Connect with us

ព័ត៌មានជាតិ

ទីតាំងស្តុកឈើខុសច្បាប់មួយកន្លែងនៅមណ្ឌលគិរី ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះឆ្មក់បង្រ្កាប

បានផុស

នៅ

កម្លាំងសមត្ថកិច្ចចម្រុះខេត្តមណ្ឌលគិរី បានចុះឆ្មក់បង្រ្កាបទីតាំងមួយកន្លែង ដែលសង្ស័យពាក់ព័ន្ធនឹងការជួញដូរ និងស្តុកឈើខុសច្បាប់ ខណៈជនសង្ស័យបានរត់គេចខ្លួនបាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការនេះ ធ្វើឡើងបន្ទាប់ពីមន្ត្រីជំនាញបានធ្វើការតាមប្រមាញ់ និងស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ អំពីសកម្មភាពជួញដូរ និងដឹកជញ្ជូនបទល្មើសព្រៃឈើនៅក្នុងមូលដ្ឋាន។ កម្លាំងសមត្ថកិច្ចចម្រុះ ដឹកនាំដោយខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី និងមានការសម្របសម្រួលពីលោក ស៊ាវ ងីឈន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី បានឡោមព័ទ្ធផ្ទះមួយកន្លែងរបស់ឈ្មោះ ប្រាក់ គា ភេទប្រុស អាយុ ៤១ ឆ្នាំ មានទីលំនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដែលសង្ស័យជាទីតាំងស្តុកឈើ និងដឹកជញ្ជូនឈើដោយខុសច្បាប់ ដោយគ្មានលិខិតអនុញ្ញាត។

ការចុះបង្រ្កាបនេះ បានធ្វើឡើងនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៦ នៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ដោយក្នុងប្រតិបត្តិការបង្រ្កាប សមត្ថកិច្ចបានរកឃើញឈើអាប្រភេទលេខ១ និងលេខ២ (ឈើសុក្រម និងឈើប្រភេទខ្វាវ) សរុបចំនួន ៥៥ ដុំ និងសន្លឹក ដែលមិនទាន់បានវាស់វែង ព្រមទាំងរថយន្តមួយគ្រឿង ប្រភេទ TACOMA ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2BE-9673 ដែលប្រើប្រាស់ជាមធ្យោបាយដឹកជញ្ជូនបទល្មើសព្រៃឈើ។

មន្ត្រីជំនាញបានបញ្ជាក់ថា ការប្រមូលផល និងសន្និធិផលអនុផលព្រៃឈើ ដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ គឺជាអំពើល្មើសតាមច្បាប់ស្តីពីព្រៃឈើ។ ចំណែកជនសង្ស័យឈ្មោះ ប្រាក់ គា ត្រូវបានរាយការណ៍ថា បានបើករថយន្តម៉ាក LEXUS 470 ពណ៌ខ្មៅ រត់គេចខ្លួនបាត់មុនពេលសមត្ថកិច្ចទៅដល់។

បន្ទាប់មក ក្រុមការងារចម្រុះបានសម្រេចធ្វើការដកហូតវត្ថុតាងល្មើសទាំងអស់ នាំយកទៅរក្សាទុកជាបណ្ដោះអាសន្ន នៅស្នាក់ការខណ្ឌរដ្ឋបាលព្រៃឈើមណ្ឌលគិរី ដើម្បីបន្តអនុវត្តនីតិវិធីតាមច្បាប់ស្តីពីព្រៃឈើ៕

អត្ថបទ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម