ព័ត៌មានជាតិ
អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ការគ្រប់គ្រងសាធារណមតិបានប្រសើរមានសារៈសំខាន់ណាស់ក្នុងបរិបទជម្លោះព្រំដែនកម្ពុជាថៃ
លោក ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងអ្នកនាំពាក្យក្រសួងព័ត៌មាន បានលើកឡើងថា ទន្ទឹមនឹងទង្វើឈ្លានពានដោយប្រដាប់អាវុធគ្រប់ធុនមកលើកម្ពុជា ថៃបានប្រើសង្គ្រាមសតិអារម្មណ៍តាមរយៈការបង្កើតព័ត៌មានក្លែងក្លាយ បំភ្លៃ ប្រឌិតរឿងឡើងខុសពីការពិត (Disinformation/Malinformation) ដើម្បីបំពុលបរិយាកាសព័ត៌មាន និងបង្កចលាចល ការភាន់ច្រឡំក្នុងសាធារណមតិកម្ពុជា និងអន្តរជាតិ។
គោលបំណងរបស់គេធ្វើបែបនេះ គឺម៉្យាងដើម្បីបង្កើតលេសថ្មីក្នុងការបន្តឈ្លានពានមកលើអធិបតេយ្យភាពកម្ពុជា ម៉្យាងទៀតគឺដើម្បីបិទបាំងទង្វើអមនុស្សធម៌ និងបំពានច្បាប់អន្តរជាតិ បំពានកិច្ចព្រមព្រៀងសន្តិភាពហើយបង្វែរសាធារណមតិកុំឱ្យចាប់អារម្មណ៍លើបញ្ហាផ្ទៃក្នុងប្រទេសខ្លួន ដូចជាការបរាជ័យក្នុងការគ្រប់គ្រង និងដោះស្រាយបញ្ហាគ្រោះមហន្តរាយដោយទឹកជំនន់ធ្ងន់ធ្ងរជាដើម។

លោកបានលើកឡើងបែបនេះក្នុងឱកាស ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារព័ត៌មាននិងសាធារណមតិរបស់មន្ទីរព័ត៌មានរាជធានីខេត្ត កាលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងព័ត៌មាន និងតាមរយៈវីដេអូពីចម្ងាយ ដោយលោកបានរំលេចអំពីសារៈសំខាន់នៃតួនាទី និងការអនុវត្តវិធានការរបស់ក្រសួងនិងមន្ទីរព័ត៌មានរាជធានីខេត្តក្នុងការរក្សាស្ថិរភាព និងបរិយាកាសសាធារណមតិសុវត្ថិភាពក្នុង និងក្រៅស្រុក ខណៈសមរភូមិសាធារណមតិបានឈានចូលដល់សប្តាហ៍ទី២ ចាប់តាំងពីយោធាថៃបានបើកការវាយប្រហារឈ្លានពានជាថ្មីមកលើកម្ពុជា។
ក្នុងកិច្ចប្រជុំនោះ លោកសង្កត់ធ្ងន់ថា ព័ត៌មានក្លែងក្លាយត្រូវបានបង្កើតឡើង និងបានចរាចរយ៉ាងឆាប់រហ័សលើបណ្តាញសង្គម ក្នុងចំណោមនោះព័ត៌មានក្លែងក្លាយ ការប្រឌិតការផ្សាយបំភ្លៃ ញុះញង់ មួលបង្កាច់ថ្នាក់ដឹកនាំជាតិ និងរាជរដ្ឋាភិបាល ភាគច្រើនមានប្រភពមកពីថៃ និងក្រុមអគតិក្រៅច្បាប់ ក្នុងចេតនាធ្វើឱ្យប៉ះពាល់ដល់ការរក្សាសាមគ្គីភាពផ្ទៃក្នុង និងជំនឿចិត្តរបស់សាធារណជនលើការដឹកនាំ។ ក្នុងន័យនេះលោកបញ្ជាក់ថា៖«ដូច្នេះការគ្រប់គ្រងសាធារណមតិបានល្អប្រសើរមានសារៈសំខាន់ណាស់ក្នុងការប្រឆាំងសង្គ្រាមសតិអារម្មណ៍មានប្រភពពីក្រៅប្រទេស ក្នុងបរិបទជម្លោះព្រំដែនកម្ពុជា-ថៃ»។

លោកបានរំលេចបច្ចុប្បន្នភាពថា ចាប់តាំងពីថ្ងៃដែលថៃបានបើកការវាយប្រហារមកលើកកម្ពុជានៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ មកដល់ថ្ងៃនេះ ក្រសួងព័ត៌មានបានកំណត់ព័ត៌មានក្លែងក្លាយពាក់ព័ន្ធនឹងបញ្ហាជម្លោះព្រំដែន ចំនួនជាង ១៦០ ករណី រាប់បញ្ចូលទាំងព័ត៌មានក្លែងក្លាយបង្កើតដោយAi ផងដែរ និងបានដាក់ចេញវិធានការជាក់លាក់ជាបន្តបន្ទាប់ដើម្បីគ្រប់គ្រង ដោយសហការយ៉ាងជាប់លាប់ក្នុងក្របខណ្ឌយន្តការសាធារណមតិរបស់រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន សមត្ថកិច្ចជំនាញលើវិស័យ ព្រមទាំងជាមួយរដ្ឋបាលនិងអាជ្ញាធរខេត្តពាក់ព័ន្ធ ដើម្បីកម្ចាត់ព័ត៌មានក្លែងក្លាយ។
លោកបានសង្កត់ធ្ងន់ថា៖« ការណ៍នេះបានរួមចំណែកយ៉ាងសំខាន់ ក្នុងការធានាភាពនឹងនរខាងផ្លូវចិត្ត ស្ថិរភាពសតិអារម្មណ៍សាធារណៈ និងធានាសុវត្ថិភាពព័ត៌មានសម្រាប់ការទទួលព័ត៌មានប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ អំពីព្រឹត្តិការណ៍សង្គម ពិសេសគឺជុំវិញបញ្ហាជម្លោះព្រំដែនកម្ពុជាថៃ»។
ក្នុងឱកាសនៃកិច្ចប្រជុំនោះដែរ អ្នកនាំពាក្យក្រសួងព័ត៌មាន បានណែនាំដល់មន្ត្រីសាធារណមតិនៃមន្ទីរព័ត៌មានទាំងអស់ ឱ្យពង្រឹងការក្តាប់ស្ថានការណ៍ពាក់ព័ន្ធនឹងភាពតានតឹងនៅតាមបណ្តោយព្រំដែននិងប្រធានបទសំខាន់ៗមួយចំនួនទៀតតាមបណ្តាខេត្តឱ្យបានជាប់លាប់។ លោកបានជំរុញមន្ទីរព័ត៌មានឱ្យពង្រឹងទំនាក់ទំនងការងារជាមួយអ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាលើបណ្តាញសង្គម ដើម្បីចូលរួមផ្សព្វផ្សាយព័ត៌មានពិតស្តីពីការវិវត្តនៃស្ថានភាពព្រំដែន សារលើកទឹកចិត្តពលរដ្ឋនិងកងទ័ព សារជំរុញការបន្តជំនឿចិត្តលើការដឹកនាំ និងផ្សាយព្រឹត្តិការណ៍ពិតជុំវិញការបើកការវាយប្រហាររបស់ថៃ មកលើកម្ពុជា ចាប់តាំងពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ មក ជូនពលរដ្ឋទូទាំងប្រទេស។

លោកក៏បានអំពាវនាវដល់អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកាលើបណ្តាញសង្គមទាំងអស់ ត្រូវអនុវត្តការងារដោយគោរពច្បាប់ និងក្រមសីលធម៌ត្រឹមត្រូវ ព្រមទាំងផ្តល់ការសហការជាមួយអាជ្ញាធរក្នុងខេត្ត ស្រុក ឃុំពាក់ព័ន្ធ ក្នុងពេលចុះយក និងរាយការណ៍ព័ត៌មានទាំងនោះក្នុងទីតាំងតាមបណ្តោយព្រំដែន និងចូលរួមរក្សាសន្តិសុខជាតិ សុវត្ថិភាពផ្ទាល់ខ្លួន និងសុវត្ថិភាពសហគមន៍។
ជាមួយគ្នានេះដែរ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានតម្រង់ទិសបន្ថែមដល់មន្ត្រីមន្ទីរព័ត៌មានលើការងាររៀបចំបណ្តាញព័ត៌មាននិងផ្សព្វផ្សាយ ដោយសហការឱ្យបានជិតស្និទ្ធបន្ថែមជាមួយមន្ទីរជុំវិញខេត្ត អាជ្ញាធរក្រុង ស្រុក ឃុំ និងបណ្តាញព័ត៌មានជាមួយយុវជនក្នុងខេត្ត ដើម្បីជំរុញការគ្រប់គ្រងព័ត៌មាននិងសាធារណមតិទាន់សភាពការណ៍ បត់បែន ចំគោលដៅ មានប្រសិទ្ធភាព ដើម្បីធានាសុវត្ថិភាពព័ត៌មានជូនពលរដ្ឋ និងចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយ៕
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១៧ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


