Connect with us

ព័ត៌មានជាតិ

ជម្លោះកម្ពុជា-ថៃ៖ អូស្ត្រាលីទទូចឱ្យភាគីជម្លោះបញ្ចៀសការវាយប្រហារទៅលើគោលដៅជនស៊ីវិល

បានផុស

នៅ

ចំពោះមុខភាពតានតឹងដែលបន្តកើតមានឡើងក្នុងជម្លោះព្រំដែនរវាងកម្ពុជា និងថៃ បានបង្កឱ្យគ្រោះថ្នាក់ដល់ប្រជាជនស៊ីវិល រដ្ឋាភិបាលអូស្ត្រាលី​ បានចេញសេចក្ដីថ្លែងការណ៍ជាថ្មីម្ដងទៀត ដោយទទូចឱ្យភាគីជម្លោះងាកមករកបទឈប់បាញ់ជាបន្ទាន់ ហើយជាពិសេសគឺបញ្ចៀសការវាយប្រហារទៅលើគោលដៅជនស៊ីវិល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋាភិបាលអូស្ត្រាលី នៅតែមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការប៉ះទង្គិចប្រដាប់អាវុធវាងកម្ពុជា និងថៃ ដែលកំពុងបន្តកើតឡើងកាន់តែតានតឹង និងមានលក្ខណៈទ្រង់ទ្រាយធំ តាមរយៈការប្រើអាវុធបំផ្លិចបំផ្លាញធុនធ្ងន់ និងផលប៉ះពាល់ផ្នែកមនុស្សធម៌ដែលកំពុងកើនឡើងចំពោះភាគីទាំងពីរ។

តាមរយៈសេចក្ដីថ្លែងការណ៍នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥​​ រដ្ឋាភិបាលអូស្ត្រាលីអំពាវនាវឱ្យកម្ពុជា និងថៃ ធានាឱ្យបាននូវការការពារសុវត្ថិភាពដល់ជនស៊ីវិល ហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងបេតិកភណ្ឌវប្បធម៌។ ការអំពាវនាវជាថ្មីរបស់អូស្រ្តាលី ធ្វើឡើងក្នុងពេលយោធាថៃកំពុងបន្តធ្វើសកម្មភាពវាយប្រហារចូលទីតាំងប្រជាជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល​ ក្នុងដែនអធិបតេយ្យកម្ពុជា។

បើតាមក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃពុធនេះ ថៃបានចូលកាន់តែជ្រៅលើដែនអាកាសកម្ពុជា ក្នុងភូមិសាស្ត្រស្រុកបាណន់ ខេត្តបាត់ដំបង ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ និងស្រុកស្រីស្នំ ខេត្តសៀមរាប ដោយយោធាថៃបានប្រើយន្តហោះចម្បាំងប្រភេទ T-50 ទម្លាក់គ្រាប់បែកលើភូមិដ្ឋានដែលមានប្រជាជនកំពុងរស់នៅ។ ខណៈនៅភូមិសាស្ត្រកូនត្រី ស្រុកអូរជ្រៅ ជិតផ្លូវជាតិលេខ៥ ខេត្តបន្ទាយមានជ័យ ថៃបានបាញ់ផ្លោងចូល ដែលបណ្តាលឱ្យប្រជាពលរដ្ឋរងរបួសចំនួន២នាក់។

អូស្រ្តាលីបានជំរុញឱ្យភាគីជម្លោះកាត់បន្ថយភាពតានតឹងឱ្យបានឆាប់រហ័ស ដោយបញ្ឈប់ការប្រយុទ្ធគ្នាជាបន្ទាន់ ហើយត្រឡប់មកអនុវត្តសេចក្តីថ្លែងការណ៍រួមទីក្រុងគូឡាឡាំពួឡើងវិញ។ អូស្ត្រាលីក៏លើកទឹកចិត្តឱ្យភាគីទាំងពីរចូលរួមក្នុងការចរចាដោយស្មារតីស្មោះត្រង់ ក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនទូទៅផងដែរ ដើម្បីសម្រេចបាននូវដំណោះស្រាយយូរអង្វែងនិងសន្តិភាព៕

អត្ថបទ៖ ធឿន វ៉ាន់សុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម