Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខណ្ឌឬស្សីកែវ ចុះណែនាំម្ចាស់សិប្បកម្មកែច្នៃត្រីស្រស់ដែលបង្កផលប៉ះពាល់ដល់សុខភាពសាធារណៈ

បានផុស

នៅ

រដ្ឋបាលខណ្ឌឬស្សីកែវ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦ បានបន្តអនុវត្តតាមការណែនាំរបស់លោក ជិន ប៊ុនធឿន អភិបាលនៃគណៈអភិបាលខណ្ឌ ក្នុងគោលបំណងលើកកម្ពស់អនាម័យបរិស្ថាន ការពារសុខភាពសាធារណៈ និងរក្សាសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក អ៊ុ គឿន អនុប្រធានការិយាល័យសាធារណការ​ខណ្ឌឬស្សីកែវ បានដឹកនាំមន្ត្រីជំនាញ ចូលរួមសហការជាមួយមន្ត្រីមន្ទីរបរិស្ថានរាជធានីភ្នំពេញ ចុះធ្វើការត្រួតពិនិត្យ និងធ្វើកំណត់ហេតុណែនាំដល់ម្ចាស់សិប្បកម្មកែច្នៃត្រីស្រស់មួយកន្លែង ស្ថិតនៅដីឡូតិ៍លេខ ១១៦៨ ផ្លូវបេតុង ភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ។

សិប្បកម្មខាងលើមានម្ចាស់ឈ្មោះ នី វណ្ណារី ដែលត្រូវបានរកឃើញថា បានបង្កផលប៉ះពាល់ដល់បរិស្ថានជុំវិញ ដោយបណ្តាលឱ្យមានក្លិនស្អុយ និងអាចប៉ះពាល់ដល់សុខភាពសាធារណៈរបស់ប្រជាពលរដ្ឋរស់នៅជិតខាង។

បន្ទាប់ពីត្រួតពិនិត្យជាក់ស្តែង ក្រុមការងារបានធ្វើការណែនាំ និងដាក់វិធានការបច្ចេកទេសដល់ម្ចាស់សិប្បកម្ម ដើម្បីឱ្យអនុវត្តកែលម្អបរិស្ថានឱ្យស្របតាមច្បាប់ និងបទដ្ឋានជាធរមាន រួមមាន៖ តម្រូវឱ្យកែប្រែប្រព័ន្ធលូបង្ហូរទឹកសំណល់ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ណែនាំឱ្យលាងសម្អាតបរិវេណធ្វើការកែច្នៃត្រីឱ្យបានស្អាត និងជាប់ជាប្រចាំ។ ហាមដាច់ខាត មិនឱ្យយកកាកសំណល់គ្រប់ប្រភេទទុកចោលនៅខាងក្រៅទីតាំងអាជីវកម្ម។

ជាមួយគ្នានេះដែរ ក្រុមការងារបានកំណត់រយៈពេល ១៥ថ្ងៃឱ្យម្ចាស់សិប្បកម្មអនុវត្តការកែប្រែ និងកែលម្អតាមការណែនាំខាងលើ។ បន្ទាប់ពីផុតកំណត់រយៈពេលនេះ ក្រុមការងារនឹងចុះមកធ្វើការផ្ទៀងផ្ទាត់ឡើងវិញ ដើម្បីវាយតម្លៃលទ្ធផលនៃការអនុវត្ត និងចាត់វិធានការបន្ថែមតាមលទ្ធផលជាក់ស្តែង ប្រសិនបើមានការអនុវត្តមិនបានត្រឹមត្រូវ៕

អត្ថបទ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម