Connect with us

ព័ត៌មានជាតិ

កម្ពុជា-ជប៉ុន ត្រៀមហ្វឹកហ្វឺនបណ្តុះបណ្តាលសមត្ថភាពកងទ័ពមុនចេញទៅបំពេញបេសកកម្មរក្សាសន្តិភាពក្រៅប្រទេស

បានផុស

នៅ

កម្ពុជា និងជប៉ុន តាមរយៈមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងក្រុមគ្រូយោធាជប៉ុន បានបើកកិច្ចពិភាក្សាលើការត្រៀមអនុវត្តគម្រោងទ្វេភាគី ស្តីពីការហ្វឹកហ្វឺនបញ្ជាប្រើប្រាស់រថយន្តស្ទូច (Crane) សម្រាប់ឆ្នាំ២០២៥–២០២៦ ដែលមានរយៈពេល ១ខែ ក្នុងគោលបំណងបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពកងទ័ពកម្ពុជាលើជំនាញនេះ មុនពេលចូលរួមបំពេញបេសកកម្មរក្សាសន្តិភាពនៅក្រៅប្រទេស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចពិភាក្សានេះ ត្រូវបានលើកឡើងក្នុងជំនួបរវាង ឧត្តមសេនីយ៍ឯក តន់ សាលី អគ្គនាយករង មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងគណៈប្រតិភូយោធាជប៉ុន ដឹកនាំដោយ វរសេនីយ៍ឯក ហារ៉ា តាកាស៊ី (HARA TAKASHI) អនុព័ន្ធយោធាជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបានចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ស្តីពីការបើកវគ្គគម្រោងទ្វេភាគីកម្ពុជា–ជប៉ុន លើការហ្វឹកហ្វឺនបញ្ជាប្រើប្រាស់រថយន្តស្ទូច (Crane) កាលពីថ្ងៃទី ១៩ ខែមករា ឆ្នាំ ២០២៦។ សម្រាប់វគ្គហ្វឹកហ្វឺននេះ មានសិក្ខាកាមចូលរួមចំនួន ២០នាក់ និងក្រុមគ្រូយោធាជប៉ុនចំនួន ១៥នាក់ ដោយមានរយៈពេល ៤សប្តាហ៍ ចាប់ផ្តើមពីថ្ងៃទី២៧ ខែមករា ដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៦។ វគ្គហ្វឹកហ្វឺននឹងប្រព្រឹត្តទៅនៅវិទ្យាស្ថានហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន កាកសំណល់សង្គ្រាម និងបណ្តុះបណ្តាល (ឧត្តុង្គ)។

គួរជម្រាបថា មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានអនុវត្តកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយភាគីជប៉ុន លើការបណ្តុះបណ្តាល និងបង្កើនសមត្ថភាពធនធានមនុស្ស ក្នុងក្របខ័ណ្ឌវិស័យរក្សាសន្តិភាព។ កិច្ចសហប្រតិបត្តិការនេះ ផ្តោតលើជំនាញបញ្ជាប្រើប្រាស់គ្រឿងចក្រវិស្វកម្មធុនធ្ងន់ (នីវ៉ាឡើ) ទាំងក្នុង និងក្រៅប្រទេស រួមទាំងជំនាញគ្រប់គ្រងការដ្ឋានសំណង់ ជំនាញបច្ចេកទេសវិស្វកម្មសំណង់ផ្ដេក (ការស្ថាបនាផ្លូវបេតុង និងលូ) ជំនាញបច្ចេកទេសវាស់ស្ទង់ ជំនាញបញ្ជាប្រើប្រាស់គ្រឿងចក្រអ៊ិចស្កាវ៉ាទ័រ និងជំនាញប្រើប្រាស់ដ្រូនសម្រាប់ការវាស់ស្ទង់ជាដើម។

លើសពីនេះ ក្រសួងការពារជាតិជប៉ុន បានបន្តបញ្ជូនកងស្វ័យការពារជប៉ុន និងអង្គការ JMAS មកចូលរួមហ្វឹកហ្វឺនដល់សិក្ខាកាមផ្នែកគ្រប់គ្រងសំណង់វិស្វកម្ម ក្នុងក្របខ័ណ្ឌរក្សាសន្តិភាព។ វគ្គរបណ្តុះបណ្តាលរួមមាន មូលដ្ឋានគ្រឹះនៃការគ្រប់គ្រង និងការសាងសង់ មូលដ្ឋានគ្រឹះនៃការស្ថាបនាសំណង់ស៊ីវិល មូលដ្ឋានគ្រឹះនៃគ្រឿងចក្រសំណង់ស៊ីវិល ការងារសាងសង់ផ្លូវ ការស្ថាបនាស្ពានដោយគំនិតច្នៃប្រឌិត ការអនុវត្តជាក់ស្តែង ការរៀបចំផែនការការងារ និងការបង្គាប់បញ្ជា ជាដើម។

ជាលទ្ធផល សិក្ខាកាមទាំងអស់បានយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបានពីការបណ្តុះបណ្តាលជាមួយក្រុមយោធាចារ្យជប៉ុន ទៅអនុវត្តក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅក្រៅប្រទេសប្រកបដោយប្រសិទ្ធភាព និងទទួលបានជោគជ័យ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម