ព័ត៌មានជាតិ
ក្រោយបទឈប់បាញ់បន្ទាន់! កម្ពុជា-ថៃ ឯកភាពគ្នាឱ្យពលរដ្ឋនៅតំបន់ព្រំដែនវិលទៅផ្ទះវិញដោយគ្មានការរារាំង
កម្ពុជា-ថៃ បានឯកភាពអនុញ្ញាតឱ្យជនស៊ីវិលរស់នៅតំបន់ព្រំដែនដែលរងផលប៉ះពាល់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញ និងប្រកបជីវភាពរស់នៅប្រចាំថ្ងៃ ក្នុងពេលឆាប់ៗបំផុត។ ការសម្រេចនេះ បន្ទាប់ពីភាគីទាំងពីរបានឯកភាពបទឈប់បាញ់បន្ទាន់មួយដែលនឹងចូលជាធរមាននៅថ្ងៃទី ២៧ខែធ្នូ ឆ្នាំ ២០២៥ ត្រឹមវេលាម៉ោង ១២ ថ្ងៃត្រង់។

ការឯកភាពនេះធ្វើនៅក្នុងកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅ (GBC) នៅច្រកទ្វារព្រំដែន អន្តរជាតិព្រំ (ខេត្តប៉ៃលិន ប្រទេសកម្ពុជា) – បានប៉ាក់កាដ (ខេត្តច័ន្ទបុរី ប្រទេសថៃ) ដែលត្រូវបានដឹកនាំដោយឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា និងជាសហប្រធានគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា និង ឯកឧត្តម នាយឧត្តមសេនីយ៍ Nattaphon Narkphanit រដ្ឋមន្ត្រីក្រសួងការពារជាតិថៃ និងជាសហប្រធានគណៈកម្មាធិការព្រំដែនទូទៅថៃ និងដោយមានការចូលរួមសង្កេតពីក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT)។ នេះបើយោងតាមសេចក្តីប្រកាសរួមកម្ពុជា-ថៃ។
ចំពោះវិធានការកាត់បន្ថយភាពតានតឹង ភាគីទាំងពីរឯកភាពគ្នាលើបទឈប់បាញ់ជាបន្ទាន់ ក្រោយការចុះហត្ថលេខាលើសេចក្តីប្រកាសរួមនេះ គិតចាប់ពីម៉ោង១២:០០ ថ្ងៃត្រង់ (ម៉ោងក្នុងស្រុក) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ពាក់ព័ន្ធនឹងការប្រើប្រាស់អាវុធគ្រប់ប្រភេទ ក្នុងគ្រប់ករណី និងនៅគ្រប់តំបន់ ដោយរាប់បញ្ចូលទាំងការវាយប្រហារលើជនស៊ីវិល គោលដៅនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងកម្មវត្ថុខាងយោធារបស់ភាគីម្ខាងទៀត។ ភាគីទាំងពីរត្រូវជៀសវាងការផ្ទុះអាវុធដោយគ្មានមូលហេតុ ឬធ្វើសកម្មភាពរុលទៅមុខ ឬ ចល័តកម្លាំងទៅលើទីតាំង ឬ កងកម្លាំងរបស់ភាគីម្ខាងទៀត។
ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ភាគីទាំងពីរមិនត្រូវបំពានកិច្ចព្រមព្រៀងនេះជាដាច់ខាត។ ភាគីទាំងពីរឯកភាពអនុញ្ញាតឱ្យជនស៊ីវិលរស់នៅក្នុងតំបន់ព្រំដែនដែលរងផលប៉ះពាល់វិលត្រឡប់ទៅផ្ទះសម្បែង និងប្រកបជីវភាពរស់នៅធម្មតារបស់ពួកគេវិញ ក្នុងពេលឆាប់ៗបំផុត ដោយគ្មានការរារាំង និងដោយមានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ នៅក្នុងតំបន់រៀងៗខ្លួន។

កម្ពុជា និងថៃ ក៏បានឯកភាពគ្នាមិនប្រើប្រាស់កម្លាំងគ្រប់ប្រភេទប្រឆាំងនឹងជនស៊ីវិល និងគោលដៅស៊ីវិលទោះក្នុងកាលៈទេសៈណាក៏ដោយ ព្រោះសកម្មភាពទាំងនេះមិនត្រឹមតែបង្កគ្រោះថ្នាក់ចំពោះសហគមន៍នៅតាមតំបន់ព្រំដែនប៉ុណ្ណោះទេ ថែមទាំងជាការបំពានច្បាប់អន្តរជាតិ និងធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះនៅលើឆាកអន្តរជាតិរបស់ភាគីដែលបានបំពានផងដែរ។
គិតត្រឹមល្ងាចថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ក្នុងជម្លោះព្រំដែនកម្ពុជា-ថៃ បានបណ្តាលឱ្យជនស៊ីវិលកម្ពុជាបាត់បង់ជីវិត៣០នាក់ និងរបួស៩០នាក់ ខណៈដែលមានពលរដ្ឋភៀសសឹក ៦៤៥ ៩១៦នាក់ ក្នុងនោះស្ត្រី ៣៣៧ ០៦៧នាក់ និងកុមា រ២០៥ ៣៨២នាក់៕
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


