ព័ត៌មានជាតិ
កម្ពុជាសហការជាមួយប្រទេសដៃគូ បង្ក្រាបឧក្រិដ្ឋកម្មឆបោកតាមអនឡាញ ខណៈសំណុំរឿងធំៗជាង៣០ នៅដៃតុលាការ
ក្នុងរបាយការណ៍រយៈពេលជិត៦ខែចុងក្រោយឆ្នាំ២០២៥ លេខាធិការដ្ឋានគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) បានបង្ហាញថា តុលាការកំពុងដំណើរការនីតិវិធីតាមច្បាប់ជាធរមានលើ ៣៥សំណុំរឿងធំៗ ពាក់ព័ន្ធនឹងមុខសញ្ញាមេខ្លោង និងបក្ខពួកសមគំនិតសរុបចំនួន ១៦៨នាក់ ក្នុងនោះមានស្ត្រីចំនួន ៣៩នាក់ មានជនជាតិចិន(ចិនតៃវ៉ាន់), វៀតណាម, ជប៉ុន, កូរ៉េខាងត្បូង, ឥណ្ឌូនេស៊ី, មីយ៉ាន់ម៉ា, ម៉ាឡេស៊ី, និងខ្មែរ។ ជាមួយគ្នានោះ កម្ពុជា រួមទាំងបណ្តាប្រទេសលើពិភពលោក បាននិងកំពុងរួមសហការគ្នាបោសសម្អាតបង្ក្រាបឧក្រិដ្ឋកម្មឆ្លងដែន Online Scams។

របាយការណ៍ក៏បានរំលេចពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការអន្តរជាតិរវាង កម្ពុជា ជាមួយបណ្តាប្រទេសដៃគូលើពិភពលោក ថា បានបោះជំហានជាវិជ្ជមាន និងបានផ្តល់លទ្ធផលជាបន្តបន្ទាប់ក្នុងក្របខណ្ឌនៃការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ពិសេសលើការស្រាវជ្រាវដើម្បីឈានទៅវែកមុខបណ្តាញអង្គការចាត់តាំង ដែលនៅពីក្រោយការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ។
លេខាធិការដ្ឋានគ.ប.ឆ.ប. នៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ បានបង្ហាញលទ្ធផលនៃយុទ្ធនាការបោសសម្អាតបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅទូទាំងប្រទេស គិតចាប់តាំងពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ ដោយក្នុងអំឡុងពេលនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីខេត្ត ក្រោមការចង្អុលបង្ហាញពីលេខាធិការដ្ឋានគ.ប.ឆ.ប. បានចុះពិនិត្យនិងបង្ក្រាបអំពើល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា នៅតាមគោលដៅចំនួន ១១៨ទីតាំង ក្នុង ១៨ រាជធានីខេត្ត។ ជាលទ្ធផល សមត្ថកិច្ចចម្រុះបានឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៤ ៩៨៣នាក់ ក្នុងនោះមានស្ត្រីចំនួន ៩៧៩នាក់ មកពី២៣សញ្ជាតិ ក្នុងនោះមានជនជាតិចិន(ចិនតៃវ៉ាន់), វៀតណាម, ឥណ្ឌូនេស៊ី, ឥណ្ឌា, បង់ក្លាដេស, ថៃ, កូរ៉េខាងត្បូង, ប៉ាគីស្ថាន, នេប៉ាល់, ម៉ាឡេស៊ី, ជប៉ុន, មីយ៉ាន់ម៉ា, ហ្វីលីពីន, ឡាវ, កាមេរ៉ូន, នីហ្សេរីយ៉ា, យូហ្គាន់ដា, សេរ៉ាលីអូន, ម៉ុងហ្គោលី, រុស្ស៊ី, ស្រីលង្កា, អាល់ហ្សេរ៉ី, សឹង្ហបូរី។

