Connect with us

ព័ត៌មានជាតិ

កម្ពុជា និងចិន អះអាងជាថ្មីពីមិត្តភាពដែកថែបរវាងប្រទេសទាំងពីរ ដែលមិនអាចបំបែកបាន

បានផុស

នៅ

កម្ពុជា និងចិន បន្តអះអាងពីមិត្តភាពដែកថែបនៅគ្រប់កាលៈទេសៈរវាងប្រទេសទាំងពីរ ដែលមិនអាចបំបែកបានឡើយនូវចំណងគ្រឹះដ៏រឹងមាំនេះ។ ការអះអាងនេះ ធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំងពីរ គឺលោក ប្រាក់ សុខុន និងលោក វ៉ាង យី ក្នុងជំនួបសន្ទនាតាមទូរសព្ទ កាលពីរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមក្រសួងការបរទេសកម្ពុជា រដ្ឋមន្ត្រីការបរទេសទាំងពីរ បានបញ្ជាក់សារជាថ្មីអំពីការប្តេជ្ញាចិត្តឥតងាករេចំពោះទំនាក់ទំនងមិត្តភាពដែកថែបរវាងកម្ពុជា និងចិន ហើយបានឯកភាពពង្រឹងថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ ជាមួយនឹងការលើកកម្ពស់ការកសាងសហគមន៍វាសនារួមកម្ពុជា-ចិនគ្រប់រដូវកាល ក្នុងយុគសម័យថ្មី។

ការអះអាងអំពីចំណងទាក់ទងដ៏រឹងមាំកម្ពុជា និងចិន ត្រូវបានគេមើលឃើញថា ធ្វើឡើងក្នុងពេលដែលកម្ពុជាកំពុងតែប៉ះទង្គិចដោយកម្លាំងប្រដាប់អាវុធជាមួយនឹងប្រទេសថៃ ដោយយោធាថៃបានបើកការវាយប្រហារជាថ្មីមកលើកម្ពុជា ដែលកម្ពុជាហៅការវាយប្រហាររបស់យោធាថៃ ថា ជាអំពើឈ្លានពានលើដែនអធិបតេយ្យជាតិខ្លួន។

ជុំវិញបញ្ហាជម្លោះកម្ពុជា និងថៃនេះ លោក ប្រាក់ សុខុន និងលោក វ៉ាង យី ក៏បានជជែកគ្នាលើការវិវឌ្ឍថ្មីៗជុំវិញជម្លោះប្រដាប់អាវុធនៅតាមបណ្ដោយព្រំដែនកម្ពុជា និងថៃ ដែលកំពុងបន្តកើតមានពេលនេះផងដែរ។ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន បានបញ្ជាក់ជំហររបស់ចិន ដែលតែងតែគាំទ្រឱ្យមានការសន្ទនាដោយសន្តិវិធី និងរក្សាជំហរដ៏យុត្តិធម៌ និងមិនលំអៀង ក៏ដូចជាគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងសម្របសម្រួលរបស់អាស៊ាន។

បើតាមអ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun តាមរយៈនោះ​ លោក វ៉ាង យី បញ្ជាក់ថា ក្រសួងការបរទេសចិន បានបញ្ជូនបេសកជនពិសេសមួយរូបទទួលបន្ទុកកិច្ចការអាស៊ី ទៅកម្ពុជា និងថៃ សម្រាប់ការចរចាការទូតជាមួយភាគីទាំងសងខាង ដោយចិននឹងបន្តធ្វើជាស្ពាន ដើម្បីសម្របសម្រួលដល់ការស្តារសន្តិភាពរវាងប្រទេសទាំងពីរឡើងវិញ៕

ដោយ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម