការរៀងខ្លួនវិញ ហើយបន្តផ្លាស់ប្តូរឯកសារ និងពិភាក្សាគ្នាឈានដល់ការឯកភាពគ្នានាពេលខាងមុខទើបមានការរៀបចំពិធីចុះហត្ថលេខា និងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៥របស់កម្ពុជា និងកងទ័ពភូមិភាគទី១ របស់ថៃ។»។

ក្រសួងការពារជាតិកម្ពុជា រំលឹកថា កិច្ចប្រជុំនេះ ធ្វើឡើងផ្អែកតាមស្មារតីនៃសេចក្តីប្រកាសរួម នៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយភាពតានតឹងតាមបណ្តោយព្រំដែន ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ និងឈានដល់ការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញបានឆាប់រហ័ស។

តំបន់ភូមិភាគ១របស់ថៃ គឺគ្របដណ្ដប់ខេត្តស្រះកែវ ទល់មុខនឹងខេត្តបន្ទាយមានជ័យ ក្នុងតំបន់យោធិភូមិភាគទី៥របស់កម្ពុជា។ ក្រោយពីជម្លោះប្រដាប់អាវុធបញ្ចប់ទៅនៅចុងខែធ្នូ ឆ្នាំមុន កងទ័ពភូមិភាគ១ថៃ បានបន្តឈូសឆាយផ្ទះ បំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល សាងសង់លេណដ្ឋាន ដាក់ទូរកុងតឺន័រ  រាយបន្លាលួសចូលជ្រៅមកក្នុងទឹកដីកម្ពុជា តួយ៉ាងមានដូចជាភូមិជោគជ័័យ និងភូមិព្រៃចាន់ ស្ថិតនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ និងនៅតំបន់បឹងត្រកួន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ទង្វើរបស់យោធាថៃ បានបណ្ដាលឱ្យពលរដ្ឋខ្មែររស់នៅភូមិជោគជ័យ និងភូមិព្រៃចាន់ ឃុំអូរបីជាន់ជាង១ពាន់គ្រួសារ និងពលរដ្ឋនៅតំបន់បឹងត្រកួនជាង១ពាន់គ្រួសារ មិនអាចវិលទៅរស់នៅផ្ទះសម្បែងវិញបាន ត្រូវបន្តរស់នៅក្នុងជម្រកបណ្ដោះអាសន្ន ទោះបីជាក្នុងកិច្ចប្រជុំGBC  កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំមុន ថៃ-កម្ពុជា ឯកភាព អនុញ្ញាតឱ្យជនស៊ីវិលរស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់វិល ត្រឡប់ទៅផ្ទះសម្បែង និងប្រកបជីវភាពរស់នៅធម្មតាឱ្យបានឆាប់ៗបំផុត ដោយគ្មានការរារាំង និងដោយមានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ នៅក្នុងតំបន់រៀងៗខ្លួនក៏ដោយ៕

ដោយ៖ ង៉ិល ណារ៉ាត់

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម