ព័ត៌មានជាតិ
បទយកការណ៍៖ រៀនដេរបានលុយ និងការងារ ធ្វើឱ្យអតីតពលករចំណាកស្រុកឈប់ចង់ទៅធ្វើការនៅថៃ
សំឡេងម៉ាស៊ីនដេរលាន់រញឹកនៅក្នុងបន្ទប់បណ្ដុះបណ្ដាលរៀនជំនាញដេរនៃរោងចក្រកាត់ដេរ Ventura នៅឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ សិស្សជាង១០នាក់កំពុងផ្ចិតផ្ចង់យ៉ាងយកចិត្តទុកដាក់លើថ្នេរអំបោះនៃគំរូរបស់ខ្លួនមុននឹងបង្ហាញទៅគ្រូបណ្ដុះបណ្ដាល។

ប៉ន ធារ៉ា អាយុ២៣ឆ្នាំ មកពីខេត្តព្រះវិហារ បានឱ្យដឹងថាលោកបានចូលរៀន៥ថ្ងៃហើយ បន្ទាប់ពីបានទទួលព័ត៌មានពីអ្នកស្គាល់គ្នាឱ្យមករៀននិងធ្វើការនៅទីនេះ។ មុនពេលមករោងចក្រ Ventura ធារ៉ា ធ្លាប់ធ្វើជាអ្នកបម្រើការនៅហាងផឹកស៊ីមួយកន្លែងនៅខេត្តកំពត តែដោយលក្ខខន្តការងារត្រូវនៅដល់យប់ជ្រៅអត់ងងុយ និងប្រាក់ខែតិចជាងរោងចក្រនោះលោកក៏សម្រេចចិត្តមកសុំធ្វើការនៅទីនេះវិញ។
ថ្វីត្បិតតែស្រុកកំណើតនៅជាប់ប្រទេសថៃតែសម្រាប់ធារ៉ាថាមិនចង់ទៅធ្វើការនៅថៃទេ។
លោកថា៖ «ខ្ញុំអត់ចំណូលទៅធ្វើការនៅថៃទេបង! ព្រោះអីធ្វើការនៅក្នុងស្រុកយើងក៏អាចរកស៊ីបានដែរបានមិនចាំបាច់ធ្វើការក្រៅស្រុកវាពិបាក។ យើងធ្វើការក្នុងស្រុកយើងនៅក្នុងទឹកដីយើងស្រួលយើងមិនសូវភ័យខ្លាចនៅក្រៅប្រទេសចឹងណា »។

ធារ៉ាកំពុងរៀនស្ថិតក្នុងគម្រោងរៀនដេរបានលុយ និងការងារ ដែលជាគម្រោងមួយលើកទឹកចិត្តដល់អ្នកមិនទាន់បានការងារធ្វើ ជាពិសេសពលករចំណាកស្រុកដែលត្រលប់ពីប្រទេសថៃបានចូលរៀននិងមានការងារនៅតាមរោងចក្រដៃគូររបស់ក្រសួងការងារ។ នៅក្នុងគម្រោងនេះសិក្ខាកាមនឹងទទួលបានការជូនដំណើរ អាហារ បន្ទប់ស្នាក់នៅដោយមិនគិតថ្លៃ និងថ្លៃឈ្នួល៨ដុល្លារក្នុងមួយថ្ងៃផងដែរ។
អតីតពលករខ្មែរដែលត្រលប់ពីប្រទេសថៃដែលបានការងារដោយសារវគ្គបណ្ដុះបណ្ដាលនេះយល់ថាជាការរៀបចំមួយល្អ និងធ្វើឱ្យពួកគាត់បានឃើញនូវស្ថានភាពការងារក្នុងស្រុក ដែលធៀបជាមួយថៃគឺល្អជាង។ អ្វីដែលពួកគាត់ថាល្អនោះគឺការទទួលបានលក្ខខន្តការងារច្បាស់លាស់ មានថ្ងៃឈប់សម្រាកត្រឹមត្រូវ មានបណ្ណប.ស.ស. ជាពិសេសគឺប្រាក់ខែដែលទទួលបានដែលជាមធ្យមបានប្រមាណ៣០០ដុល្លារក្នុងមួយខែដែលអាចទ្រទ្រង់ជីវភាពបាន។
អ្នកស្រី អៀម អេម អតីតពលករខ្មែរនៅប្រទេសថៃ៖ «ក្រសួងរៀបចំបានល្អ! ហើយខ្ញុំអរគុណគាត់ទៀត គាត់បានជួយខ្ញុំឱ្យមក គាត់ជួយជួលបន្ទប់អីឱ្យខ្ញុំស្នាក់នៅ បើសិនជាអត់មានគាត់ខ្ញុំអត់បានមកធ្វើការនៅរោងចក្រនេះទេ។ [..]មកធ្វើនៅទីនេះខ្ញុំសប្បាយចិត្តព្រោះបើកលុយបានច្រើន! បើយើងគិតជាថ្ងៃថៃបានច្រើនជាងហើយវាក៏អស់ច្រើនដូចគ្នា។ នៅថៃយើងត្រូវធ្វើការរាល់ថ្ងៃទើបបាន។ នៅនេះ(កម្ពុជា)យើងបានឈប់ថ្ងៃអាទិត្យ ហើយបានឈប់ថ្ងៃបុណ្យទៀត បើនៅថៃថ្ងៃបុណ្យអត់ឈប់ទេ»។
អតីតពលករខ្មែរនៅប្រទេសថៃម្នាក់ទៀតគឺលោក ម៉ែន កូឡូណែល បានលើកឡើងថា៖ «មកធ្វើបាន១ខែជាងមកដូចជាមានការសប្បាយចិត្តខ្លះដែរ ព្រោះកន្លះខែគាត់បើកលុយម្ដង អ៊ីចឹងយើងក៏ថាហូបគ្រប់គ្រាន់អ៊ីចឹងណា។ យើងអត់ខ្វះបើថាមួយខែបើកម្ដងទៅយើងអាចខើចមុខខើចក្រោយចុងខែអី ដល់កន្លះខែអាចទប់បានអ៊ីចឹងទៅវាម៉ាល្មម រស់ទៅអត់អីទេ! យូរៗទៅទម្លាប់ដូចតែគេហើយ គេនៅរាប់ពាន់នាក់គេនៅបានរឿងអីយើងនៅមិនបាន»។

រហូតមកដល់ពេលនេះវគ្គបណ្ដុះបណ្ដាលរៀនដេរបានលុយ និងការងារ របស់ក្រសួងការងារនេះបានជួយពលករចំណាកស្រុកដែលត្រលប់ពីប្រទេសថៃបានជាងជាង៥០០នាក់ហើយ។
គ្រូបណ្ដុះបណ្ដាលនៅរោងចក្រ Ventura កញ្ញា ឱ ស្រីចាន់ បានឱ្យដឹងថាសិក្ខាកាមមានការយកចិត្តទុកដាក់ រៀនចាប់ឆាប់បានលឿន។ កញ្ញាថាការបណ្ដុះបណ្ដាលនេះមិនត្រឹមតែបណ្ដុះបណ្ដាលលើការងារកាន់ម៉ាស៊ីនទេ តែក៏បង្រៀនពីច្បាប់ និងអត្ថប្រយោជន៍របស់កម្មកររោងចក្រកាត់ដេរផងដែរ ដែលធ្វើឱ្យអតីតពលករមួយចំនួនពេលកំពុងរៀនចង់ចូលធ្វើការឆាប់ ព្រោះពេលធ្វើការទទួលបានអត្ថប្រយោជន៍ការងារខ្ពស់ជាងពេលរៀន។
កញ្ញា ឱ ស្រីចាន់៖ «ដោយសារតែពេលដែលយើងរៀនហើយទៅខាងក្រោម(ចូលធ្វើការ)លឿនពួកគាត់ទទួលបានអត្ថប្រយោជន៍ច្រើន ដោយសារយើងចុះទៅតាម Line វាខុសពីយើងនៅបង្រៀន»។

ប្រធានសហភាពពលកម្មជាតិកម្ពុជាលោក សំ សឿន បានបង្ហាញការយល់ឃើញថាវគ្គបណ្ដុះបណ្ដាលនេះមានសារៈសំខាន់ និងផ្ដល់អត្ថប្រយោជន៍ដល់អតីតពលករខ្មែរនៅប្រទេសថៃ ដោយសារពួកគាត់មិនត្រូវចំណាយអ្វីទាំងអស់ក្នុងពេលរៀនហើយបានកម្រៃមកទ្រទ្រង់ជីវភាពវិញទៀត។
លោកថា៖ «នេះជាឱកាសល្អដែលបងប្អូន(អតីតពលករខ្មែរនៅថៃ)មិនគួរមើលរំលង ហើយបែរជាបោះបង់ទៅស្រមើស្រមៃទៅធ្វើការនៅប្រទេសថៃវិញដែលជាប្រទេសធ្លាប់មានការរើសអើងពលករខ្មែរដែលធ្លាប់ទៅធ្វើការនៅទៅនោះ ហើយក៏ជាប្រទេសដែលធ្លាប់និងកំពុងឈ្លានពានដីកម្ពុជាផងដែរ»។
វគ្គបណ្ដុះបណ្ដាលនេះចាប់ផ្ដើមកាលពីខែធ្នូ ឆ្នាំ២០២៥កន្លងទៅ និងបញ្ចប់ទៅនៅខែមីនាខាងមុខ។
អ្នកនាំពាក្យក្រសួងការងារលោក ស៊ុន មេសា បានអំពាវនាវដល់អតីតពលករខ្មែរនៅប្រទេសថៃដែលមិនទាន់មានការងារធ្វើនៅកម្ពុជាសូមទំនាក់ទំនងមកក្រសួងការងារដើម្បីឱ្យក្រុមការងារក្រសួងរៀបចំជូនតាំងពីការរៀបចំឯកសារ ការជូនដំណើរ ការរៀបចំកន្លែងស្នាក់នៅ និងការងារជូន។
លោកបន្ថែមថា៖ «យើងនៅតែអំពាវនាវដល់បងប្អូនអតីតពលករ ពលការិនី ដែលបានឮហើយបានដឹងហើយថាគម្រោងរបស់យើងផ្ដល់ទាំងថវិកា ដើម្បីកុំឱ្យបងប្អូនបារម្ភ។ អត់ជំនាញកុំបារម្ភ អត់ថវិកាក្នុងការធ្វើការងារក៏កុំបារម្ភដែរ។ យើងផ្ដល់មួយកំផ្លេផ្ទាល់តែម្ដងជូនបងប្អូន អ៊ីចឹងបើបានឮហើយតាមរយៈកម្ពុជាថ្មី តាមរយៈបណ្ដាញសារព័ត៌មានផ្សេងៗទៀតសូមចុះឈ្មោះចូលរៀនដើម្បីទទួលបានទាំងថវិកា ទាំងការបណ្ដុះបណ្ដាលឱ្យគម្រោងរបស់យើងលើកទីមួយនេះទទួលបានជោគជ័យ ហើយអ្វីដែលយើងចង់បានគឺបងប្អូនចូលរួមឱ្យកាន់តែច្រើន»។

លោក ស៊ុន មេសា ក៏អំពាវនាវដល់បណ្ដាញសារព័ត៌មាន អង្គការសង្គមស៊ីវិល អ្នកពាក់ព័ន្ធទាំងអស់ជួយដល់អតីតពលករនៅថៃបានចុះឈ្មោះចូលរៀនក្នុងវគ្គបណ្ដុះបណ្ដាលនេះដើម្បីទទួលបាននូវប្រយោជន៍ដូចអ្នកដែលបានការងារនៅទីនេះ។ លោកហ៊ានធានាថាក្រោយបញ្ចប់ការបណ្ដុះបណ្ដាលដេរនេះគឺសិក្ខាកាមនឹងទទួលបានការងារ១០០%។
លោកថា៖ «ក្រសួងការងារហ៊ានធានាថាកុំឱ្យតែបងប្អូនបោះបង់ក្នុងអំឡុងពេលដែលបងប្អូនបណ្ដុះបណ្ដាល។ បណ្ដុះបណ្ដាលចប់៧ថ្ងៃ ចូលដល់ថ្ងៃទី៨បងប្អូននឹងក្លាយជាបុគ្គលិករោងចក្រសហគ្រាសថែមទៀតផង។ ដែលយើងអាចនិយាយយ៉ាងមោទនភាពថារោងចក្រសហគ្រាសជាច្រើន បូកជាមួយនឹងការបន្ថែមម៉ោងរយៈពេល២ម៉ោងក្នុងមួយថ្ងៃហើយបូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងទៀតដែលលើសច្បាប់ផងបងប្អូនអាចទទួលបានក្នុងរង្វង់៣០០ដុល្លារដែរ វាប្រហាក់ប្រហែលនឹងអ្វីដែលបងប្អូនបាននៅក្នុងប្រទេសថៃ»៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