ក្នុងក្របខណ្ឌនៃការអនុវត្តវិធានការជាក់ស្តែងនេះដែរ ជនបរទេសចំនួន ៤ ០៣៩នាក់ ក្នុងនោះស្ត្រី៦០៥នាក់ ត្រូវបាន និរទេសចេញពីប្រទេសកម្ពុជា ខណៈសមត្ថកិច្ចក៏បានជួយសង្រ្គោះជនរងគ្រោះឱ្យរួចផុតពីអំពើជួញដូរ និងបានបំបែកបណ្តាញឧក្រិដ្ឋជនឆបោក និងសំបុកនៃការជួញដូរមនុស្សផងដែរ។
ជាមួយនឹងលទ្ធផលទាំងនេះ ដៃគូអន្តរជាតិនៃបណ្តាប្រទេសលើពិភពលោក និងអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងឧក្រិដ្ឋកម្ម(UNODC) ប្រចាំតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក បានកោតសរសើរចំពោះឆន្ទៈច្បាស់លាស់និងការប្តេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាត និងបង្ការទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានរួមចំណែកក្នុងកិច្ចខិតខំជាសកល។ ក្នុងជំនួបផ្លូវការជាមួយថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា និងលេខាធិការដ្ឋានគ.ប.ឆ.ប. នាពេលកន្លងមក ដៃគូទាំងអស់សុទ្ធតែបានទទួលស្គាល់ថា កម្ពុជាជាប្រទេសរងគ្រោះពីអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយសារតែក្រុមឧក្រិដ្ឋជនបានប្រើប្រាស់ប្រទេសកម្ពុជាជាទីតាំងឬជាចំណុចឆ្លងកាត់សម្រាប់ប្រព្រឹត្តសកម្មភាពឆបោក ដោយពួកឧក្រិដ្ឋជនក៏បានចូលមកកម្ពុជាតាមប្រទេសផ្សេងទៀតក្នុងតំបន់។
ខណៈប្រទេសជិតខាងខ្លះកំពុងព្យាយាមតាំងខ្លួនជាប្រទេសស្អាតស្អំធ្វើខ្លួនជាតួឯកក្នុងរឿងប្រឆាំងការឆបោក ប្រទេសនេះបាន និងកំពុងលាបពណ៌មកលើកម្ពុជា ថែមទាំងបានបញ្ជូនក្រុមឧក្រិដ្ឋជនឱ្យចូលមកកម្ពុជា ដើម្បីលបលួចធ្វើសកម្មភាពឆបោកតាមអនឡាញ ហើយផលចំណេញបានទៅដល់ដៃក្រុមមេខ្លោងឧក្រិដ្ឋកម្មឆបោកដែលកំពុងស្ថិតនៅក្នុងប្រទេសខ្លួន។ សមត្ថកិច្ចកម្ពុជាកំពុងស៊ើបអង្កេតករណីនេះយ៉ាងយកចិត្តទុកដាក់បំផុត។ ប្រទេសដដែលនេះបានព្យាយាមប្រើគ្រប់ល្បិចកលដើម្បីមួលបង្កាច់កម្ពុជាម្តងហើយម្តងទៀត និងបំភាន់មតិអន្តរជាតិឱ្យយល់ច្រឡំមកលើកម្ពុជា ពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធអនឡាញ។
ជាមួយគ្នានេះ បណ្តាប្រទេសជាដៃគូនៅលើពិភពលោកបានទទួលស្គាល់ថា ឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ជាបញ្ហាសកលលោក ហើយចាំបាច់ទាមទារក្របខណ្ឌកិច្ចសហប្រតិបត្តិការ និងយន្តការរួមគ្នាដើម្បីប្រឆាំង ហើយកម្ពុជាបានក្លាយជាតួអង្គមួយដ៏សំខាន់ក្នុងការទំនាក់ទំនង និងយន្តការកិច្ចសហការប្រតិបត្តិការតំបន់ និងសកល។ កម្ពុជា បានផ្តល់កិច្ចសហប្រតិបត្តិការជាលក្ខណៈអន្តរជាតិជាមួយUNODC រដ្ឋជាសមាជិក និងដៃគូអភិវឌ្ឍនានា រួមគ្នាប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងប្រតិបត្តិការមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ក្នុងបរិបទនេះ កម្ពុជាបានបន្តសហការយ៉ាងសកម្មជាមួយបណ្តាដៃគូអន្តរជាតិ ក្នុងកិច្ចពិភាក្សា ផ្លាស់ប្តូរបទពិសោធន៍ និងការអនុវត្តល្អៗលើវិធីសាស្រ្តបច្ចេកទេសស៊ើបអង្កេត ការផ្តន្ទាទោសឧក្រិដ្ឋជនដែលពាក់ព័ន្ធនឹងមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រួមទាំងការប្រមូលភស្តុតាង ការរក្សាការពារ ការចែករំលែកនិងការទទួលយកភស្តុតាងអេឡិចត្រូនិក ការស៊ើបអង្កេតហិរញ្ញវត្ថុ យុទ្ធសាស្ត្រការពារជនរងគ្រោះ និងការការពារសាក្សីជាដើម។

លេខាធិការដ្ឋានគ.ប.ឆ.ប. បាននិងកំពុងរួមគ្នាជាមួយបណ្តាដៃគូ និងប្រទេសពាក់ព័ន្ធ ដើម្បីស្រាវជ្រាវ សើបអង្កេតលើភ័ស្តុតាងទាំងអស់ ដែលបានរឹបអូសពីជនប្រព្រឹត្តបទល្មើស ក្នុងអំឡុងពេលនៃប្រតិបត្តិការបង្រ្កាបនាពេលកន្លងមក។ សម្ភារៈដែលរឹបអូសទាំងអស់រួមមានទូរសព្ទដៃ កុំព្យូទ័រ លិខិតឆ្លងដែន ឧបករណ៍អេឡិកត្រូនិចជាច្រើនប្រភេទ និងច្រើនពាន់គ្រឿង សុទ្ធសឹងជា ភ័ស្តុតាង ដែលអាចផ្តល់ជាតម្រុយសម្រាប់ស្វែងរកក្រុមមេខ្លោង និងវែកមុខបណ្តាញអង្គការចាត់តាំង ពាក់ព័ន្ធនឹងអំពើឆបោកទាំងនៅក្នុង និងក្រៅប្រទេសកម្ពុជា។
សូមរំលឹកជូនថាគណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ត្រូវបានបង្កើតឡើង និងដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដោយបានដាក់ចុះបទបញ្ជាដើម្បីជំរុញការអនុវត្តវិធានការជាក់ស្តែងទូទាំងប្រទេស រាប់បញ្ចូលយន្តការស្រាវជ្រាវ ស៊ើបអង្កេត ប្រតិបត្តិការអនុវត្តច្បាប់ នីតិវិធីតុលាការ និងទំនាក់ទំនងសហប្រតិបត្តិការជាមួយបណ្តាប្រទេស និងអង្គការអន្តរជាតិ ហើយបន្តបើកទូលាយចំពោះកិច្ចសហប្រតិបត្តិការជាមួយភាគីពាក់ព័ន្ធទាំងអស់៕


-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


